ស្បែកជើងមន្រ្តីរបបប៉ុលពត បន្តទីផ្សារដល់បច្ចុប្បន្នដោយបុរសវ័យជិត៩០ឆ្នាំម្នាក់

08-09-2018 8:13 am 3119
  ស្តាប់
លោក សំរិទ្ធ អ៊ុន ដឹកស្បែកជើងកង់ឡានរបស់លោក មកឱ្យព្រះសង្ឃក្នុងវត្តទឹកថ្លា តាមការកុម្ម៉ង់​របស់ព្រះសង្ឃ កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ។ រូបថតដោយ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

ស្បែកជើងកង់ឡាន ត្រូវបានពលរដ្ឋខ្មែរដែលធ្លាប់ឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យ ស្គាល់ថា ជាស្បែកជើងរបស់មេដឹកនាំរបបខ្មែរក្រហមធ្លាប់ប្រើប្រាស់នាសម័យនោះ ។ ក៏ប៉ុន្តែ ស្បែកជើងប្រភេទនេះ ត្រូវបានចាប់ផ្តើម និងបន្តទីផ្សាររហូតដល់បច្ចុប្បន្ន ដោយបុរសវ័យជិត៩០ឆ្នាំម្នាក់ ជិះកង់ចែកចាយដាក់ឱ្យម៉ូយ និងលក់ នៅតាមជាយទីក្រុង និងនៅក្នុងក្រុងភ្នំពញ ដោយធ្វើដំណើរចេញពីខេត្តតាកែវជាទីតាំងផលិត ។ បុរសជាអ្នកកែច្នៃ និងលក់ស្បែកជើងកង់ឡានរូបនេះអះអាងថា ស្បែកជើងដែលគាត់ផលិត គឺមានភាព ជាប់ ធន់ ងាយស្រួលពាក់ មានជាច្រើនម៉ូដ និងមានតម្លៃសមរម្យ ។ ដោយក្តីអាណិតស្រឡាញ់ និងដឹងពីគុណភាពស្បែកជើង បច្ចុប្បន្ន ស្បែកជើងកង់ឡានរបស់លោក ត្រូវបាននិយមប្រើប្រាស់ពីសំណាក់ព្រះសង្ឃច្រើនជាងគេ...

នៅពេលដែលគេនិយាយអំពីស្បែកជើងកង់ឡាន នោះ ប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យ នឹងនឹកគិតភ្លាមទៅដល់ប្រភេទស្បែកជើង ដែលត្រូវបានក្រុមកម្មាភិបាលខ្មែរក្រហម ប្រើប្រាស់នៅក្នុងជំនាន់នោះ ។ 

បើតាមការលើកឡើងរបស់លោក សំរិទ្ធ អ៊ុន អ្នកផលិត និងលក់ស្បែកជើងកង់ឡានប្រាប់ថា ស្បែកជើងកង់ឡានដើមឡើយជារបស់ទាហានវៀតណាម ក្រោយមក នៅជំនាន់ប៉ុលពត ក្រុមមន្រ្តីកម្មាភិបាលខ្មែរក្រហម ក៏ចាប់ផ្តើមប្រើប្រាស់ស្បែកជើងប្រភេទនេះតទៅ ។

យ៉ាងណាក៏ដោយ សព្វថ្ងៃ ស្បែកជើងកង់ឡាន កំពុងចរាចរទីផ្សារនៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ដែលផលិតឡើងដោយបុរសវ័យ៨៥ឆ្នាំខាងលើ ។ 

បុរសដែលមានស្បែកមុខជ្រីវជ្រួញរូបនេះប្រាប់ថា ស្បែកជើងដែលគាត់បានផលិត គឺទទួលបានការគាំទ្រច្រើនកាលពីចាប់ផ្តើមដំបូង តែបច្ចុប្បន្ន ហាក់មិនសូវទទួលបានកុម្ម៉ង់ទិញច្រើនដូចកាលពីចាប់ផ្តើមឡើយ ។

