ជប៉ុន​-​ចិន​​រួមគ្នា​​បង្កើត​​ឧក​រណ៍​សាក​អាគុយ​​ប្រើពេល​ខ្លី​តែ​ឆាប់​ពេញ​​សម្រាប់​​រថយន្ដ​អគ្គិសនី​

29-08-2018 3:16 pm 919
រូបភាព​ស្ថានីយ​សាក​រថយន្ដអគ្គិសនី

​ក្រុមហ៊ុន​ឧស្សាហកម្ម​ជប៉ុន​និង​ចិន​បានប្រកាសថា ពួកគេ​បាន​ឯកភាព​រួមគ្នា​បង្កើត​ឧបករណ៍ប្រើប្រាស់ ដើម្បី​សាក​អាគុយ​រថយន្ដ​អគ្គិសនី​។ ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​មួយ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ ដោយ​ពួកគេ​មានបំណង​បញ្ចូល​គ្នា​នូវ​ការបង្កើត​ផលិតផល​តាម​ស្ដង់ដា ដែល​គេ​ហៅថា​ឧបករណ៍​សាក​អាគុយ​បាន​ឆាប់រហ័ស ហើយនឹង​សាកល្បង​ដាក់ឲ្យ​ប្រើប្រាស់​ផលិតផ​ល​ថ្មី​មួយ​នៅ​ឆ្នាំ​២០២០​។​

​ក្រុមហ៊ុន​មាន​គម្រោង​ផលិត​ឧបករណ៍​សាក​អាគុយ ជាមួយនឹង​កម្លាំង​បញ្ជូន​ថាមពល​ចេញ​ជាង​៥០០​គីឡូវ៉ាត់ មាន​កម្លាំង​ខ្លាំង​ជាង​១០​ដង​នៃ​ឧបករណ៍​សាក​អាគុយ​នៅក្នុង​ប្រទេស​ជប៉ុន​។ ហេតុនេះ​វា​ផ្ដល់​ភាពងាយស្រួល​សម្រាប់​រថ​យន្ដ​ធំៗ អាច​សាក​អាគុយ​ក្នុង​រយៈពេល​ខ្លី​ហើយ​ឆាប់​ពេញ​។ ប្រធាន​សមាគម​CHAdeMO​បាន​និយាយថា ប្រទេស​ចិន​មាន​ស្ថានីយ​សាក​រថយន្ដ​អគ្គិសនី​ច្រើន​គួរសម​ហើយ ដូច្នេះ​លោក​គិតថា​ជប៉ុន​អាច​បង្កើន​ឥទ្ធិពល​តាមរយៈ​កិច្ចសហការ​រួមគ្នា​នេះ​។ 

​បច្ចុប្បន្ន​មាន​ឧក​រណ៍សាក​អាគុយ​៥​ប្រភេទ ដែល​អាច​សា​កបាន​លឿន​។ ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​រថយន្ដ​អគ្គិសនី ហើយ​ក្រុម​ជំនាញ​ជប៉ុន​បាន​និយាយថា ឧបករណ៍​សាក​អាគុយ​រថយន្ដ​អគ្គិសនី​របស់​ជប៉ុន ងាយស្រួល​ក្នុង​ការវាយលុក​ចូល​ទីផ្សារ​របស់​ចិន​ស្ថិតក្រោម​ស្ដង់ដា​រួម​៕

ព័ត៌មានផ្សេងទៀត