គណៈរដ្ឋមន្ត្រីថ្មី អាណត្តិទី៦ ដែលគេរង់ចាំអស់ជាច្រើនថ្ងៃ ត្រូវបានរដ្ឋសភាជាតិអនុម័តជាផ្លូវការ នៅថ្ងៃទី០៦ កញ្ញានេះ។ ជាគណៈរដ្ឋមន្ត្រីដែលរក្សាទុករដ្ឋមន្ត្រីចាស់ ដោយមិនមានការផ្លាស់ប្តូរ ឬផ្ទេរទៅកាន់ក្រសួងផ្សេងៗ។ ប៉ុន្តែចំនួនឧបនាយករដ្ឋមន្ត្រី និង ទេសរដ្ឋមន្ត្រី ត្រូវបានកែសម្រួល និង បង្កើនចំនួនបន្ថែម។គណៈរដ្ឋមន្ត្រីថ្មីដែលរក្សាទុកនៅរដ្ឋមន្ត្រីចាស់ដដែលនេះ គេមើលឃើញថា អាចជាយុទ្ធសាស្ត្រនៃការដឹកនាំរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីទប់ទល់ការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅ និង លទ្ធផលការងារមន្ត្រីក្នុងជួររដ្ឋាភិបាលរបស់លោក។
សមាភាពគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល អាណត្តិទី៦ ត្រូវបានផ្សព្វផ្សាយជាផ្លូវការហើយ នៅថ្ងៃទី០៦ ខែកញ្ញានេះ បន្ទាប់ពីទទួលបានការអនុម័តពីរដ្ឋសភាជាតិ។ បញ្ជីឈ្មោះរដ្ឋមន្ត្រីអាណត្តិថ្មីចំនួន២៩រូប មិនត្រូវបានផ្លាស់ប្តូរនោះទេ។ ប៉ុន្តែចំនួនឧបនាយករដ្ឋមន្ត្រី និង ទេសរដ្ឋមន្ត្រី ត្រូវបានកែសម្រួល និង បង្កើនចំនួនបន្ថែម។
ឧបនាយករដ្ឋមន្ត្រីថ្មី ក្នុងអាណត្តិទី៦នេះ បានកើនឡើង១រូប និងទេសរដ្ឋមន្ត្រីកើនឡើងចំនួន២រូប។តំណែងឧបនាយករដ្ឋមន្ត្រី ត្រូវបានបំពេញបន្ថែមដោយឥស្សរជនថ្មី៣រូប គឺលោក ប្រាក់ សុខុន លោក អូន ព័ន្ធមុនីរ័ត្ន និង លោក ជា សុផារ៉ា ដែលធ្វើឱ្យចំនួនឧបនាយករដ្ឋមន្ត្រីកើនឡើងពី៩នាក់នៅអាណត្តិទី៥ ដល់១០នាក់នៅអាណត្តិទី៦នេះ។
ចំណែកឯទេសរដ្ឋមន្ត្រីវិញ ក៏ត្រូវបានបង្កើនពី១៥រូបនៅអាណត្តិទី៥ ដល់១៧រូប នៅក្នុងអាណត្តិទី៦។ក្នុងនោះលោក អ៊ឹម ឈុនលឹម លោកច័ន្ទ សារុន និង លោក សេរី កុសល ដែលធ្លាប់ជាទេសរដ្ឋមន្ត្រីអាណត្តិទី៥ ត្រូវបានផ្លាស់ប្តូរ និង ជំនួសមកវិញ ដោយទេសរដ្ឋមន្ត្រីថ្មី៤រូបរួមមាន លោក ប៉ុល សារឿន លោក គន់ គីម លោក មាស សុភា និងលោក អូស្មាន ហាស្សាន់។ហើយលោក ប៊ិន ឈិន គឺជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីពេញសិទ្ធិ។
ការរក្សាទុករដ្ឋមន្ត្រីចាស់រដ្ឋាភិបាល អះអាងថា ជាការឆ្លុះបញ្ជាំងចំពោះការផ្តល់ទំនុកចិត្តពីសំណាក់ពលរដ្ឋដែលបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ជាពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន ក្រោយរដ្ឋសភាផ្តល់សេចក្តីទុកចិត្តដឹកនាំរដ្ឋាភិបាល អាណត្តិទី៦ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើជាតិ និង ប្រជាជន ឆ្ពោះទៅកាន់ស្ថានភាពល្អប្រសើរ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី របស់លោក នឹង បន្តប្រឹងប្រែងដ៏មុតស្រួចក្នុងការអភិវឌ្ឍជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត សម្រាប់ថ្ងៃអនាគត។
ជាការពិត ការរក្សានូវរដ្ឋមន្ត្រីចាស់ និង មិនផ្លាស់ប្តូរថ្មី ទំនងជាលោកនាយករដ្ឋមន្ត្រីយល់ថា រដ្ឋមន្ត្រីទាំងនោះ នៅប្រើប្រាស់បាន ហើយមិនសូវបង្កឱ្យប៉ះពាល់ដល់ការដឹកនាំរបស់លោក។ ឥស្សរៈជន ដែលបន្តកាន់ដំណែងនៅ អាណត្តិថ្មីនេះ អាចជាដែនអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឆ្លើយតបនឹងការចង់បានរបស់មហាជនទូទៅ។
