ឥណទានកាបូននៅកម្ពុជាជួយបន្ថយកម្តៅពិភពលោក

25-08-2018 9:32 am
  ស្តាប់
ស្តាប់ជាសំឡេង

កាបូន គឺជាឧស្ម័នចម្បងម្យ៉ាងដែលមានសារៈប្រយោជន៍ និងចូលរួមយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការកើនឡើងកម្តៅនៅលើភពផែនដី ។

អ្វីជាកាបូន?
កាបូន ជាឈ្មោះពេញនិយមមួយដែលត្រូវបានគេយកមកប្រើប្រាស់ ខណៈឈ្មោះពេញរបស់វាគឺ កាបូនិច (CO2) ។ ឧស្ម័នកាបូន ឬកាបូនិច គឺជាប្រភេទឧស្ម័នផ្ទះកញ្ចក់ធំចម្បងជាងគេ និងច្រើនជាងគេ ក្នុងចំណោមឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀត ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យមានកំណើនកម្តៅសកល ។

បើយើងនិយាយរៀបរាប់អំពីឧស្ម័នផ្ទះកញ្ចក់ចម្បងៗទាំងអស់ ដែលមាននៅក្នុងបរិយាកាសនៃភពផែនដី រួមមាន ទាំងឧស្ម័នកាបូនិច (CO2) មានប្រភពពីការដុតឥន្ទនៈហ្វូស៊ីល ដូចជា ធ្យូងថ្ម ប្រេង ឧស្ម័នធម្មជាតិ និងពីការបាត់បង់ព្រៃឈើ, ឧស្ម័នមេតាន (CH4) មានប្រភពមកពីការដុតជញ្រ្ជាំងស្រូវ សត្វពាហនៈ គំនរសំរាម លូទឹកស្អុយ ឬសំណល់រាវពីគេហដ្ឋាន និងការជីករករ៉ែធ្យូងថ្ម, ឧស្ម័នឌីអាសូតមូណូអុកស៊ីត (N2O) មានប្រភពមកពីការប្រើប្រាស់ជីគីមីក្នុងកសិកម្ម, ឧស្ម័នអូសូន (O3) មាននៅក្នុងបរិយាកាសខាងក្រោម និងមានប្រភពមកពីការបម្លែងបន្តនៃផ្សែងយានយន្ត និងឧស្ម័នក្លអរ៉ូភ្លុយអរ៉ូកាបូន (CFCs) ដែលមានប្រភពមកពីកំប៉ុងថ្នាំបាញ់ និងមេត្រជាក់ប្រើក្នុងម៉ាស៊ីនត្រជាក់ និងទូរទឹកកក ។ ប្រភេទឧស្ម័នទាំងនេះ ត្រូវបានគេរកឃើញថា បានចូលរួមក្នុងការធ្វើឱ្យមានការប្រែប្រួលអាកាសធាតុក្នុងរយៈពេលវែង យ៉ាងតិច៣០ឆ្នាំ ។

យើងងាកមកចាប់អារម្មណ៍ និងនិយាយអំពីប្រធានបទកាបូនវិញម្តង ។ បើតាមលោក លាង សុផល ប្រធានការិយាល័យសារពើភ័ណ្ឌ និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ នៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថានបានអះអាងថា «កាបូន គឺមានស្តុកទុកនៅក្នុងសត្វ និងរុក្ខជាតិ យ៉ាងណាម៉ិញ ព្រៃឈើ គឺជាអាងស្តុកកាបូនដ៏ធំចម្បងមួយ ។»

មន្រ្តីរូបនេះបញ្ជាក់បន្តថា «ប្រភេទព្រៃឈើដែលអាចស្តុកកាបូនបានច្រើន គឺជាប្រភេទព្រៃឈើធម្មជាតិ ហើយព្រៃឈើត្រូវបានបែងចែកជា៣ប្រភេទ គឺព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃរបោះ ។ អ្វីជាកត់សម្គាល់ ប្រភេទព្រៃស្រោង មានកាបូនស្តុកច្រើនជាងគេ ។ ការសិក្សាត្រូវបានរកឃើញថា ផ្នែកដែលដើមឈើបានរក្សាទុកកាបូនច្រើន គឺស្ថិតនៅក្នុងដី ដែលមានបរិមាណច្រើនជាងនៅលើដីទៅទៀត ។»

