ហេតុអ្វី​​ចិន​-​ជប៉ុន​​ខ្នះខ្នែង​​ស្ដារ​​ទំនាក់ទំនង​​ឡើងវិញ​​នៅពេលនេះ​?

04-09-2018 6:09 pm 723
នាយករដ្ឋមន្ដ្រីជប៉ុន(ឆ្វេង)​និងប្រធានាធិបតីចិន

​មួយ​រយៈពេល​ថ្មីៗ​នេះ ចិន​និង​ជប៉ុន​បាន​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ​។ បើ​គិតពី​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​បាន​ក្លាយជា​រឿង​ប្រវត្ដិសាស្ដ្រ​ទៅហើយ គឺមាន​ជម្លោះ​ដណ្ដើម​ទឹកដី ការចាប់​ស្ដ្រីជន​ជាតិចិន​ធ្វើជា​ទាសករ​ផ្លូវភេទ​សម្រាប់​កងទ័ព​ជប៉ុន រួម​នឹង​ជម្លោះ​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាងកើត ដែល​មិនទាន់​រក​ដំណោះស្រាយ​ឃើញ​នៅឡើយ​។ តែ​យ៉ាងណាមិញ​ចិន​-​ជប៉ុន​ហាក់​ចង់បាន​ភាព​ត្រូវរ៉ូវ​គ្នា​វិញ​ក្នុង​ចេតនា​ធំៗ​មួយចំនួន​។ តើ​ចេតនា​នៃ​ការ​រឹតចំណង​មិត្ដ​ភាពឡើ​ង​វិញ​របស់​ប្រទេស​ទាំងពីរ​មាន​អ្វីខ្លះ​?

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​ចិន​និង​ជប៉ុន​មាន​ប្រវត្ដិ​ជូរចត់​នឹង​គ្នា​ច្រើនណាស់ ជា​ភាពជូរចត់​ក្នុង​ប្រវត្ដិសាស្ដ្រ  រាប់ទាំង​សង្គ្រាម​ឈ្លានពាន​ទឹកដី ការចាប់​ស្ដ្រីជន​ជាតិចិន​ធ្វើជា​ទាសករ​ផ្លូវភេទ​របស់​កងទ័ព​ជប៉ុន និង​មាន​ជម្លោះ​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាងកើត​។ ជម្លោះ​ក្នុង​ប្រវត្ដិសាស្ដ្រ​បានបញ្ចប់ ប៉ុន្ដែ​ជា​ញយ​ដក​ឲ្យតែ​នឹក​ដល់​រឿង​ឈឺចាប់​ដែល​ជប៉ុន​បានធ្វើ​កន្លងមក ប្រជាជន​ចិន​មិនដែល​សប្បាយចិត្ដ​ឡើយ​។ ជាក់ស្ដែង​នៅពេល​មេដឹកនាំ​ឬ​មន្ដ្រីជាន់ខ្ពស់​ជប៉ុន ទៅ​គោរព​វិញ្ញាណក្ខន្ធ​បុព្វបុរស​ជប៉ុន​នៅ​វិហារ​យ៉ា​ស៊ូ​គូ​នី ប្រជាជន​ចិន​តែងតែ​បញ្ចេញ​ប្រតិកម្ម​។ វីរបុរស​របស់​ជប៉ុន​ទាំងអស់នោះ​ចិន​ចាត់ទុកជា​ឧក្រិដ្ឋជន​សង្គ្រាម បានសម្លាប់​ប្រជាជន​ចិន​រាប់សិប​នាក់​។ 

