អង្ករ​សរីរាង្គ​ផ្តល់​សង្ឃឹម​

23-08-2018 11:40 am

​បញ្ហា​ស្រូវ​អង្ករ​គឺ​ជា​កង្វល់​របស់​ប្រជា​កសិករ​កម្ពុជា មិន​ថា​មុនពេល អំឡុងពេល ឬ​ក្រោយ​ពេល​ប្រមូល​ផល​នោះឡើយ​។ បញ្ហា​ទាំងនោះ​រួមមាន គ្រោះធម្មជាតិ កង្វះ​បច្ចេកទេស ហើយ​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​នោះ​គឺ បញ្ហា​ទីផ្សារ និង​តម្លៃ​ក្រោយពេល​ប្រមូល​ផល​។ 

​អ្នកស្រី​កង សុ​ភិន​៖ “​វា​ដូច​ថា ក្នុង​ការ​ដែល​យើង​ផលិត​ស្រូវ​បាន វា​រាង​យ៉ាប់​ក្នុង​ការរក​ឈ្មួញ​ទិញ​ដែរ​។ ចា​! ហើយ​ជីវភាព​របស់​យើង ដូច​ថា​យើង​មាន​ស្រូវ​លក់​ហើយ ក៏​យើង​ដូច​ថា មិន​បាន​ថា​សង្ឃឹមថា យើង​បាន​លុយ​ច្រើន​សម្រាប់​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​”​។ 

​អ្នកស្រី សា​ត់ នី​ម​៖ “​កាល​ពី​មាន​បញ្ហា​លំបាក លក់​ស្រូវ​បាន​ថោក​។ ឈ្មួញ​អត់​ងាយ អត់​ចង់​ទិញ​។ រាង​លំបាក​ដែរ (​បើទោះជា​)​បាន​ស្រូវ​រាង​ច្រើន​ក៏​អត់​មាន​ឈ្មួញ​ទិញ​”​។ 

​លោក រុន តារា​៖ “​ពី​មុន​ដូច​ថា​យើង​ខ្វះ​ថវិកា​តិចតួច​ទៅ​…”​។​

​អ្នកស្រី សៀន ខុន​៖ “​ពីមុន​ជំពាក់​លុយ​គេ​…”​។ 

​លោក​មោង នឿន​៖“​បើ​ពីមុន ធ្វើ​បាន​អញ្ជឹង មិនដឹង​ទៅ​លក់​ឯណា​។​បារម្ភ​ដែរ ធ្វើ​បារម្ភ ចេះតែធ្វើ​រាវ​..”​។​

​បញ្ហា​ទាំងនេះ​កើតមានឡើង​ស្ទើរតែ​គ្រប់​ទីកន្លែង​ដែល​ផលិត​ស្រូវ​អង្ករ​។ នៅ​ឆ្នាំ​២០១៧ អង្គការ​អុក​ស្វា​ម និង​ដៃគូរ​ពាក់ព័ន្ធ​បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​លើកកម្ពស់​យេនឌ័រ និង​ការវិនិយោគ​ប្រកបដោយ​ការទទួលខុសត្រូវ​លើ​វិស័យ​កសិកម្ម​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា GRAISEA ដែល​ផ្តោត​លើ​សង្វាក់​ផលិតកម្ម​ស្រូវ នៅ​កម្ពុជា​ក្រោម​ជំនួយ​ហិរញ្ញ​វទាន​ពី​ស្ថានទូត​ស៊ុយ​អ៊ែត ប្រចាំ​ទីក្រុង​បាងកក ។ 

​គម្រោង​នេះ អនុវត្ត​ក្នុង​ខេត្ត​ព្រះវិហារ ព្រោះ​ខេត្ត​នេះ​ស្ថិត​ក្នុង​ចំណោម​តំបន់​ក្រីក្រ​បំផុតុ​។  កសិករ​ខ្នាតតូច​ប្រឈម​នឹង​ការទម្លាក់​តម្លៃ​ស្រូវ​ពី​ឈ្មួញ និង​ថ្លៃដើម​ផលិតផល​ខ្ពស់ ។​
 គម្រោង​នេះ​ផ្តោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព​កសិករ​ក្នុង​ការផលិត​ស្រូវស​រី​រាង្គ និង​ការគ្រប់គ្រង​សហគមន៍​កសិកម្ម ព្រមទាំង​លើកកម្ពស់​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​ដោយ​ភ្ជាប់​ប្រជាកសិករ ជាមួយ​សហគមន៍ និង​វិស័យ​ឯកជន​ដែល​ជា​អ្នក​ទិញ​ផ្ទាល់​។ 

​ការ​ធ្វើ​របៀប​នេះ​សម្រេចបាន អាស្រ័យ​លើ​ការតាំង​ចិត្ត​ខ្ពស់​ពី​ភាគី​វិស័យ​ឯកជន​។ AMRU Rice ជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដែល​ធានា​ទិញស្រូវ​អង្ករ​សរីរាង្គ​ពី​ប្រជាកសិករ ។ 
​លោក​សុង សារ៉ន​៖ “ ​ហើយ​យើង​នៅ​មាន​គំនិត​មួយ នៅ​ក្នុង​ការជួយ​ដល់​ប្រជា​កសិករ​ដែល​គាត់​មាន​ការខ្វះខាត​។​

