បង្រួប​បង្រួម​​ជាតិ​​ក្នុង​រូបភាព​​ដើម្បី​​«​អំណាច​»​?​

28-08-2018 9:37 am
រាប់ពីឆ្វេង គឺលោកសម រង្ស៊ី និង លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

​នៅ​កម្ពុជា​នយោបាយ​ផ្សះផ្សារ និង ការបង្រួបបង្រួម​ជាតិ ត្រូវបាន​អ្នកនយោបាយ ធ្វើឡើង​ជា​ច្រើនលើកច្រើនសា​។ យន្តការ​នេះ គេ​តែង​ឃើញ​នៅពេល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ជាប់គាំង ឬ​អ្នក​នយោ​បាយ​​ខ្មែរ​មាន​ជម្លោះ​នឹង​គ្នា រក​ច្រកចេញ​មិនឃើញ​។ ប៉ុន្តែ​លទ្ធផល​នៃ​ការផ្សះផ្សារ​ជាតិ​នេះ ត្រូវបាន​គេ​មើលឃើញថា ហាក់​ពុំមាន​ភាព​យូរអង្វែង​នោះទេ ផ្ទុយទៅវិញ មានតែ​ភាព​បែងចែក​អំណាច​គ្នា​ទៅវិញ ជា​បន្តបន្ទាប់​។  តើ​ហេតុអ្វី​?

​ចាប់តាំងពី​ឆ្នាំ​១៩៩១ នយោបាយ​ផ្សះផ្សារ និង ការបង្រួបបង្រួម​ជាតិ ត្រូវបាន​អ្នកនយោបាយ ធ្វើឡើង​ជា​ច្រើនលើកច្រើនសា​។​ឆ្នាំ​១៩៩៣ ដល់ ១៩៩៨ លោក ហ៊ុន សែន និង សម្តេចក្រុមព្រះ នរ​រោ​ត្ត​ម រណ​ឬ​ទ្ធិ រួមគ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​។ ឆ្នាំ​១៩៩៨ គណបក្ស​ហ៊ុន ស៊ិនប៉ិច  បង្រួម​បង្រួម​ជាមួយ​គណបក្ស​សម រង្ស៊ី​។​

​ឆ្នាំ​២០០៣ គណបក្ស​ហ៊ុន ស៊ិនប៉ិច បាន​បង្រួម​បង្រួម​ជាមួយ គណបក្ស​សម រង្ស៊ី​ដដែល និង ឆ្នាំ ២០០៨ គណបក្ស​ហ៊ុន ស៊ិនប៉ិច បង្រួបង្រួម ជាមួយ​គណបក្ស​នរ​រោ​ត្ត​ម រណ​ឬ​ទ្ធិ​។ ឆ្នាំ​២០១២ គណបក្ស​សម រង្ស៊ី ធ្វើ​ការបង្រួបបង្រួម​គ្នា ជាមួយ​គណបក្ស​សិទ្ធិមនុស្ស បង្កើតបានជា​គណបក្ស​សង្គ្រោះ​ជាតិ និង​ចុងក្រោយ​នេះ លោក សម រង្ស៊ី និង លោក ហ៊ុន សែន រូ​ម​គ្នា​បង្កើត​នូវ វប្បធម៌​សន្ទនា នៅ​ខែ កក្កដា ឆ្នាំ​២០១៤​។​

​ជា​ការពិត នយោបាយ​ការបង្រួបបង្រួម​គ្នា ជា​កត្តា​សំខាន់​ណាស់​សម្រាប់ ជាតិ​។ តែ​លទ្ធផល​ការបង្រួបបង្រួម ឬ​ការផ្សះផ្សារ​របស់​អ្នកនយោបាយ ក៏ដូចជា​បក្សនយោបាយ​នេះ ហាក់​ពុំមាន​ភាព​យូរអង្វែង​ទាល់តែសោះ ពោល​មានតែ​ចែកផ្លូវ​គ្នា និង​មាន​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ​ថែមទៀត​។ តួយ៉ាង​ដូចជា វប្បធម៌​សន្ទនា រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ដែល​មិនយូរប៉ុន្មាន បាន​ស្លាប់បាត់​ទៅវិញ ហើយ​ជម្លោះ​នយោបាយ​បន្ត​អូសបន្លាយ​មក​ដល់ពេល​បច្ចុប្បន្ន​។​