​ដោយឡែក​និយាយ​ពី​ជម្លោះ​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាងកើត ដ្បិត​ស្ងប់ស្ងាត់​មួយរយៈ​ប៉ុន្ដែ​នៅ​មិនទាន់មាន​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ទាំងស្រុង​ទេ​។ ចិន​និង​ជប៉ុន​ដណ្ដើម​គ្នា​កាន់កាប់​ដែន​កោះ​សេន​កា​គុឬទាវ​យូ រួមទាំង​ដែនអាកាស​និង​ដែនសមុទ្រ​នៅក្បែរ​ប្រជុំ​កោះ​នោះ​ផង​។ ជម្លោះ​ដែន​កោះ​ក៏​ធ្វើឲ្យ​ភាគី​ទាំងពីរ​ដំឡើង​សំឡេង​តឹង​សរសៃក​ដាក់គ្នា ហើយ​ស្ទើរតែ​ផ្ទុះអាវុធ​ផង​កាលពី​ចុងឆ្នាំ​២០១៣​ដល់​ដើមឆ្នាំ​២០១៤ នៅពេល​ចិន​ប្រកាស​បង្កើត​តំបន់​គ្រប់គ្រង​ដែនអាកាស​ក្នុង​សមុទ្រ​ចិន​ខាងកើត​។​

​យ៉ាងណាក៏ដោយ​បើ​មើល​ពី​ទិដ្ឋភាព​បច្ចុប្បន្ន ជម្លោះ​ក្នុង​ប្រវត្ដិសាស្ដ្រ​គឺជា​រឿង​មួយ ហើយ​ការស្ដារ​ទំនាក់ទំនង​ឡើងវិញ​គឺជា​រឿង​មួយ​ផ្សេងទៀត​។ ធ្លាប់ជា​សត្រូវ​ស៊ីសាច់ហុតឈាម ប៉ុន្ដែ​ចិន​និង​ជប៉ុន​ក៏​មិន​ចង់​ឆ្លងកាត់​ភ្លើងសង្គ្រាម​ជាថ្មី​ទេ​។ ចិន​និង​ជប៉ុន​បាន​ស្វែងរក​ការផ្សះផ្សារ ទោះ​មិនទាន់មាន​ទំនាក់ទំនង​ល្អប្រសើរ ប៉ុន្ដែ​បាន​ធូរស្បើយ​ពី​ភាព​តានតឹង​ខ្លះ​ដែរ​។ 

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​មួយ​របស់​ជប៉ុន ដែល​ទើប​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ​បាន​លើកឡើងថា លោក​មាន​ទំនុកចិត្ដ​យ៉ាងខ្លាំង​ដើម្បី​អភិវឌ្ឍចំ​ណងមិត្ដ​ភាព​ជាមួយចិន​។ លោក​ថា​ចំណងមិត្ដភាព​ប្រទេស​ទាំង​ពីរបាន​វិលមក​រកសភាព​ធម្មតា​វិញ​ហើយ​។ លោក​អាបេ​រំពឹង​នឹងធ្វើ​ទស្សនកិច្ច​ទៅកា​ន់​ប្រទេស​ចិន​នៅ​ចុង​ខែតុលា ហើយ​លោក​សង្ឃឹម​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង នឹងធ្វើ​ទស្សនកិច្ច​មកកាន់​ប្រទេស​ជប៉ុន​ក្នុង​ពេលខាងមុខ​ដូចគ្នា​។ ការនិយាយ​ពី​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ចិន​-​ជប៉ុន​របស់លោក​អាបេ ស្របពេល​អាមេរិក​បានដាក់​សម្ពាធ​ពាណិជ្ជកម្ម​លើ​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​តូ​ក្យូ បង្កឲ្យមាន​ការព្រួយបារម្ភ​ពី​បញ្ហា​ពាណិជ្ជកម្ម​ការពារ​និយម និង​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​។​

​ការស្ដារ​ទំនាក់ទំនង​ឡើងវិញ​រវាង​ចិន​និង​ជប៉ុន ក្នុងន័យ​ទប់ទល់​សម្ពាធ​ពាណិជ្ជកម្ម​ពី​អាមេរិក​? 

