ជំនះ​ការលំបាក ដើម្បី​ភាពជា​អ្នកដឹកនាំ​

23-08-2018 4:48 pm 666
  ស្តាប់
ស្តាប់ជាសំឡេង

​លោកស្រី​ខាត់ សុខ​ឃីម​៖ “​ក្នុង​ក្រុម​គ្រួសារ​ខ្ញុំ ក៏​មាន​ការងារ​មមាញឹក​ច្រើន​ដែរ ដូច​ថា​ធ្វើស្រែ​គឺជា​ការងារ​មួយ​ដែល​ចាំបាច់​ជាងគេ អឺ​គឺ​ហត់​ណាស់​។ អឺ​! ស្រែ​ចម្ការ​គឺ​ហត់​ជាងគេ​”​។​

លោកស្រី​ខាត់ សុខ​ឃីម ជា​ប្រធាន​សហគមន៍​កសិកម្មរ​ណ​សិរ្ស​ព្រះខ័ន​អភិវឌ្ឍ​។ ការងារ​សហគមន៍​ជា​ការងារ​ស្ម័គ្រចិត្ត ប៉ុន្តែ​ទាមទារ​ឱ្យ​ចំណាយ​ពេល​ចូលរួម តាមដាន និង​អនុវត្ត ប៉ុន្តែ​ក្នុងនាម​ជា​ស្ត្រី​មេផ្ទះ​ដែល​មាន​មុខរបរ​លក់​ដូរ​នៅផ្ទះ​ផង​នោះ លោកស្រី​ខាត់ សុខ​ឃីម​ក៏​រង​ការរិះគន់​ពី​គ្រួសារ ចំពោះ​ការងារ​ក្រៅ​ផ្ទះ​នេះដែរ​។​

លោកស្រី​ខាត់ សុខ​ឃីម​៖ “​គាត់​ធ្លាប់​រអ៊ូ​ដែរ គាត់​ថា​ធ្វើ​សហគមន៍​ចំណេញ​អី​ខ្លះ​? គាត់​សួរ​ខ្ញុំ​អញ្ជឹង​ហា​ណាស់​”​។​

ស្វាមី​លោកស្រី​ខាត់ សុខ​ឃីម​៖ លោក​មោង នឿន​៖ “​គាត់​ងាក​ទៅ​ប្រជុំ ងាក​ទៅ​ប្រជុំ​។ ខ្ញុំ​សួរ​ថា​ទៅ​ប្រជុំ​ញឹក​ចឹង មាន​ផលប្រយោជន៍​ដែរហ​”?

​ករណី​នេះ​មិនមែន​កើតឡើង​ចំពោះ​តែ​លោកស្រី ខាត់ សុខ​ឃីម​នោះទេ​។ នៅ​កម្ពុជា ឬ​ខេត្ត​ព្រះវិហារ​ផ្ទាល់ បុរស​ជា​មេ​គ្រួសារ ហើយ​ពួកគេ​ភាគច្រើន​បាន​ចេញ​ទៅ​ធ្វើស្រែ​ចំការ កាប់​ព្រៃ ឬ​ចំណាកស្រុក ដែល​បន្ទុក​មើល​ការខុសត្រូវ​គ្រួសារ​ត្រូវ​ធ្លាក់​លើ​ស្ត្រី​ជា​ភរិយា​។ ភាព​មមាញឹក​នឹង​ជីវភាព​ចង្ក្រាន្ត​ជើង​ឆ្នាំ​ជា​ប្រចាំ​ទាំងនេះហើយ ត្រូវបាន​គេ​ជឿ​ថា​ស្ត្រី​វិល​ចង្ក្រាន្ត​មិនជុំ ឬ​គ្មាន​សមត្ថភាព​អាច​ធ្វើ​ការងារ​ខាងក្រៅ​ដូច​បុរស​បាន​នោះ​ទេ​។​

