អ្នកច្នៃកង់ជើង៤ខ្មែរ ប្រកាសស្វែងរកដៃគូសហការ

17-08-2018 4:07 pm 6209
  ស្តាប់
លោក ឯម សុភារះ និងកង់ដែលច្នៃឡើងដោយស្នាដៃលោក ។ រូបថតដោយ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

យានជំនិះ ដែលដំណើរការទៅមុខដោយកម្លាំងជើង ត្រូវបានយុវជនខ្មែរមួយរូប ផលិត កែច្នៃវាចេញជារូបរាងដូចទៅនឹងរថយន្តខ្នាតតូចមួយគ្រឿង អាចផ្ទុកមនុស្សបានមួយគ្រួសារ ដែលស្ថាបនិកបានហៅវាថា កង់ខ្មែរថែសុខភាព ។ កង់ប្រភេទនេះ ត្រូវបានផលិតឡើងក្រោយអ្នកកែច្នៃបានឃើញពីភាពលំបាករបស់បុរសចំណាស់ម្នាក់ អង្គុយលើកង់របស់ខ្លួនដោយដាក់ចន្ទល់កណ្តាល ធាក់កង់បណ្តើរ យកដៃម្ខាងទប់នឹងជញ្ជាំងបណ្តើរ ដើម្បីកុំឱ្យដួល ។ បើទោះបីជា គម្រោងផលិតត្រូវបានដំណើរការដោយជោគជ័យ ក៏ប៉ុន្តែលោកនៅមិនទាន់បានលក់វាចេញនៅឡើយ...

បើសិនជាលោកអ្នកបានធ្វើដំណើរចេញពីភ្នំពេញ តាមផ្លូវជាតិលេខ៥ ក្នុងតំបន់គីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទីមួយ ខណ្ឌឫស្សីកែវ ដែលគេនិយមហៅថា ភូមិអ៊ីស្លាម នៅខាងស្តាំដៃ លោកអ្នកអាចនឹងប្រទះភ្នែកឃើញនូវយានជំនិះពណ៌សមួយគ្រឿងបញ្ឈរអមជាប់នៅលើចិញ្ចើមផ្លូវ ។ 

តាមពិតទៅ យានជំនិះដែលមានទ្រង់ទ្រាយដូចទៅនឹងកូនរថយន្តតូចមួយ ដែលមានទំហំប្រមាណ ១,២ ម៉ែត្រ x ២,៩០ ម៉ែត្រនេះ ត្រូវបានអ្នកកែច្នៃដាក់ឈ្មោះវាថា កង់ខ្មែរថែសុខភាព ។

« មូលហេតុដែលស្ថាបនិកដាក់ឈ្មោះបែបនេះ ក៏ព្រោះ វាជាយានជំនិះមួយប្រភេទ ដែលត្រូវបានផលិតចេញដោយស្នាដៃកូនខ្មែរ សម្រាប់ប្រជាពលរដ្ឋយកទៅជិះកម្សាន្ត ដើម្បីថែសុខភាពរបស់ពួកគេ ដោយផ្តោតសំខាន់ជាពិសេសសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ ។ » នេះបើតាមការបញ្ជាក់ពីលោក ឯម សុភារះ ជាអ្នកច្នៃកង់ ។

លោកឯម សុភារះ បច្ចុប្បន្ន គឺមានមុខរបរជាអ្នកដឹកអីវ៉ាន់តាមរ៉ឺម៉ក ។ ក្រៅពីមុខរបរនេះ កាលពីអតីតកាល លោកគឺជាជាងផ្សារដែកមួយរូប ហេតុដូច្នេះហើយ ជំនាញដែលបន្សល់ពីអតីតកាលនេះហើយ បានរុញច្រានឱ្យលោកបានផលិតកង់ដែលជាក្តីស្រមៃរបស់ខ្លួនកើតឡើង ។ 