​ដើម្បី​ទទួលបាន​ស្រូវ​សរីរាង្គ​ស្តង់ដា សម្រាប់​ទីផ្សារ​ក្រុមហ៊ុន​នាំចេញ AMRU Rice ត្រូវ​ធ្វើការ​ជិតស្និត​ជាមួយ​សហគមន៍​កសិកម្ម ដែល​ជា​តំណាង​ប្រជាកសិករ ក្នុង​ការផ្តល់​ជំនួយ​បច្ចេកទេស​ផ្សេងៗ​។ 
​លោក​សុង សារ៉ន​៖“​ដូច្នេះ​យើង​ត្រូវតែ​បង្កើត​សហគមន៍​កសិកម្ម ដើម្បី​អាច​ឱ្យ​យើង​មាន​លទ្ធភាព​បង្រៀន​គាត់ តាម​ការធ្វើ​Contract Farming កិច្ចសន្យា​កសិកម្ម ផ្តល់​នូវ​ពូជ​ដែល​ចាំបាច់ ដែល​គាត់​អត់​មាន ផ្តល់​នូវ​បច្ចេកទេស​ផ្សេងៗ​ដើម្បី​ឱ្យ​គាត់​ផលិត​ទៅ​តាម​ស្តង់ដារ​សុវត្ថិភាព និង​សរីរាង្គ​ដែល​យើង​បានកំណត់​”​។ 

Sano Rice​ជា​ដៃគូ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​AMRU Rice ដែល​មាន​ទីស្នាក់ការ​នៅ​អឺរ៉ុប​។ ក្រុមហ៊ុន Sano Rice ជា​សារ​ជីវ​កម្ម​ដែលមាន​ទំនួល​ខុស​ត្រូវ​សង្គម បាន​បើក​ដំណើរការ​ជាង​៣​ទសវត្សរ៍​មក​ហើយ ក្នុង​ការផលិត និង​ចែកចាយ​អាហារ​សរីរាង្គ ប្រកបដោយ​គុណភាព​។ 

​ក្រោយ​ពី​គម្រោង GRAISEA អនុវត្ត​នៅ​កម្ពុជា លើ​សង្វាក់​ផលិតកម្ម​ស្រូវ ប្រជាកសិករ​ពី​សហគម​ន៍​កសិកម្ម​ចំនួន​៣ ក្នុងស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ដែល​ស្មើនឹង​១៥៣​នាក់​ទទួលបាន​ការបណ្តុះ​បណ្តាល​បច្ចេកទេស​ដាំ​ស្រូវ​សរីរាង្គ វិញ្ញាបនបត្រ​ទទួលស្គាល់​ការផលិត​ស្រូវ​សរីរាង្គ ការអប់រំ​ពី​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ ពិសេស​គឺ​ទទួលបាន​ទីផ្សារ​ស្រូវ​សរីរាង្គ ដែល​មាន​តម្លៃលើស​ទីផ្សារ​ជាង​៣០​ភាគរយ​

​លោក រុន តារា​៖ “​ដល់​ខ្ញុំ វា​បាន​ធូរធារ​ចេះ​ទៅ (​ខ្ញុំ​)​ចង់​ឱ្យ​កសិករ​មួយចំនួន​ដែល​គាត់​រាង​ខ្វះខាត​។ ចង់​ឱ្យ​គាត់​ចូលរួម​ជាមួយ​សហគម​ន៍​ដែរ ដើម្បី​គាត់​បាន​កម្រៃ​ពី​ការលក់​ស្រូវ​សរីរាង្គ ដើម្បី​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​គាត់​ឱ្យ​បាន​រីកចម្រើន​”​។​

​អ្នកស្រី​កង សុ​ភិន​៖ “​គ្រួសារ​អ្នក​ចូល​ស្រូវ​សរីរាង្គ គឺ​គាត់​មានសង្ឃឹម​។ ចា​! ហើយ​គាត់​មាន​កម្លាំងចិត្ត​ក្នុងការ​ធ្វើ​។ ធ្វើ​ហើយ គាត់​មិន​បាច់​ភ័យ​ថា​ខ្លាច​ឈ្មួញកណ្តាល​ទិញ​មក​ក្រឡុក​គាត់​មេច​ទេ ចង់​(​និ​)​យាយ​ថា គាត់​មាន​កិច្ចសន្យា​ជាមួយ​អស់​ខ្ញុំ ជាមួយ​ក្រុមហ៊ុន ក៏​គាត់​មាន​ក្តីសង្ឃឹម​ថា គាត់​បាន​តិច គាត់​បាន​លុយ ក៏​វា​រៀង​កើន​…”៕

ព័ត៌មានផ្សេងទៀត