​លោកស្រី​ខាត់ សុខ​ឃីម​ទទួលស្គាល់ថា ការងារ​ប្រចាំថ្ងៃ​ក្នុង​តួនាទី​ជា​ស្ត្រី​មេផ្ទះ​ពិតជា​ហត់​។ ប៉ុន្តែ​លោកស្រី​តាំងចិត្ត​មិន​បោះបង់​ការងារ​សហគម​ន៍​ឡើយ​។ 
​លោកស្រី​ខាត់ សុខ​ឃីម​៖ “​ស្រែ​ផង ចម្ការ​ផង ចម្ការ​ដំឡូង​ផង ស្វាយចន្ទី​ផង ហើយ​មក​ដល់​ផ្ទះ​វិញ​ទៀត​មាន​បិតស្រា ដាំបាយ ថែទាំ​កូន ហឺ​!​គ្រប់​សព្វបែបយ៉ាង​។ តែ​អ្វី​ដែល​ខ្ញុំ​ចង់បាន គឺ​នេះ​ជា​ចំណង់​ចំណូលចិត្ត​របស់​ខ្ញុំ ទោះបី​អត់​មាន​ប្រាក់ខែ ក៏​ខ្ញុំ​ពេញចិត្ត​ដែរ​”​។​

​គ្មាន​អ្វី​ដែល​មិន​អាច​បាន​នោះទេ ប្រសិនបើ​មាន​ការ​តាំងចិត្ត​ខ្ពស់​។ សម្រាប់​បទពិសោធន៍​ការងារ​សហគមន៍​របស់​មន្ត្រី​កម្មវិធី​ផលិតកម្ម​ស្រូវ​សរីរាង្គ នៃ​អង្គការ​អភិវឌ្ឍ និង​ភាព​ជា​ដៃគូរ​ក្នុង​សកម្មភាព (DPA) លោក​ឈុំ ស៊ី​ណេត បញ្ជាក់ថា ស្ត្រី​គឺ​មាន​សមត្ថភាព និង​អាច​ក្លាយជា​អ្នក​ដឹកនាំ​បាន​ដូច​បុរស​។ ភាគច្រើន​លើសលប់​នៃ​សមាជិក​សហគមន៍​កសិកម្ម​ដែល​អង្គការ​DPA​ធ្វើការ​ជាមួយ គឺជា​ស្ត្រី​។ ប៉ុន្តែ​ក្រុម​ស្ត្រី​ទាំងនោះ​មានការ​តាំងចិត្ត​ខ្ពស់ ដែល​ជម្រុញ​ពួក​គាត់​អាច​ផលិត​អង្ករ​សរីរាង្គ​បាន​យ៉ាង​ល្អ ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​។​

​លោក ឈុំ ស៊ី​ណេត​៖ “​ស្ត្រី​គាត់​មាន​សមត្ថភាព អាច​ធ្វើ​ការងារ​បាន​ដូច​បុរស​។ ហេតុ​អី​បាន​យើង​(​និ​)​យាយ​ថា​គាត់​អាច​មាន​សមត្ថភាព​បាន​ធ្វើការ​បាន​ដូច​បុរស​? ទោះបី​គាត់​មិន​បាន​ទទួល​ការអប់រំ​ខ្ពស់​មែន ប៉ុន្តែ​យើង​ឃើញថា ក្រោយពេល​ដែល​គាត់​ចូលរួម​ជាមួយ​គម្រោងរ​បស់​យើង យើង​លើក​ទឹកចិត្ត​គាត់ យើង​ជម្រុញ​គាត់ អញ្ជឹង​យើង​កសាង​សមត្ថភាព​គាត់ គាត់​អាច​ធ្វើបាន​”​។​

​នៅ​កម្ពុជា អង្គការ​Oxfam និង​ដៃគូ DPA រួម​គ្នា​អនុវត្ត​គម្រោង​លើកកម្ពស់​យេនឌ័រ និង​ការវិនិយោគ​ប្រកបដោយ​ការទទួលខុសត្រូវ​លើ​វិស័យ​កសិកម្ម​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហៅ​កាត់ GRAISEA ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ពី​ស្ថានទូត​ស៊ុយ​អ៊ែត​ប្រចាំ​ទីក្រុង​បាងកក​។ GRAISEA នៅ​កម្ពុជា​ធ្វើកា​រលើ​គម្រោង​សង្វាក់​ផលិតកម្ម​ស្រូវ​សរីរាង្គ និង​គម្រោង​ពង្រឹង​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ ជាមួយ​ប្រជាកសិករ​ពី​សហគមន៍​កសិកម្ម​ចំនួន​៤ ក្នុងស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​។ បច្ចុប្បន្ន​កសិករ​ទីនោះ​ទទួលបាន​ទីផ្សារ​ស្រូវ​អង្ករ​សរីរាង្គ ដែល​មាន​តម្លៃ​សមរម្យ ស្រប​តាម​កិច្ចសន្យា​កសិកម្ម សម្រាប់​លើកកម្ពស់​ជីវភាព​គ្រួសារ កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។​

