លោក​ត្រាំ​បន្ត​បញ្ជាឲ្យ​ផ្តាច់​ជំនួយដែល​គាំទ្រ​ប្រជាជន​ប៉ាឡេ​ស្ទីន​

09-09-2018 10:40 am 781

​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​បាន​បញ្ជា​ឲ្យ​ផ្តាច់​ជំនួយ​២៥​លាន​ដុល្លារ ពី​មន្ទីរពេទ្យ​ស្ថិតនៅ ក្រុង​យេ​រុយ​សា​ឡឹម​ភាគ​ខាងកើត ដែល​ប្រើប្រាស់​សម្រាប់​ការថែរក្សា​សុខភាព​ប្រជាជន​ប៉ាឡេ​ស្ទីន​។ នេះ​បើ​យោងតាម​មន្ត្រី​ក្រសួងការបរទេស បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​។ ក្រសួងការបរទេស​អា​មេរិក បញ្ជាក់ថា ជំនួយ​នេះ​នឹងត្រូវ​បង្វែរ​ទៅ​ជួយ​ក្នុង​ផ្នែក​អទិភាព​ផ្សេងទៀត​វិញ​។​

​គួរ​កត់សំគាល់ថា ក្នុងពេល​ថ្មីៗ​នេះ លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​ដក​ជំនួយ​គាំទ្រ​ដល់​ប្រជាជន​ប៉ាឡេ​ស្ទីន​ជា​បន្តបន្ទាប់​។ កាលពី​ដើមខែ​នេះ លោក​ត្រាំ បាន​បញ្ជា​ឲ្យ​លុបចោល​ជំនួយ​មនុស្សធម៌ សម្រាប់​ប្រជាជន​ប៉ាឡេ​ស្ទីន ដែល​ប្រើប្រាស់​នៅ​តំបន់ West Bank និង Gaza ចំនួន​២០០​លាន​ដុល្លារ​។ ចំណែក​កាលពី​ថ្ងៃទី​៣១​ខែ​សីហា លោក​ត្រាំ​ក៏បាន​ប្រកាស​ឈប់​ផ្តល់ជំនួយ ចំនួន​៣០០​លាន​ដុល្លារ ឲ្យ​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន​ប៉ាឡេ​ស្ទីន ( UNRWA)​ផងដែរ​។​

​លោក​ត្រាំ ចាប់ផ្តើម​នៅ​ឃ្លាតឆ្ងាយ​ពី​ប៉ាឡេ​ស្ទីន ចាប់តាំងពី​ថ្នាក់ដឹកនាំ​ប៉ាឡេ​ស្ទីន លែង​ស្វាគមន៍​លោក ឲ្យធ្វើជា​អាជ្ញាកណ្តាល ដោះស្រាយ​ជម្លោះ​រវាង​ប៉ាឡេ​ស្ទី​ននិង​អ៊ីស្រាអែល​។ សម្រាប់​ប៉ាឡេ​ស្ទីន លោក​ត្រាំ​មិនអាច​ធ្វើជា​អាជ្ញាកណ្តាល​នៅក្នុង​ជម្លោះ​នេះ​បាន​ទៀត​ទេ​។ លោក​ត្រាំ​បាន​ឈរ​នៅ​ខាង​អ៊ីស្រាអែល​រួចទៅហើយ ដោយបាន​គាំទ្រ​អ៊ីស្រាអែល​ក្នុង​ការផ្លាស់ប្តូរ​ស្ថានទូត មកកាន់​ទីក្រុង​យេ​រុយ​សា​ឡឹម ដោយ​ឯកតោភាគី ខណៈ​ជម្លោះ​មិនទាន់​ដោះស្រាយបាន​នៅឡើយ​៕

 

ព័ត៌មានផ្សេងទៀត