ជាមួយគ្នានេះ លោក យាង ដូណាល់ ទីប្រឹក្សាផ្នែកឥណទានកាបូននៅអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានបញ្ជាក់ថា ក្នុងមួយហិកតានៃព្រៃស្រោង មានផ្ទុកកាបូនប្រមាណ ៧០០តោន ចំណែកឯប្រភេទព្រៃរបោះមានផ្ទុកកាបូនប្រមាណ៥០០តោន ។ បើសិនជាយើងបាត់បង់ព្រៃឈើចំនួនដូចដែលបានលើកឡើងនេះប៉ុន្មាន នោះមានន័យថា យើងបានចូលរួមបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចូលទៅបរិយាកាសប៉ុននោះ…
សំឡេងលោក យាង ដូណាល់ ៖

លោកដូណាល់អះអាងថា «យ៉ាងណាក៏ដោយ មិនមែនមានន័យថាមានតែព្រៃ៣ប្រភេទនេះទេ ដែលអាចផ្ទុកកាបូនបាន សូម្បីវាលស្មៅ ព្រៃកោងកាង ឬតំបន់ព្រៃលិចទឹក ក៏អាចផ្ទុកកាបូនបានដែរ តែវាអាស្រ័យទៅលើស្ថានភាពព្រៃ ទីតាំង និងតំបន់ផ្សេងៗក្នុងការអនុវត្តគម្រោងឥណទានកាបូន ។»

អ្វីជាឥណទានកាបូន?
ឥណទានកាបូន គឺជាឯកតាហិរញ្ញវត្ថុនៃការវាស់វែង តាងដោយការស្រូបយកឧស្ម័នផ្ទះកញ្ចក់ ដែលសមមូលឧស្ម័នកាបូនិក ចំនួន១តោនពីបរិយាកាស ។ នេះបើយោងតាម សទ្ទានុក្រមបច្ចេកសព្ទ ស្តីពីការប្រែប្រួលអាកាសធាតុ ។ បើយើងនិយាយឱ្យស្រួលយល់ ឥណទានកាបូន គឺជាទិន្នន័យឧស្ម័នកាបូនិកដែលព្រៃឈើស្រូបយក ហើយបញ្ចេញអុកស៊ីសែន ដែលជួយកាត់បន្ថយការបំពុលបរិស្ថាន និងការកើនឡើងនៃកម្តៅភពផែនដី ។

ហេតុអ្វីបានជាមានឥណទានកាបូន?
បើតាមការបញ្ជាក់ពីលោក លាង សុផល មន្រ្តីនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថាន បានប្រាប់ថា ប្រទេសអភិវឌ្ឍនៅលើសាកលលោក ដែលជាប់កាតព្វកិច្ចចូលរួមកាត់បន្ថយការបញ្ចេញកាបូន ត្រូវចំណាយថវិកាទិញឧស្ម័នកាបូនពីប្រទេសកំពុងអភិវឌ្ឍ ឬអភិវឌ្ឍតិចតួច ដើម្បីឱ្យប្រទេសក្រីក្រទាំងនេះ រក្សាព្រៃឈើដែលជាអាងស្តុកកាបូន ក្នុងការទប់ស្កាត់ ស្រូបទាញយកនូវឧស្ម័នកាបូនិក ដែលជះឥទ្ធិពលអាក្រក់ជំរុញឱ្យមានការកើនឡើងកម្តៅ ។

យ៉ាងណាក៏ដោយ សម្រាប់កម្ពុជាបច្ចុប្បន្ន ត្រូវបានគេដាក់ចូលនៅលើទីផ្សារឥណទានកាបូនស្ម័គ្រចិត្ត ព្រោះជាប្រទេសកំពុងអភិវឌ្ឍ មិនមានកាតព្វកិច្ចក្នុងការចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទេ តែកម្ពុជាកំពុងចូលរួមកាត់បន្ថយតាមរយៈគម្រោងផ្សេងៗ និងអនុវត្តជាក់ស្តែង ។ លោក លាង សុផល បានបន្ថែម ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ បញ្ជាក់ថា កម្ពុជា តាមរយៈក្រសួងបរិស្ថាន និងអង្គការ WCS បានព្រមព្រៀងលក់ឥណទានកាបូនជាលើកដំបូងទ្រង់ទ្រាយធំ នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី ដែលមានទំហំព្រៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney របស់អាមេរិក ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនវិនិយោគលើការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅទូទាំងពិភពលោក ។ 

