កាហ្វេ​វប្បធម៌ បង្កើតឡើង​ដោយ​ផ្សារភ្ជាប់​ចំណេះដឹង​វប្បធម៌​ដល់​អតិថិជន​

01-09-2018 1:16 pm 4251
  ស្តាប់
ក្រុមយុវជន យុវតី ដែលបានមក កាហ្វេវប្បធម៌ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា នៅកាហ្វេវប្បធម៌ ។ រូបថតដោយ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

​បច្ចុប្បន្ន ដោយសារ​ការពេញនិយម​ស្រប​តាម​សង្គម​បច្ចុប្បន្ន ហាង​កាហ្វេ​ជាច្រើន​ត្រូវបាន​បង្កើតឡើង រាប់​ចាប់តាំងពី​ហាង​កាហ្វេ​ដែល​ទិញ​ហ្វ្រេ​នឆាយ​ពី​ក្រៅ​ប្រទេស និង​ច្នៃប្រឌិត​ចេញពី​ចំណង់​ចំណូលចិត្ត​របស់​ម្ចាស់​ហាង​ផង ។ ដោយឡែក ហាង​កាហ្វេ​វប្បធម៌ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ទឹកដី​គីឡូម៉ែត្រ​លេខ​៦ ត្រូវបាន​បង្កើតឡើង​ដោយ​បង្កប់ បញ្ជ្រាប​នូវ​ចំណេះដឹង​វប្បធម៌​ខ្មែរ​ទៅ​ដល់​ភ្ញៀវ​ដែល​បាន​ចូល​ជាវ​ភេសជ្ជ និង​កម្សាន្ត​នៅ​ទីនោះ ។ សម្ភារ​ប្រើប្រាស់ ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ និង​សម្លៀកបំពាក់​នៅ​ក្នុង​សម័យ​បុរាណកាល​របស់​កម្ពុ​ជា ត្រូវបាន​ដាក់​តាំង​បង្ហាញ និង​ជួល​ស្លៀកពាក់ ...

​ហាង​កាហ្វេ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ ក្រុងភ្នំពេញ ត្រូវបាន​បង្កើតឡើង ដោយ​បាន​ដាក់ឈ្មោះថា កាហ្វេ​វប្បធម៌ ។ ហាង​កាហ្វេ​នេះ បង្កើតឡើង​មិន​ខុស​ពី​ហាង​កាហ្វេ​ផ្សេងៗ​ទៀត​ឡើង នៅក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ គ្រាន់តែ​អត្ថន័យ គោលដៅ​នៃ​ការបង្កើត​នោះ មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ប៉ុណ្ណោះ ។

​ដោយសារ​ការរីកចម្រើន ការប្រកួតប្រជែង​ទីផ្សារ ចំណង់​ចំណូលចិត្ត​ផង​នោះ ហាង​កាហ្វេ​ខ្លះ​ត្រូវបាន​បង្កើតឡើង ដោយ​មាន​ផ្សារភ្ជាប់​នូវ​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ ខ្លះ​បង្កើតឡើង​ដោយ​ភ្ជាប់​នូវ​សត្វ​ឆ្មា ខ្លះទៀត ក៏​បង្កើត​ឡើង​ដោយ​ភ្ជាប់​នូវ​ការអាន​សៀវភៅ និង​ជា​ទូទៅ គឺ​បង្កើតឡើង​ដោយ​យក​ឈ្មោះ​ប្រេន ជា​លក្ខណៈ​ហ្រេ​នឆាយ ពី​បរទេស​មក​បង្កើត ដើម្បី​ដំណើរការ​អាជីវកម្ម​តែម្តង ។​

​ដោយឡែក កាហ្វេ​វប្បធម៌ ត្រូវបាន​បង្កើតឡើង ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​ការបង្ហាញ​វប្បធម៌​ខ្មែរ ក្រៅ​ពី​ភ្ញៀវ​បាន​ទទួលទាន​ភេសជ្ជ​នៅ​នឹង​ហាង ។

