ចិន​កំពុង​​ដាក់​អាណានិគម​​លើ​​ប្រទេស​តូចៗ​​តាមរយៈ​​ប្រាក់កម្ចី​​​ដែល​​​សង​មិន​រួច​?

28-08-2018 5:49 pm
រូបភាព​បង្ហាញពី​​បណ្ដា​ប្រទេស​ដែលជំពាក់​បំណុលចិន

​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ចិន​បាន​បង្កើន​វត្ដ​មាន​កាន់តែខ្លាំង​នៅលើ​ឆាក​អន្ដរជាតិ ក្នុងនោះ​ចិន​បាន​បង្កើន​សមត្ថភាព​យោធា បង្កើន​ការគ្រប់គ្រង​ដែន​កោះ និង​បាន​បង្កើន​ការ​ផ្ដល់ជំនួយ ផ្ដល់​ប្រាក់កម្ចី​កាន់តែច្រើន​ដល់​បណ្ដា​ប្រទេស​តូចៗ​។ ប្រទេស​មួយចំនួន​កំពុង​ជំពាក់​បំណុល​ចិន​មិនអាច​សង​រួច និង​ខ្លះទៀត​កំពុង​ភ័យ​ខ្លួន ខ្លាច​គ្មាន​ប្រាក់​សង​ចិន ហើយ​ត្រូវ​ចិន​គ្រប់គ្រង​ទ្រព្យសម្បត្ដិ និង​ដាក់​មូលដ្ឋាន​យោធា​ក្នុងប្រទេស​របស់ខ្លួន​។ តើ​ចិន​កំពុង​ដាក់​អាណានិគម​លើ​បណ្ដា​ប្រទេស​តូចៗ តាមរយៈ​ប្រាក់កម្ចី​ដែល​មិនអាច​សង​រួច​?

​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​ចិន​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​ពីរ​ក្នុង​លោក​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​នៅក្នុង​តំបន់​អាស៊ី​។ ក្រៅពី​វិស័យសេដ្ឋកិច្ច នយោបាយ​ការបរទេស​និង​វិស័យ​យោធា​ចិន​ក៏​កំពុង​កើនឡើង​គួរឲ្យកត់សម្គាល់​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពោលគឺ​ចាប់តាំងពី​លោក​ស៊ី ជីន​ពីង​ចូល​កាន់តំណែង​ក្នុង​ឆ្នាំ​២០១៣​មក ប្រទេស​ចិន​បាន​ពង្រីក​វត្ដ​មាន​របស់ខ្លួន​កាន់តែខ្លាំង​ក្នុង​ឆាក​អន្ដរជាតិ​។ ចិន​ក៏​ផ្ដោត​សំខាន់​លើ​ការជួយ​ប្រទេស​តូចៗ តាមរយៈ​ការ​ផ្ដល់ជំនួយ​និង​ប្រាក់កម្ចី​រាប់លាន​ដុល្លារ​អាមេរិក រហូត​មានការ​លើកឡើងថា ចិន​កំពុង​ដាក់​អាណានិគម​លើ​បណ្ដា​ប្រទេស​តូចៗ តាមរយៈ​ប្រាក់កម្ចី​ដែល​ប្រទេស​ទាំងនោះ​មិនអាច​សង​វិញ​បាន​។​

​តើ​ចិន​ពិតជា​ដាក់​អាណានិគម​លើ​បណ្ដា​ប្រទេស​តូចៗ តាមរយៈ​ប្រាក់កម្ចី​មែន​? 