យ៉ាងណាក៏ដោយ លោកអះអាងថា ទីផ្សារស្បែកជើងកង់ឡានរបស់លោក នៅតែបន្តមានរហូតមកដល់បច្ចុប្បន្ន មិនដាច់ ព្រោះដោយសារវាមានប្រយោជន៍ច្រើនសម្រាប់អ្នកប្រើបា្រស់…
សំឡេងលោក សំរិទ្ធ អ៊ុន ៖ 

លោក សំរិទ្ធ អ៊ុន អះអាងថា ស្បែកជើងកង់ឡានរបស់លោកមានភាពធន់ ជាប់ ប្រើបានយូរ មិនបារម្ភរឿងដើរជាន់បន្លា ឬដែកគោលឡើយ ចៀសតែម្យ៉ាងគត់ គឺកុំឱ្យតែយកវាទៅដុតភ្លើងប៉ុណ្ណោះ ។

បុរសវ័យចំណាស់រូបនេះ អះអាងបន្តថា អ្នកផលិតស្បែកជើងជំនាន់លោក ខ្លះបានឈប់ប្រកបរបរមួយនេះដោយសារតែលក់មិនសូវចំណេញ ចំណែកឯវត្ថុធាតុដើមក៏ឡើងថ្លៃទៅទៀត ។ លោកបញ្ជាក់ថា ស្បែកជើងកង់ឡានដែលលោកផលិត គឺជ្រើសយកតែសំបកកង់ឡានរបស់ថៃ និងជប៉ុនប៉ុណ្ណោះ…
សំឡេងលោក សំរិទ្ធ អ៊ុន ៖ 

លោករៀបរាប់ថា ស្បែកជើងកង់ឡាន ត្រូវបានភ្ញៀវកុម្ម៉ង់ទិញទៅតាមម៉ូដ ទំហំ និងតាមការចង់បានរបស់ភ្ញៀវ រាប់បញ្ចូលទាំងម៉ូដស្បែកជើង ដែលមន្រ្តីសម័យប៉ុលពតធ្លាប់ប្រើប្រាស់ដែរ ។ បុរសវ័យ៨៥ឆ្នាំរូបនេះរៀបរាប់ប្រាប់ថា ស្បែកជើងកង់ឡានរបស់លោកដែលផលិតចេញ មានចំនួនជាច្រើនម៉ូដ តែម៉ូដដែលគេនិយមច្រើនជាងគេ គឺម៉ូដស៊ក និងម៉ូដខ្សែខ្វែងខ្នងជើង ដែលជាម៉ូដរបស់មន្រ្តីខ្មែរក្រហមធ្លាប់និយមប្រើប្រាស់នោះហើយ…
សំឡេងលោក សំរិទ្ធ អ៊ុន ៖

រាល់ពេលមានការកុម្ម៉ង់ទិញពីភ្ញៀវ លោកតែងតែដឹកស្បែកជើងពីខេត្តតាកែវ ជាទីតាំងផលិត តាមរថយន្តមកទីក្រុងភ្នំពេញ ហើយបន្តជិះកង់ ដែលជាយានជំនិះតែមួយគត់របស់គាត់ដើម្បីដឹកជញ្ជូន ចែកចាយទៅទីកន្លែងតាមការណាត់របស់ភ្ញៀវ ។ ចំណែកឯកង់នោះ គឺត្រូវបានរក្សាទុកនៅផ្ទះរបស់កូនគាត់ នៅម្តុំវត្តអង្គតាម៉ិញ ។

បើនិយាយអំពីអតិថិជនរបស់គាត់វិញ គឺមានស្ទើរតែគ្រប់ទីកន្លែង តែអ្វីដែលជាកត់សម្គាល់នោះ ព្រះសង្ឃ គឺជាអតិថិជន ដែលនិយមប្រើប្រាស់ស្បែកជើងកង់ឡានរបស់គាត់ច្រើន ក៏ព្រោះដោយសារ ស្បែកជើងកង់ឡាន ងាយស្រួលពាក់ ជាប់ ធន់ ប្រើបានយូរ…
សំឡេងលោក សំរិទ្ធ អ៊ុន ៖ 