​អ្នកស្រី វ៉ាន់ណេត អ្នកគ្រប់គ្រង​ហាង​កាហ្វេ​វប្បធម៌ បានបញ្ជាក់​ថា ហាង​កាហ្វេ​វប្បធម៌ បង្កើតឡើង​ដើម្បី​ចូលរួម​ដាស់​ស្មារតី​យុវវ័យ​ខ្មែរ​មួយចំនួនធំ និង​ប្រជាជន​ខ្មែរ ឱ្យ​ងាក​មក​ស្រឡាញ់​វប្បធម៌​ខ្មែរ ថែរក្សា និង​ស្គាល់​ពី​អ្វី​ជា​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរ ។ គាត់​បន្ត​ថា កាហ្វេ​វប្បធម៌ បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការផ្តល់​ចំណេះដឹង​ទូទៅ​ផ្នែក​វប្បធម៌ តាមរយៈ ការ​ស្លៀកពាក់​សំលៀក​បំពាក់​បែប​បុរាណ​របស់​ខ្មែរ និង​ស្វែងយល់​អំពី​វា​តាមរយៈ​អ្នក​រៀបចំ​…
​សំឡេង​វ៉ាន់ណេត ៖

​ហាង​កាហ្វេ​វប្បធម៌ ត្រូវបាន​បង្កើតឡើង ទើប​នឹង​បាន​ប្រមាណ​៩​ខែ​ប៉ុណ្ណោះ ពោល​គឺ​ចាប់ផ្តើម​សម្ពោធ ព្រម​គ្នា​ជាមួយនឹង​កម្មវិធី​រាត្រី​លង្វែក កាលពី​អំឡុង​ដើមឆ្នាំ​២០១៨ ។​

​ក្នុង​ទីធ្លា​នៃ​ទីតាំង​កាហ្វេ​វប្បធម៌ ត្រូវបាន​ដាក់​តាំង​បង្ហាញ​នូវ​សម្ភារ ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ ដែល​ក្នុងនោះ​រួមមាន​ដូចជា រនា​ត ឃ្មោះ ទ្រ​អ៊ូ ទ្រ​សោ គែ​ន ស្គរ​ដៃ ស្គរ​ឆៃ​យុំ​ា ធ្នូ សម្លៀក​បំពាក់​ស្ថិត​ក្នុង​សម័យ​លង្វែក សម័យ​ឧដុង្គ ដោយ​បែងចែក​ជា​ប្រភេទៗ​តាម​លំដាប់​ឋានៈ ឧបករណ៍​សម្ភារ​ប្រើប្រាស់​ក្នុងសម័យ​នីមួយៗ ផ្ទាំង​ស្បែក​ធំ ស្នែង​សត្វ ផ្ទាំងគំនូរ និង​ឧបករណ៍​សម្ភារៈ​ចាស់ៗ​ផ្សេងៗ​ទៀត ដែល​ជា​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ ។​

​យុវតី ស្រី​កែវ ជា​ជាង​អ៊ុតសក់​នៅ​កោះ​ដាច់ បាន​ចំណាយពេល​មួយ​ព្រឹក​មក​ហាង​កាហ្វេ​វប្បធម៌ ដោយ​បាន​លើកឡើង​ថា នាង​ចាប់អារម្មណ៍​នឹង​ហាង​កាហ្វេ​វប្បធម៌ ពីព្រោះ​ហាង​កាហ្វេ​នេះ​ប្លែក និង​ក៏​ព្រោះ​ដោយសារ​នាង​ចង់​ស្វែងយល់​អំពី​វប្បធម៌​ខ្មែរ​នៅ​ទីនោះ​…
​សំឡេង ស្រី​កែវ ៖

​នាង​លើកឡើង​បន្តថា នាង​មាន​អារម្មណ៍​សប្បាយ​ម្យ៉ាង នៅពេល​ឃើញ​មាន​យុវវ័យ​ជំនាន់​ក្រោយ ចាប់អារម្មណ៍​វប្បធម៌​ខ្មែរ និង​ចាប់ផ្តើម​ចែករំលែក​នៅលើ​បណ្តាញ​សង្គម ស្របពេល​ដែល​តាម​អ្វី​ដែល​នាង​មើលឃើញ គឺ​វប្បធម៌​ខ្មែរ​ហាក់​កំពុង​បាត់បង់​បន្តិច​ម្តងៗ​…
​សំឡេង ស្រី​កែវ ៖