​គិតពី​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​រាប់​ពី​ប៉ា​គី​ស្ថាន​ដល់​ជី​បូ​ទី ពី​ម៉ាល់​ឌី​វដល់​ហ្វី​ជី សុទ្ធតែ​បាន​ជំពាក់​បំណុល​ចិន​។ ចិន​កំពុង​រង​ការចោទប្រកាន់ថា ប្រើប្រាស់​ជំនួយ​និង​ប្រាក់កម្ចី​ដល់​ប្រទេស​តូចៗ ខណៈ​ប្រទេស​ទាំងនោះ​គ្មាន​លទ្ធភាព​សង ចិន​នឹង​ចាប់ផ្ដើម​គ្រប់គ្រង​លើ​ទ្រព្យសម្បត្ដិ​និង​បង្កើត​វត្ដ​មាន​យោធា​ក្នុងប្រទេស​ទាំងនោះ​តែម្ដង​។ រឿងនេះ​បាន​កើតឡើង​ហើយ ដោយ​ប្រទេស​ខ្លះ​ចាត់ទុកថា​ជា​បំណុល​ការទូត ហើយ​ខ្លះ​ថា​ជា​អាណានិគម​បំណុល​ទៅទៀត​ក៏មាន ដោយ​ដំបូង​ចិន​ឲ្យប្រាក់​កម្ចី​យ៉ាងច្រើន តែ​នៅពេល​ប្រទេស​ទាំងនោះ​គ្មាន​លទ្ធភាព​សង ក៏​ចាប់​ផ្ដើមធ្វើ​សប្បទាន​វិស័យ​នានា​ឲ្យ​ចិន​។ 

​ឧទាហរណ៍​ជាក់ស្ដែង​មាន​ប្រទេស​ស្រីលង្កា បាន​អនុវត្ដ​ករណីនេះ​កាលពី​ឆ្នាំមុន​។ ដោយសារតែ​ជំពាក់​បំណុល​ចិន​ដល់​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក ស្រីលង្កា​បានប្រគល់​កំពង់ផែ​មួយ​ទៅឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិនរយៈពេល​៩៩​ឆ្នាំ​។ ចំណែក​ប្រទេស​ជី​បូ​ទី​ដែលជា​មូលដ្ឋាន​យោធា​ដ៏​សំខាន់​របស់​អាមេរិក​នៅ​តំបន់​អាហ្វ្រិក ក៏​មើលទៅ​ទំនង​នឹង​ប្រគល់​ការគ្រប់គ្រង​កំពង់ផែ​ទៅឲ្យ​ក្រុមហ៊ុន​ដែលមាន​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង​ដែរ​។ 

​របាយការណ៍​ចេញ​ដោយ​មជ្ឈមណ្ឌល​អភិវឌ្ឍ​សកល បានបង្ហាញ​ព័ត៌មាន​ខ្លះៗ​ទាក់ទង​នឹង​ការរីក​ដាល​បំណុល​របស់​ចិន​។ របាយការណ៍​បង្ហាញ​ពី​របៀប​ដែល​ប្រាក់កម្ចី​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​ម៉ុង​ហ្គោល ម៉ុង​តេ​ណេ​ហ្គ្រោ និង​ប្រទេស​ឡាវ ប្រែក្លាយជា​បំណុល​រាប់ពាន់​លាន​ដុល្លារ ជះឥទ្ធិពល​ដល់​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពួកគេ​។ ភាគច្រើន​នៃ​គម្រោង​ទាំងនេះ​ផ្សារភ្ជាប់​នឹង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ជា​គម្រោង​ដ៏​សំខាន់​ដើម្បី​បង្កើត​ផ្លូវ​ពាណិជ្ជកម្ម​តាមរយៈ​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ប្រទេស​ចិន​នៅ​កណ្ដាល​។ ប្រទេស​ចូលរួម​ភាគច្រើន​ផ្ដោតលើ​ការធ្វើ​ផ្លូវថ្នល់​និង​កំពង់ផែ ដោយមាន​ការផ្ដល់​មូលនិធិ​មួយផ្នែក​ពី​ប្រទេស​ចិន​។ ថ្មីៗ​នេះ​បំណុល​របស់​ចិន​បាន​បង្វែរ​ក្បាល​ទៅរក​តំបន់​ប៉ាស៊ីហ្វិក បង្កឲ្យមាន​ការព្រួយបារម្ភ​ថា ចិន​មានបំណង​បង្កើន​បំណុល​ដើម្បី​ពង្រីក​វត្ដ​មាន​យោធា​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង​។​