​ការធ្វើ​បែបនេះ ត្រូវបាន​គេ​សន្និដ្ឋានថា អាចជា​សកម្មភាព​នយោបាយ ដើម្បី​ដោះ​ភាពទ័លច្រក​របស់​អ្នកនយោបាយ ឬក៏​ធ្វើឡើង​ដោយ​ស្ថាន​ការបង្ខំ​ណាមួយ ឫ​មួយ​ក៏​ទទួលរង​នូវ​គំនាប​នយោបាយ និង ការរិះគន់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ជាដើម ដែល​គេ​អាច​និយាយបានថា  ជា​នយោបាយ ដើម្បី​ជាតិ តែ​ក្នុងន័យ ដណ្តើម និង រក្សា​អំណាច ឬ​ផលប្រយោជន៏​ផ្ទាល់ខ្លួន​។​

​មូលហេតុ​ដែល​គេ​អាចសន្និដ្ឋាន​យ៉ាង​ដូច្នេះ ដោយសារតែ​តាំងពី​កម្ពុជា​ទទួលបាន សន្តិភាព និង ជ្រក​ក្រោម​ដំបូល​ប្រជាធិបតេយ្យ តាម​ពួក​មជ្ឈិម​លោក​មក គេ​មិនដែល​ឃើញ​អ្នកនយោបាយ​ខ្មែរ​ស្រុះស្រួល ល្អូកល្អិន​នឹង​គ្នា​បានយូរ​ទេ​។ ផ្ទុយទៅវិញ មានតែ​ឈ្លោះប្រកែក​គ្នា​មិនចេះចប់ មិនចេះហើយ និង​រត់​ពឹង​អន្តរជាតិ ឬ​ប្រទេស​ភូមិ​ផង​របង​ក្បែរ​ឱ្យជួយ​។​

​ម្លោះហើយ​បាន​ជាថ្មីៗ​នេះ ការផ្តួចផ្តើម​បង្កើត «​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់​» របស់លោក ហ៊ុន សែន ជាមួយ​គណបក្សនយោបាយ​ដែល​គ្មាន​អាសនៈ​ក្នុង​សភា រង​ការ​រិះគន់ថា គឺ​គ្រាន់​ជា​យន្តការ​របស់​គណបក្ស​កាន់អំណាច ដើម្បីឱ្យ​គេ​មើលឃើញថា កម្ពុជា​មាន​ការឯកភាព​គ្នា ហើយក៏​ជា​យន្តការ​ដើម្បី​កុំឱ្យ​គណបក្សនយោបាយ​ទាំងនោះ ងាក​ទៅ​ចងសម្ព័ន្ធភាព​ជាមួយ​អតីត​គណបក្សប្រឆាំង​។

​តែ​យ៉ាងណា នេះ​គ្រាន់តែ​ជា​យន្តការ​ចាប់ផ្តើម​នៃ​ដំណើរ​បង្កើត «​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់​»​ប៉ុណ្ណោះ គេ​កំពុងតែ​រង់ចាំ​មើល តើ​វេទិកា​នេះ អាចមាន​វាសនា​ដូច វប្បធម៌​សន្ទនា រវាង លោក​សម រង្ស៊ី និង លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែរឬទេ​?

​ជា​រូ​ម​គួរតែ​ដល់ពេល​ហើយ ដែល​អ្នកនយោបាយ​បង្ហាញ​ស្នាដៃ អំពី​ការផ្សះផ្សារ​បង្រួបបង្រួម​ជាតិ ប្រសិនបើ​ពួកគេ​ពិតជា​ចង់​ធ្វើ​នយោបាយ ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ និង ប្រជាជន​ក៏ដូចជា ចង់​បន្សល់ទុក​កេរ​មរតក​ដ៏​ល្អ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ដែល​មិនចេះ​សាបសូន្យ​។​

​កត្តាចាំបាច់​មួយចំនួន ដើម្បីឱ្យ​ការផ្សះផ្សារ​ជាតិ​សម្រេច​គោលដៅ អ្នកនយោបាយ គួរតែមាន​ឆន្ទៈ​ពិតប្រាកដ​ចង់ឱ្យ​ប្រទេសជាតិ និង ប្រជាពលរដ្ឋ​ខ្មែរ ស្គាល់​ភាពសុខដុមរមនា និង ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត​។ និង ទី​២៖ ត្រូវ​បំបាត់ចោល​វប្បធម៌​មិន​ទុកចិត្ត​គ្នា និង ជំនួស​វិញ​ដោយ​វប្បធម៌​ស្មោះត្រង់ និង គោរព​គ្នា​ទៅវិញទៅមក​៕


ព័ត៌មានផ្សេងទៀត