​យ៉ាងណាម៉ិញ យុវជន សុ​វណ្ណា ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន កោះ​ដាច់ ក៏បាន​លើកឡើង​ថា ដោយសារ​មាន​ការបារម្ភ​ពី​ការបាត់បង់​នៃ​វប្បធម៌​ខ្មែរ វណ្ណា​ក៏បាន​សម្រេច​មក​កាហ្វេ​វប្បធម៌ ដើម្បី​សិក្សា​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ តាមរយៈ​ការ​ស្លៀកពាក់​ឈុត​បុរាណ​ខ្មែរ​នៅ​ទីនេះ​តែម្តង​…
​សំឡេង​សុ​វណ្ណា ៖

​សម្រាប់ សុ​វណ្ណា ចម្ងាយ​ផ្លូវ​ពី​កោះដាច់ មក​ហាង​កាហ្វេ​វប្បធម៌ ដែល​មាន​ទីតាំង​ស្ថិតនៅ​គីឡូម៉ែត្រ​លេខ​៦ គឺ​មិន​ឆ្ងាយ​ទេ ពីព្រោះ​ដោយសារតែ​មាន​កត្តា​ជំរុញ​ពី​ក្នុង​ចិត្ត ចង់​ជួយ​លើកតម្កើង​សំលៀកបំពាក់​បុរាណ​ខ្មែរ និង​ចង់​ដឹង​ស្វែងយល់​ពី​សំលៀកបំពាក់​បុរាណ​ទាំងនេះ​ផង ។ វា​គឺជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​សុ​វណ្ណា ដែល​បាន​ស្លៀក​សម្លៀក​បំពាក់​បុរាណ​ខ្មែរ ។

​សម្រាប់​ភ្ញៀវ​ដែល​មក​ហាង​កាហ្វេ​វប្បធម៌​ខ្មែរ អាច​ចំណាយ​លើ​ភេសជ្ជ​នៅ​ទីនោះ ដោយ​មាន​តម្លៃ​ថេរ ៤.០០០​រៀល ហើយ​បើសិនជា​ចង់​ថតរូប​ជាមួយ​ឈុត​សំលៀកបំពាក់​បុរាណ ឬ​ភ្ជាប់​ជាមួយនឹង​សម្ភារ ឧបករណ៍​ដែល​ជា​សម្បត្តិ​វប្បធម៌​ខ្មែរ ត្រូវ​ចំណាយ​ចូល​មូលនិធិ​បេតិកភណ្ឌ ចំនួន​៥.០០០​រៀល និង​ចំណាយ ២០.០០០​រៀល សម្រាប់​ការរៀបចំ​ឈុត​សំលៀកបំពាក់ និង​ថតរូប ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកគ្រប់គ្រង​ហាង​កាហ្វេ​វប្បធម៌ អ្នកស្រី​វ៉ាន់ណេត ។​

​អ្នកស្រី​វ៉ាន់ណេត​បាន​លើកឡើង​ជា​សំណូមពរ ទៅដល់​យុវវ័យ និង​ប្រជាជន​ទូទៅ ឱ្យ​ចាប់អារម្មណ៍ សិក្សា ស្វែងយល់​អំពី​វប្បធម៌​ខ្មែរ និង​បន្ត​សាបព្រោះ​វប្បធម៌​ខ្មែរ​ទៅ​មនុស្ស​ជុំវិញខ្លួន ពិសេស​មនុស្ស​ជំនាន់​ក្រោយ ។

​ជាមួយគ្នានេះ បណ្តា​ក្រុមហ៊ុន​ផលិតកម្ម​ផ្សេងៗ គួរតែ​រួម​បញ្ជ្រាប​នូវ​រូបភាព​សម្បត្តិ​វប្បធម៌​ខ្មែរ ចូលទៅ​ក្នុង​បទ​ចម្រៀង ឬ​រឿងភាពយន្ត ដែល​ក្រុមហ៊ុន​បាន​ផលិត ដើម្បី​បណ្តុះ សាបព្រោះ​វប្បធម៌​ខ្មែរ​ដោយ​ប្រយោល​តាម​រយៈ​ផលិតផល​ទាំងនេះ​…
​សំឡេង​វ៉ាន់ណេត ៖

ព័ត៌មានផ្សេងទៀត