​កាលពី​ខែមេសា ចិន​បានបង្ហាញ​ចេតនា​កាន់តែច្បាស់​ទៅកាន់​ប្រទេស​វ៉ា​នូ​អា​ទូ អំពី​ការបង្កើត​មូលដ្ឋាន​យោធា​ក្នុងប្រទេស​នេះ​។ យោងតាម​ក្រុម​សិក្សា​ស្រាវជ្រាវ​មួយ​បញ្ជាក់ថា វ៉ា​នូ​អា​ទូ​ជំពាក់​បំណុល​ចិន​១៩១​លាន​ផោន​។ ចំពោះ​ប្រទេស​តុង​ហ្គោក៏​ជាប់បំណុ​លចិន​យ៉ាងច្រើន ហើយ​សារភាពថា​ខ្លួន​កំពុង​តស៊ូ​យ៉ាង​លំបាក​ដើម្បី​ដោះបំណុល​។ នាយករដ្ឋមន្ដ្រី​តុង​ហ្គោ​បាន​និយាយ​ថ្មីៗ​នេះ​ថា លោក​ពិតជា​បារម្ភ​ខ្លាច​ទីក្រុង​ប៉េកាំង​គ្រប់គ្រង​ទ្រព្យ​ស​ម្ប​តិ្ដ​ក្នុងប្រទេស​។ លោក​បាន​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក​ផ្សេងទៀត ចូលរួម​ជា​សំឡេង​តែមួយ​អំពាវនាវ​ឲ្យ​លុ​បប្រាក់កម្ចី​ពី​ចិន​។ 

​លោក​ប្រាប់​សារព័ត៌មាន​ABC​អូស្ដ្រាលី​ថា បំណុល​ចិន​បាន​ក្លាយជា​វិបត្ដិ​ដ៏​ធ្ងន់ធ្ងរ ហើយ​លោក​កំពុងតែ​មាន​វិបត្ដិ​ជំពាក់​បំណុល​។ បំណុល​របស់​ចិន​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដូច្នេះ​មិនអាច​ដោះស្រាយ​ជា​លក្ខណ​បុគ្គល​បានឡើយ​។ លោក​គិតថា​ប្រទេស​តូចៗ​ទាំងអស់នេះ នឹង​អាច​ស្វែងរក​ច្រកចេញ​បាន​បើ​រួមគ្នា​ជា​ធ្លុង​មួយ​។ គួរ​បញ្ជាក់ថា តុង​ហ្គោ​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​នៅ​ប៉ាស៊ីហ្វិក​ខាងត្បូង ដែល​ស្ថិតក្នុង​បញ្ជី​ជំពាក់​បំណុល​ចិន​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ប្រទេស​ដែល​ជំពាក់​បំណុល​ចិន​ផ្សេងទៀត​មាន ប៉ា​ប៉ាវ​ញូ​វ​ហ្គី​ណេ ប្រមាណ​៤៩៨​លាន​ផោន និង​កោះ​សាមូ​១៨១​លាន​ផោន​។ កន្លងមក​ប្រទេស​ចិន​បាន​ការពារ​ខ្លួន​ថា កម្ចី​របស់គេ​ធ្វើឡើង​ដោយ​ស្មោះត្រង់ និង​មិន​គិត​ផលប្រយោជន៍​ត្រឡប់មកវិញ​ទេ ហើយ​ថា​គ្រាន់​ជា​ប្រាក់កម្ចី​សម្រាប់​ប្រទេស​ដែល​អាច​សង​វិញ​បាន​ប៉ុណ្ណោះ ប៉ុន្ដែ​អន្ដរជាតិ​យល់ឃើញ​ក្នុង​ផ្លូវ​ផ្សេង​។​