ហេតុផលមួយទៀត រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កាលពីពាក់កណ្តាល អាណត្តិទី៥ ធ្លាប់បានធ្វើការរុះរើគណៈរដ្ឋមន្ត្រីម្តងរួចទៅហើយ ហើយរដ្ឋមន្ត្រីវ័យក្មេងមួយចំនួន បានបង្ហាញសមត្ថភាពការងាររបស់ខ្លួនបានយ៉ាងល្អ រហូតដល់មានការកោតសរសើរជាសាធារណៈ តួយ៉ាងដូចជា រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់, រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន, និង រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ជាដើម។
តែយ៉ាងណា សមាសភាពគណៈរដ្ឋមន្ត្រី អាចនឹងធ្វើការរុះរើ តាមការជាក់ស្តែង ឬនៅពាក់កណ្តាល អាណត្តិទី៦ ប្រសិនបើរដ្ឋមន្ត្រីនីមួយៗបំពេញការងារមិនស្របតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ។ ចំណែករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ ដែលមិនមែនជាសមាជិករាជរដ្ឋាភិបាលទេ។
គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីកម្ពុជា នៅពាក់កណ្តាលអាណត្តិទី៥ ត្រូវបានរុះរើម្តងរួចមកហើយ។កាលណោះ រដ្ឋមន្ត្រី២រូប និង ឧបនាយករដ្ឋមន្ត្រី១រូប ត្រូវបានបញ្ចប់មុខតំណែង។ជាមួយគ្នានោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យមានការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ស្តីចំនួន៥មាត្រារួមមាន មាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និង មាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ។
មាត្រា១១៨ថ្មី (មួយ) កថាខណ្ឌទី២ រដ្ឋាភិបាលរបស់លោកហ៊ុន សែន បានលុបពាក្យរដ្ឋលេខាធិការចេញពីមាត្រាចាស់ ហើយសរសេរថា គណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយ នាយករដ្ឋមន្ត្រី១រូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាសមាជិក។
ក្រោយមកទៀត រដ្ឋាភិបាលបានរៀបចំច្បាប់ ច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦។មាត្រា៥៣នៃច្បាប់នេះ ក៏ចែងដែរថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ មិនមែនជាសមាជិករាជរដ្ឋាភិបាលទេ ហើយក៏មិនមែនជាភ្នាក់ងាររដ្ឋបាលអចិន្ត្រៃយ៍ដែរ។
ការតែងតាំង ផ្លាស់ប្តូរ និង បញ្ចប់មុខតំណែងរដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិកានៅទីស្តីការគណៈរដ្ឋមន្ត្រី និង នៅតាមក្រសួង ស្ថាប័ននានា ត្រូវធ្វើឡើងតាមរយៈព្រះរាជក្រឹត្យ បន្ទាប់មានពីមានសំណើរបស់នាយករដ្ឋមន្ត្រី។
តាមរយៈច្បាប់ខាងលើសមាសភាពសមាជិករដ្ឋាភិបាល នៃនីតិកាលរដ្ឋសភាទី៦ មានទំហំតូចជាងមុន ដោយសារតែចំនួនរដ្ឋលេខាធិការដ៏ច្រើនសន្ធឹកសន្ធាប់នៅតាមក្រសួងនីមួយៗ នឹងលែងជាសមាជិករដ្ឋាភិបាល។ ក្រសួងនីមួយៗ ច្បាប់តម្រូវឱ្យមានរដ្ឋលេខាធិការប្រចាំការមួយរូប ដែលចាត់តាំងដោយនាយករដ្ឋមន្ត្រី។
ជារួម បើពិនិត្យឱ្យស៊ីជម្រៅ អំណាចកំពុងឋិតក្នុងកណ្តាប់ដៃដែករបស់លោកនាយករដ្ឋមន្ត្រីទាំងមូល។ ការរៀបចំសមាភាពគណៈរដ្ឋមន្ត្រីពេលនេះ ក៏អាចជាការឆ្លើយតបទៅនឹងការរិះគន់ពីក្រុមប្រឆាំង និង អ្នកវិភាគមួយចំនួននាពេលកន្លងមកដែលថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ជារដ្ឋាភិបាលក្បាលធំជាងខ្លួន។ម្យ៉ាងវិញទៀតក៏ជាការកំណែទម្រង់បន្ថែម លើកសកម្មភាពការងាររបស់មន្ត្រីក្នុងជួររាជរដ្ឋាភិបាលផងដែរ។ តែយ៉ាងណា ការងារនេះត្រូវការតាំងចិត្តខ្ពស់ពីលោកនាយករដ្ឋមន្ត្រី ទើបអាចជោគជ័យសម្រាប់ថ្ងៃអនាគត បើមិនដូច្នោះទេ វាអាចនឹងបរាជ័យជាក់ជាពុំខាន៕