​និយាយ​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ តាំងពី​ចូល​កាន់តំណែង​កាលពី​ខែមករា​ឆ្នាំ​២០១៧ លោក​បានប្រកា​សក្ដែងៗ​ឲ្យ​ពិភពលោក​បានលឺ គឺ​លោក​ចង់​ធ្វើឲ្យ​អាមេរិក​អស្ចារ្យ​ម្ដងទៀត តាមរយៈ​គោលនយោបាយ​គិត​អាមេរិក​ជាធំ​។ គោលនយោបាយ​គិត​អាមេរិក​ដំបូង​គេ​របស់លោក​ត្រាំ អនុវត្ដ​បាន​យ៉ាង​ខ្ជាប់ខ្ជួន គឺ​អាមេរិក​បាន​សម្លឹងមើល​ផលប្រយោជន៍​របស់ខ្លួន​មុន​ផលប្រយោជន៍​ប្រទេស​ដទៃ​។ លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​ឈប់​ធ្វើ​រឿង​មិនចាំបាច់​មួយចំនួន ដូចជា​ការ​កាត់ផ្ដាច់​ជំ​នួន​ដែល​មិន​សំខាន់ ការដកខ្លួន​ចេញពី​អង្គការ​ពិភពលោក​ធំៗ និង​ការប្រកាស​ពី​អតុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដៃគូ រួមទាំង​ការ​រឹតបន្ដឹង​លើ​ជនអន្ដោប្រវេសន៍ ដែល​ចូលទៅ​រស់នៅក្នុង​ទឹកដី​អាមេរិក បង្ក​ផល​លំបាក​ដល់​អាមេរិក​ជាដើម​។ 

​លើកយក​មួយ​ចំណុច​មក​និយាយ គឺ​អតុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដៃគូ ជា​ហេតុផល​ដែល​អាមេរិក​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន មានតម្លៃ​សរុប​ប្រមាណ​៥០​ពាន់​លាន​ដុល្លារ​អាមេរិក​។ អាមេរិក​ចាត់ទុក​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​គ្មាន​តុល្យភាព ណាមួយ​ចិន​បាន​លួច​កម្មសិទ្ធិ​បញ្ហា​របស់​អាមេរិក​ផង ដូច្នេះ​ដើម្បី​ស្ដារ​ពាណិជ្ជកម្ម​ឡើងវិញ មានតែ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​។ អាមេរិក​បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​លើកទីមួយ​មានតម្លៃ​៣៤​ពាន់​លាន​ដុល្លារ​។ លើ​ទី​ពីរ​អាមេរិក​បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន មានតម្លៃ​១៦​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​។ សរុប​ទាំង​ពីរលើក​អាមេរិក​បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន មានតម្លៃ​៥០​ពាន់​លាន​ដុល្លា​រហើយ​។​

​ចំពោះ​ប្រទេស​ជប៉ុន អាមេរិក​ក៏​ប្រកាស​ឲ្យ​ដំឡើង​ពន្ធ​លើ​ការនាំ​ចូល​រថយន្ដ​ពី​ជប៉ុន​ផងដែរ​។ អាមេរិក​ថា រថយន្ដ​ជប៉ុន​នៅ​អាមេរិក​មាន​ច្រើន តែ​រថយន្ដ​អាមេរិក​នៅ​ជប៉ុន​វិញ​មាន​តិច ហេតុនេះ​អាមេរិក​ចង់ឲ្យ​ចំនួន​សមាមាត្រ​គ្នា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក​។ អាមេរិក​បានប្រកាស​ដំឡើង​ពន្ធ​លើ​ដែក​ថែម​និង​អាលុយមីញ៉ូម​ជប៉ុន​ថែមទៀត​។ ទោះបីជា​សម្ព័ន្ធមិត្ដ​នឹង​គ្នា​ក៏ពិតមែន ប៉ុន្ដែ​អាមេរិក​ក៏ត្រូវ​គិតគូរ​ពី​ផលប្រយោជន៍​របស់ខ្លួន​ជាធំ​ដែរ ពិសេស​គឺ​វិស័យសេដ្ឋកិច្ច​តែម្ដង​។​

