​ស្ដ្រី​ទី​មួយ​ផ្នែក​​បង្កើត​​កម្មវិធី​​កុំព្យូទ័រ​ជានរណា​​?

01-09-2018 1:25 pm 1102
អ្នកស្រីAda Lovelace ឬ​ហៅ​Ada Bryon

Ada Lovelace ឬ​ហៅ​Ada Bryon កើត​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​១៨១៥ នៅ​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស ហើយ​បាន​ទទួលមរណៈភាព​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​១៨៥២ ក្នុង​អាយុ​៣៦​ឆ្នាំ ដោយ​រោគ​មហារីក​ស្បួន​(uterine cancer) និង​ដាច់​សរសៃឈាម (bloodletting) ។ Ada Lovelace​គឺជា​អ្នកវិភាគ​ខាង​គ្រឿង​ម៉ាស៊ីន និង​បានដឹង​យ៉ាង​ស៊ីជម្រៅ​ទៅលើ​គោលការណ៍​របស់លោក​Charles Babbage ដែលជា​អ្នកផ្ដើមគំនិត​បង្កើត​ម៉ាស៊ីន​គិត​លេខ​ដំបូង​បំផុត ។​

Ada Lovelace​បច្ចុប្បន្ន​ត្រូវបាន​គេ​ចាត់ទុកជា​អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ​ដំបូង​បំផុត​(first programmer) ដោយសារ​អ្នកស្រី​ជា​អ្នកបង្កើត​នូវ​របៀប​សម្របសម្រួល​symbols ឲ្យទៅជា​វិធាន​មួយ​ក្នុង​កិច្ចការងារ​គណនា​លេខ​ដែលមាន​ចំនួន​ច្រើន សូម្បីតែ​Charles Babbage​ក៏​ពុំបាន​គិតពី​លទ្ធភាព​ដូច្នេះ​ដែរ ។​

​ក្នុង​ឆ្នាំ​១៩៨០ ថ្ងៃទី​១០ ខែ​ធ្នូ នាយកដ្ឋាន​ការពារជាតិ​អាមេរិក​(Department of defense Standard) បាន​យក​ភាសា​កុំព្យូទ័រ​(Computer Language)​ដែលមាន​ឈ្មោះថា “Ada” (​បាន​បង្កើត​ពី​ឆ្នាំ​១៩៧៧​ទៅ​ឆ្នាំ​១៩៨៣ ដែលមាន​មូលដ្ឋាន​ពី​ភាសា​Pascal) ដែលជា​ឈ្មោះ​របស់​Ada Lovelace ដាក់​ជា​ភាសា​មួយ​ផ្លូវការ​គឺ “MIL-STD-1815“, 1815 គឺជា​ឆ្នាំ​កំណើត​របស់​Ada Lovelace ។​

​ចាប់ពី​ឆ្នាំ ១៩៩៨ រហូតដល់​បច្ចុប្បន្ននេះ នៅ​ប្រទេស​អង់គ្លេស​បាន​បង្កើតពាន​រង្វាន់​ប្រចាំឆ្នាំ​សម្រាប់​និស្សិត​ស្រី ដែល​រៀន​ផ្នែក​វិទ្យាសាស្ដ្រ​កុំព្យូទ័រ ប្រកួតប្រជែង​គ្នា​ដណ្ដើម​មេដាយ Ada Lovelace៕

​ប្រភព​៖ antkh

ព័ត៌មានផ្សេងទៀត