​វិទ្យាស្ថាន​Lowy​ក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ដ្រាលី ដែល​តាមដាន​យ៉ាង​ជិតដិត​ពី​សកម្មភាព​ចិន​ក្នុង​តំបន់​ប៉ាស៊ីហ្វិក បាន​ប៉ាន់ប្រមាណ​ថា​ចិន​បាន​ចំណាយ​ប្រាក់​ជិត​១,៤​ពាន់​លាន​ផោន​ទៅ​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ចាប់តាំងពី​ឆ្នាំ​២០០៦​។ កាសែត​The Times​របស់​អូស្ដ្រាលី​បាន​ចេញផ្សាយ​ថា អូស្ដ្រាលី​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​ការបង្កើន​ប្រាក់កម្ចី​របស់​ចិន​។ លើ​ពីនេះ​ទៅទៀត​អូស្ដ្រាលី​ក៏​ភ្ញាក់ផ្អើល​នឹង​វត្ដ​មាន​យោធា​របស់​ចិន នៅតាម​ច្រកទ្វារ​សំខាន់​មួយ​ទៅកាន់​ឆ្នេរសមុទ្រ​ខាងកើត​របស់​អូស្ដ្រាលី​។ ចិន​ក៏​កំពុង​បង្កើត​កោះ​សិប្បនិម្មិត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​បាន​សាងសង់​មូលដ្ឋាន​យោធា​នៅលើ​នោះ​ផង ធ្វើឲ្យ​ប្រទេស​ពាក់ព័ន្ធ​ក្នុងជ​ម្លោះសមុទ្រ​ចិន​ខាងត្បូង​ប្រតិកម្ម​យ៉ាងខ្លាំង​។ ក្រៅពីនេះ​សូម្បី​អាមេរិក​ក៏​មិន​ពេញចិត្ដ​ដែរ ទោះបី​ខ្លួន​មិនមែនជា​ភាគី​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ​។ អាមេរិក​ថា​ចិន​កំពុង​រំលោភ​លើ​ច្បាប់​អន្ដរជាតិ ដែល​ចង់​កាន់កាប់​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ទាំងមូល​។​

​ជារួម​មក ការផ្ដល់​ប្រាក់កម្ចី​របស់​ចិន​ទៅកាន់​បណ្ដា​ប្រទេ​សតូចៗ ហាក់​ឆ្លុះបញ្ចាំង​ថា​ចិន​ចង់​បង្កើន​ចំណងមិត្ដភាព​ជាមួយ​ប្រទេស​កាន់តែច្រើ​ន និង​ចង់​បង្កើត​វត្ដ​មាន​យោធា​នៅ​ក្រៅប្រទេស​កាន់តែច្រើន​ដូចគ្នា​។ ក្នុងន័យនេះ​គឺ​ចិន​ចង់​ប្រណាំ​ប្រជែងនឹង​អាមេរិក ចង់​ដណ្ដើម​តំណែង​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​ក្នុង​លោក និង​ចង់​មានមុខមាត់​ជាង​អាមេរិក​នៅក្នុង​ក្រសែភ្នែក​ប្រទេស​នានា​។ ទោះបី​ចិន​មិន​និយាយ​ពី​គោលបំណង​របស់ខ្លួន ប៉ុន្ដែ​សកម្មភាព​ចិន​បានបញ្ជាក់​ដូច្នេះហើយ​។ អាមេរិក​ក៏​ធ្លាប់​លើកឡើង​ដែរថា ចិន​កំពុង​ចង់​ប្រណាំងប្រជែង​ដណ្ដើម​តំណែង​អាមេរិក​លើ​ឆាក​អន្ដរជាតិ​៕

ព័ត៌មានផ្សេងទៀត