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កញ្ចប់សាច់ប្រាក់ដែលទទួលបាន៥០ភាគរយពីការលក់ឥណទានកាបូន បានផ្តល់ជាប្រយោជន៍ដល់ប្រជាសហគមន៍ តាមរយៈសកម្មភាពផ្សេងៗ ដូចជាគម្រោងអភិវឌ្ឍសហគមន៍ជាដើម ។ 

លោក យាង ដូណាល់ ទីប្រឹក្សាផ្នែកឥណទានកាបូននៅអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរៀបរាប់ប្រាប់ថា បច្ចុប្បន្ន ក្រៅពីគម្រោងលក់ឥណទានកាបូនតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក៏មានគម្រោងលក់ឥណទានផ្សេងទៀតដែរ ដែលកំពុងរៀបចំដំណើរការ…
សំឡេងលោក យាង ដូណាល់ ៖

អ្នកជំនាញខាងឥណទានកាបូនរូបនេះរៀបរាប់បន្តថា «គម្រោងលក់ឥណទានកាបូន ភាគច្រើន គឺផ្តោតសំខាន់ទៅលើតំបន់ដែលប្រឈមនឹងការបំផ្លាញព្រៃឈើ ។ ហេតុដូច្នេះហើយ គម្រោងលក់កាបូន គឺបានជួយកាត់បន្ថយការបាត់បង់ព្រៃឈើ តាមរយៈផែនការសកម្មភាពទប់ស្កាត់ផ្សេងៗ ហើយលទ្ធផលដែលទទួលបាន ត្រូវបានប្តូរទៅជាឥណទានកាបូន សម្រាប់ដាក់លក់នៅទីផ្សារអន្តរជាតិ ជួយកាត់បន្ថយកម្តៅនៅលើសកលលោក ។ ថវិកាដែលទទួលបាន ត្រូវបានយកមកគាំទ្រការងារអភិរក្សនេះឡើងវិញ ។»

យោងតាមទិន្នន័យរបាយការណ៍ពី ប្រព័ន្ធតាមដានព្រៃឈើថ្នាក់ជាតិនៅកម្ពុជា បោះពុម្ពក្នុងឆ្នាំ២០១៥ បានបញ្ជាក់ថា នៅមុនឆ្នាំ១៩៧០ ព្រៃឈើនៅកម្ពុជាមានចំនួនប្រមាណ ៧៣ភាគរយ នៃផ្ទៃដីទាំងមូល ។ ចំណែកឯក្នុងឆ្នាំ២០០២ គម្របព្រៃឈើមានចំនួន៦១,១៥ភាគរយ និងបន្តថយចុះ ៥៩,០៩ភាគរយ ក្នុងឆ្នាំ២០០៦ និង៥៧,០៧% ក្នុងឆ្នាំ២០១០ ។ រហូតដល់ក្នុងឆ្នាំ២០១៤ ព្រៃឈើនៅកម្ពុជា នៅសល់ប្រមាណ ៤៩,៤៨ ភាគរយប៉ុណ្ណោះ ។

បើតាមការបញ្ជាក់ពីលោក លាង សុផល មន្រ្តីជំនាញកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៃក្រសួងបរិស្ថានបានប្រាប់ថា បច្ចុប្បន្ន កម្ពុជាមានគម្របព្រៃឈើធម្មជាតិចំនួន ៤៥,៥ភាគរយ…
សំឡេងលោក លាង សុផល ៖

យោងតាមរបាយការណ៍ដែលបានបង្ហោះនៅលើគេហទំព័រ UNFCCC ថា ប្រទេសកម្ពុជាគឺជាប្រទេសដែលបញ្ចេញឧស្ម័នពុលតិចតួច តែជាប្រទេសងាយរងគ្រោះ និងប្រឈមនឹងការប្រែប្រួលអាកាសធាតុច្រើន ៕ 

ព័ត៌មានផ្សេងទៀត