​សហគមន៍​កសិកម្ម​ចំនួន​៤​នោះ​ក៏​មាន​សហគមន៍​កសិកម្ម​រណសិរ្ស​ព្រះខ័ន​អភិវឌ្ឍ ដែល​មាន​លោកស្រី​ខាត់ សុខ​ឃីម​ជា​តំណាង​ដែរ​។ មន្ត្រី​គម្រោង​របស់​DPA លោក ឈុំ ស៊ីណេ​ត​អះអាងថា លោកស្រី​ខាត់ សុខ​ឃីម​ទោះជា​ទទួលបាន​ការអប់រំ​តិច ប៉ុន្តែ​លោកស្រី​មាន​ភាព​តស៊ូ និង​ស្មោះត្រង់​។​
 
​លោក​ឈុំ ស៊ី​ណេត​៖ “​គាត់​អត់​ចេះ​អក្សរ បាន​រៀន​បាន​សូត្រ​ជ្រៅជ្រះ​ទេ តែ​គាត់​មាន​ភាពក្លាហាន​នៅក្នុង​ហ្នឹង​ហា​។ ប៉ុន្តែ​យើង​មើលឃើញ​លក្ខណៈ​ខុស​ប្លែក​គឺ​គាត់​ជា​គំរូ​មង​ហា​[​តែម្តង​] ចង់​(​និ​)​យាយ​ថា គាត់​លះបង់​ការងារ​គ្រួសារ​ច្រើន ដើម្បី​ការងារ​សហគមន៍​”​។​

​ទាំង​បុរស និង​ស្ត្រី​ក្នុងភូមិ​ទទួលស្គាល់​ពី​ភាព​វៃឆ្លាត​របស់​លោកស្រី​ខាត់ សុខ​ឃីម ក្នុងការ​ឆាប់​យល់​ការងារ ដូចជា​ការផលិត​ស្រូវ​សរីរាង្គ ការចុះបញ្ជី​ទិញ​លក់​ស្រូវ​នានា ដែល​ធ្វើឱ្យ​ក្រុមការងារ​ទុកចិត្ត និង​ជឿជាក់​លើ​ការដឹកនាំ​របស់​លោកស្រី​។​

​អ្នកស្រី​សាត់ នី​ម “​គាត់​យកចិត្តទុកដាក់​នឹង​ប្រាប់​កូនក្រុម​។ ទោះ​ជា​បាន​លុយ មិន​បាន​លុយ ក៏​គាត់​ជិះ​ម៉ូតូ ដើរ​ប្រាប់​ឱ្យ​មក​ប្រជុំ មក​អី​”​។ 

​លោក រុន តារា​៖ “​លទ្ធភាព​គាត់ គាត់​អាច​ធ្វើ​បាន​ដែរ​ស្ត្រី​។ អឺ​! គាត់​ក៏​ស្មើ​នឹង​ខ្ញុំ​ដែរ អំ​ណា​ល​គ្នា ស្មើរ​គ្នា​។ វា​អត់​មាន​ថា គាត់​ជា​ស្ត្រី ហូ​!​ស្ត្រី​ធ្វើ​មិន​កើត​ទេ​។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​គាត់​ធ្វើកើត​។ ហើយ​គាត់​ធ្វើ​គឺ​កើត​មែន​។ អញ្ជឹង​ខ្ញុំ​ទុក​ចិត្ត​គាត់​បាន​ធ្វើ​ការងារ​ទាំង​គ្នា​បាន​”​។​

លោកស្រី​ខាត់ សុខ​ឃីម​មិន​ត្រឹមតែ​ទទួលបាន​ចំណេះ និង​ដឹង​ព័ត៌មាន​ថ្មីៗ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាមរយៈ​ការងារ​សហគមន៍​កសិកម្ម​របស់​លោកស្រី​ខាត់ សុខ​ឃីម​បាន​ជួយ​ឱ្យ​ស្រូវ​សរីរាង្គ​ប្រជាកសិករ​ត្រូវបាន​ធានា​ទិញ​ច្បាស់លាស់ តាមរយៈ​កិច្ចសន្យា​កសិកម្ម​។ សមិទ្ធផល​ទាំងនេះ​បាន​ធ្វើ​ស្វាមី​លោកស្រី​ខាត់ សុខ​ឃីម មាន​ទទួលស្គាល់​ពី​សមត្ថភាព​ក្នុង​ការដឹកនាំ​របស់​ស្ត្រី ពិសេស​លោក​មាន​មោទនភាព​លើ​ភរិយា​ខ្លួន​។ ក្រៅ​អំពី​ប្តូរ​ឥរិយាបទ​ជួយ​ការងារ​ក្នុងផ្ទះ ស្វាមី​លោកស្រី​ខាត់ សុខ​ឃីម​ក៏​ជម្រុញ​ភរិយា​បន្ត​ការងារ​សហ​គ​មន៍​ទៀត​។ 