លោក សំរិទ្ធ អ៊ុន បានចាប់ផ្តើមរបរជាអ្នកផលិត និងលក់ស្បែកជើងកង់ឡាន នៅក្នុងអំឡុងឆ្នាំ១៩៩០ ពោលគឺ បើគិតមកដល់បច្ចុប្បន្ន មានអាយុកាលជាង២០ឆ្នាំហើយ ។ ដើមឡើយ គាត់បានចាប់ផលិតនៅក្នុងស្រុកមោង ខេត្តបាត់ដំបង ប៉ុន្មានឆ្នាំក្រោយមក លោកក៏សម្រេចចិត្ត ងាកមករស់នៅក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយនៅតែបន្តមុខរបរជាអ្នកផលិតស្បែកជើងកង់ឡានរហូតមកដល់បច្ចុប្បន្ន ។

វត្ថុធាតុដើម ជាសំបកកង់ឡានចាស់ៗ លោកច្រើនតែរកប្រមូលទិញនៅតាមព្រំដែនកម្ពុជា-ថៃ ដោយសារនៅក្រុងភ្នំពេញមិនសូវសំបូរ ។ ក្នុងមួយថ្ងៃ លោកអាចផលិតស្បែកជើង ចាប់ពី ៣០ - ៥០ គូ បើសិនជាមានសំបកកង់ឡានគ្រប់គ្រាន់ ។ យ៉ាងណាក៏ដោយ សព្វថ្ងៃ លោកសំរិទ្ធ អ៊ុន ឈប់ផលិតខ្លួនឯងហើយ ដោយទុកភារៈជាអ្នកផលិត ទៅឱ្យប្អូនរបស់លោកចំនួន២នាក់ រីឯលោកជាអ្នកដឹក ចែកចាយឱ្យម៉ូយនៅភ្នំពេញ ។

បើតាមការរៀបរាប់របស់អ្នកផលិតស្បែកជើងកង់ឡានរូបនេះប្រាប់ថា ភាគច្រើន លោកយកទីតាំងវត្តអារាម ជាទីចំណតរបស់លោក ដោយសារទីធ្លាទាំងនោះ ងាយស្រួលក្នុងការជួបជុំ និងងាយរក ។ លោកបានរៀបរាប់ត្រួសៗនូវវត្តមួយចំនួនដែលលោកធ្លាប់ទៅដល់រួមមាន វត្តទឹកថ្លា វត្តពោធិ៍ចិនតុង វត្តអង្គតាម៉ិញ វត្តសន្សំកុសល វត្តដំបូកខ្ពស់ វត្តក្រពើហា វត្តស្ទឹងមានជ័យ វត្តសារាវន្ត វត្តឧណ្ណាលោម វត្តជម្ពូរវ័ន្ត វត្តព្រែកលាប វត្តក្តីចាស់ និងវត្តវិហារសួគ៌ ជាដើម ដោយធ្វើដំណើរតាមរយៈកង់មួយគ្រឿង ជាការផ្តល់ឱ្យពីសំណាក់អតិថិជនរបស់លោកម្នាក់ ។

បុរសវ័យ៨៥ឆ្នាំរូបនេះ រៀបរាប់ដោយសំឡេងហាក់លាយឡំនឹងក្តីអស់សង្ឃឹមថា ខ្លួនចាស់ហើយមិនដឹងរកអីក្រៅពីរបរនេះទេ ហើយលោកចាត់ទុកការជិះកង់លក់ស្បែកជើងមួយថ្ងៃៗរាប់គីឡូនេះ គឺជាការហាត់ប្រាណមួយសម្រាប់លោកក្នុងនាមជាមនុស្សចាស់មួយរូប…
សំឡេងលោក សំរិទ្ធ អ៊ុន ៖ 

ព័ត៌មានផ្សេងទៀត