ការប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​និង​ជប៉ុន​របស់​អាមេរិក ធ្វើឲ្យ​ប្រទេស​ទាំងពីរ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដ្បិត​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​។ ចំពោះ​ចិន​បានប្រកាស​សងសឹក​នឹង​អាមេរិក​វិញ​ដោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ស្មើគ្នា​។ រីឯ​ជប៉ុន​ក៏​ប្រកាស​ពិចារណា​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក មានតម្លៃ​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​ផងដែរ​។ បើសិនជា​មើល​ពី​ការ​រឹតចំណង​មិត្ដ​ភាពឡើ​ង​វិញ​រវាង​ចិន​និង​ជប៉ុន​នៅពេលនេះ ហាក់​គ្មានអ្វី​ប្លែក​ទេ​ព្រោះ​ដើម្បី​ផលប្រយោជន៍​ទាំងសងខាង​។ ម្យ៉ាង​ក៏​ជា​រឿង​ដែល​ត្រូវ​សហការ​ត្រៀម​ទប់ទល់​ជាមួយ​អាមេរិក​ផងដែរ​។​

ចិន​គឺជា​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី ហើយ​ជប៉ុនក៏ជា​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី​ដែរ។ អ៊ីចឹង​ទេ​ចិន​និង​ជប៉ុន​មិន​ចង់ឲ្យ​អាមេរិក​ដើរតួ​ជា​បងធំសេដ្ឋកិច្ច​បាំងមុខ​ពួកគេ​នៅក្នុង​តំបន់​អាស៊ី​ឡើយ ដ្បិត​អាមេរិក​ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​ក្នុង​លោក​ទៅហើយនោះ​។ រឿង​ប្រឆាំងនឹង​ការដំឡើង​ពន្ធ​របស់​អាមេរិក វា​ជា​ការការពារ​ផលប្រយោជន៍​ទៅវិញទៅមក​របស់គេ ដូច្នេះ​ចិន​-​ជប៉ុន​មិនអាច​ព្រងើយកន្ដើយ​បានឡើយ​។​

​ក្នុងន័យ​ដែល​ជប៉ុន​ចង់​ស្ដារ​ទំនាក់ទំនង​ជាមួយ​ចិន​នៅពេលនេះ ជប៉ុន​អាច​មើលឃើញ​ចំណុច​វិជ្ជមាន​មួយទៀត ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង​។ ដូចដែល​បានដឹងហើយថា​ចិន​គឺជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​បំផុត​របស់​កូរ៉េខាងជើ​ង អាច​ចាត់ទុកបាន​ថា​ជា​បងធំ​កូរ៉េខាងជើង​។ បើ​ជប៉ុន​អាច​យកចិត្ដ​ចិន​បាន នោះ​ជប៉ុន​ក៏​សង្ឃឹម​ក្នុង​ការស្នើសុំ​ឲ្យ​ចិន​ជួយ​ជំរុញ ដំណើរការ​លុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បានដែរ​។ ជប៉ុន​សង្ឃឹម​ចិន​មាន​ទឹកមាត់ប្រៃ​អាច​និយាយ​ឲ្យ​កូរ៉េ​ជើង​ស្ដាប់​។ បើសិន​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​បាន ជា​ជោគជ័យ​ធំ​បំផុត​មួយ​របស់​ជប៉ុន ព្រោះ​ជប៉ុន​ធ្លាប់​រងគ្រោះ​ដោយ​មី​ស៊ី​ល​កូរ៉េខាងជើង​ជាច្រើន​ដង​មកហើយ​។​

​ជា​រូ​ម​ទៅ ចេតនា​នៃ​ការ​រឹតចំណង​មិត្ដ​ភាពឡើ​ង​វិញ​រវាង​ចិន​-​ជប៉ុន អាច​ថា​ដើម្បី​ស្វែងរក​សន្ដិភាព​ជាមួយគ្នា​ជាថ្មី ដើម្បី​រួម​ដៃ​គិតគូរ​ពី​គំនាប​ពាណិជ្ជកម្ម​របស់​អាមេរិក ព្រោះ​មិន​ចង់ឲ្យ​អាមេរិកបង្ក​ហានិភ័យ ហើយ​ជប៉ុន​ក៏​អាច​ទទួល​ផលចំណេញ​ពី​ចិន​រឿង​កូរ៉េខាងជើង បើ​ចិន​ព្រម​ជួយ​ក្នុង​រឿង​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​៕ 

ព័ត៌មានផ្សេងទៀត