​ស្វាមី​លោកស្រី​ខាត់ សុខ​ឃីម​៖ លោក​មោង នឿន​៖ “​ពេល​ចូល​ក្នុង​សហគមន៍​ទៅ ដូច​ថា​គាត់​[​ជួយ​]​ខ្លួនឯង​ផង ជួយ​ប្រជាជន​ក្នុង​ឃុំ​ខ្លួនឯង​ផង​។ …​អត់​ទេ​ខ្ញុំ​អត់ឱ្យ​ឈប់​ទេ ជម្រុញ​ឱ្យ​គាត់​ធ្វើ​រហូត អត់​ឈប់​! (Q: ហេតុ​អ្វី​អត់ឱ្យ​ឈប់​) ហេតុ​អី​អត់ឱ្យ​ឈប់ មក​ពី​បើ​ឈប់​។ ក្រែល​វា​អត់​មាន​ទីផ្សា​រលក់​។ ដូច​ថា​យើង​ធ្វើ​សហគមន៍​ទៅ វា​បាន វា​ជួយ​ដែរ​”​។​
 
​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​សហគមន៍ កសិករ​ត្រូវ​ចាប់ផ្តើម​ពី​ខ្លួនឯង​។ ការចេះ​បែងចែក​ពេលវេលា និង​រៀបចំ​ផែនការ​អនាគត គឺជា​គន្លឹះ​។ នេះ​បើ​តាម​លោកស្រី​ខាត់ សុខ​ឃីម​។ សម្រាប់​ជីវភាព គ្រួសារ​ទៅ​ថ្ងៃ​អនាគត លោកស្រី​គ្រោង​នឹង​បង្កើន​របរ​កសិកម្មរ​បស់​ខ្លួន​បន្ថែម​ទៀត​។​

​លោកស្រី​ខាត់ សុខ​ឃីម​៖ “​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ចង់​បង្កើត​មុខរបរ​ចិញ្ចឹម​ត្រី​នៅក្នុង​ស្រែ​។ ចង់​យាយ​ថា ក្នុង​ស្រះ​គឺ​ត្រូវមាន​ត្រី លើ​ដី​ត្រូវមាន​បន្លែ នៅក្នុង​ស្រែ​គឺ​ត្រូវតែ​មាន​ស្រូវ​។ ចង់​យាយ​អញ្ជឹង​ហា​! ឱ្យ​មាន​ពណ៌​បៃតង​នៅក្នុង​ដី មិនឱ្យ មិន​ថា​កន្លែង​ណា​ក៏​ដោយ​គឺ​ត្រូវតែ​ឱ្យមាន​ដំណាំ​គ្រប់​ប្រភេទ​តែម្តង​”​។​

​ទោះបីជា​ហត់ តែ​ធ្វើ​ឱ្យ​សហគមន៍​រីកចម្រើន នេះ​ជា​សេចក្តី​បំណងប្រាថ្នា​របស់​ស្ត្រី​កសិករ​រូបនេះ​។ តាមរយៈ​បទពិសោធន៍​ជោគជ័យ​របស់​ខ្លួន លោកស្រី​ខាត់ សុខ​ឃីម​ចង់​ឃើញ​ស្ត្រី​ផ្សេងទៀត ក្រោកឈរ​តស៊ូ​មតិ​ដោយ​ខ្លួនឯង ដើម្បី​ការអភិវឌ្ឍ​ខ្លួន និង​សហគមន៍​។​

​លោកស្រី​ខាត់ សុខ​ឃីម​៖ “​កុំ​គិត​ថា​ខ្លួនឯង​ជា​ស្ត្រី មិន​អាច​មាន​ភាព​ជា​អ្នកដឹកនាំ​។ ទោះបីជា​ស្ត្រី​ក៏ពិតមែន ឱ្យតែ​មាន​ភាពក្លាហាន ស្ម័គ្រចិត្ត ចង់​ចូល​។ នេះ​ជា​អត់​ជា​បញ្ហា​ទេ ទោះជា​ហត់ តែ​សប្បាយចិត្ត​”៕

 

ព័ត៌មានផ្សេងទៀត