ក្រុមហ៊ុនផលិតរថយន្ដតូយ៉ូតាបានប្រកាសកាលពីថ្ងៃពុធថា ក្រុមហ៊ុននឹងប្រមូលរថយន្ដប្រមាណជាង១លានគ្រឿងត្រឡប់មកក្រុមហ៊ុនវិញ ក្នុងនោះមានប្រភេទរថយន្ដPriusហាយប្រីដផងដែរ ដោយសារតែមានបញ្ហាប្រព័ន្ធភ្លើងអាចបណ្ដាលឲ្យរថយន្ដឆេះក្នុងលក្ខខណ្ឌណាមួយ។ រថយន្ដដែលត្រូវប្រមូលមកវិញមាននៅក្នុងប្រទេសជប៉ុន អាមេរិកខាងជើង អឺរ៉ុប និងតំបន់ផ្សេងៗទៀតជាច្រើន។
បញ្ហាប្រព័ន្ធភ្លើងនេះកើតមានលើរថយន្ដ ផលិតចន្លោះពីពាក់កណ្ដាលឆ្នាំ២០១៥ដល់ខែឧសភាឆ្នាំ២០១៨ ដែលមានទាំងរថយន្ដPrius រថយន្ដC-HRប្រភេទSUVផងដែរ ដែលលក់នៅក្នុងប្រទេសជប៉ុន នៅអឺរ៉ុប អូស្ដ្រាលី និងប្រទេសដទៃទៀត។
អ្នកនាំពាក្យក្រុមហ៊ុនតូយ៉ូតាលោកJean-Yves Jaultនិយាយថា រថយន្ដត្រូវប្រមូលមកវិញមានប្រមាណពាក់កណ្ដាលនៅក្នុងប្រទេសជប៉ុន។ ដោយឡែករថយន្ដPriusដែលត្រូវប្រមូលមកវិញនៅអាមេរិក មានប្រមាណ១៩២,០០០គ្រឿង នៅសិង្ហបុរីមានចំនួន៤,១១៥គ្រឿង។ ប៉ុន្ដែក្រុមហ៊ុនចែកចាយនឹងប្រកាសឲ្យអតិថិជន យករថយន្ដមកត្រួតពិនិត្យដោយមិនគិតប្រាក់ឡើយ ដើម្បីធានាពីសុវត្ថិភាពក្នុងការប្រើប្រាស់៕