ដោយសារខ្វះធនធាន កង់ខ្មែរថែសុខភាពនេះ ក៏អាក់ខានលេចរូបរាងឡើងឱ្យបានឆាប់តាមគម្រោងដែលលោកមាន តែ ក្រោយអាចរកចំណូលបានខ្លះ ពីមុខរបររកស៊ីរបស់ខ្លួន និងគ្រួសារ ទើបលោក ភារះ ចាប់ផ្តើមធ្វើអ្វីដែលជាគម្រោងរបស់ខ្លួនឱ្យលេចរូបរាងឡើងតែម្តង ។

លោកបានប្រាប់ថា កង់ខ្មែរថែសុខភាព ទើបនឹងចាប់ផ្តើមផលិតឡើង នៅក្នុងអំឡុងដើមឆ្នាំ២០១៨នេះប៉ុណ្ណោះ ។

ដោយឡែក អ្នកច្នៃកង់ខ្មែរថែសុខភាពរូបនេះរៀបរាប់ថា កង់នេះ ត្រូវបានផលិត និងផ្គុំឡើងដោយគ្រឿងរបស់យានជំនិះ៤ប្រភេទ រួមមាន គ្រឿងឡាន ស៊ីក្លូ ម៉ូតូ និងកង់ ។ ជាមួយគ្នានេះ វាក៏បានបំពាក់នូវផ្ទាំងបន្ទះសូឡា សម្រាប់ទុកប្រើប្រាស់ដើម្បីបំភ្លឺភ្លើងនៅពេលយប់ និងការប្រើប្រាស់ភ្លើងស៊ីញ៉ូបត់ឆ្វេងស្តាំជាដើម…
សំឡេងលោក ឯម សុភារះ ៖

អ្នកច្នៃកង់ខ្មែរថែសុខភាពរូបនេះ អះអាងថា កង់ប្រភេទនេះ អាចផ្ទុកមនុស្ស ជាលក្ខណៈគ្រួសារចំនួនប្រមាណ៨នាក់ តែបើមនុស្សធំ ខ្ទង់៦-៧នាក់ ។ 

នៅពេលដែលសួរថា តើកង់នេះ អាចរត់ក្នុងល្បឿនប៉ុន្មាន ? លោក សុភារះ ប្រាប់ថា លោកធ្លាប់ចំណាយកម្លាំងមនុស្សប្រុសពេញវ័យ៤នាក់ ធាក់កង់ដែលមានឈ្នាន់ទាំង៤ នៅលើផ្លូវម្តុំផ្ទះរបស់លោក រត់បានចម្ងាយ២គីឡូម៉ែត្រ ដោយចំណាយពេល៣នាទី ។

បើប្រៀបធៀបកង់ខ្មែរថែសុខភាព ដែលច្នៃឡើងដោយលោក ឯម សុភារះ ទៅនឹងកង់ដែលនាំចូលពីបរទេស គឺវាខុសគ្នាត្រង់ កង់ដែលនាំចូល គឺមនុស្ស៤នាក់ ឬមនុស្សមួយគ្រួសារ ត្រូវអង្គុយធាក់បណ្តោយទន្ទឹមគ្នាតែម្តង តែបើសិនជាកង់ដែលផលិតឡើងថ្មីរបស់លោកភារះ គឺអង្គុយធាក់ឈ្នាន់កង់ ដូចអង្គុយនៅលើរថយន្តខ្នាតតូចដូច្នោះដែរ និងមិនអាចដួលទេ រាល់ពេលចង់ឈប់ម្តងៗ ។

បើនិយាយអំពីដើមហេតុដែលធ្វើឱ្យបុរសម្នាក់នេះ ចំណាយពេល ចំណាយកម្លាំង និងថវិកា ផលិតកង់ដែលមានរង្វង់កង់ចំនួន៤ និងឈ្នាន់ចំនួន៤ ប្រៀបដូចទៅនឹងកូនឡានដែលបញ្ជាទៅមុខដោយកម្លាំងជើងធាក់នេះ ក៏ព្រោះ លោកធ្លាប់បានឃើញសភាពនៃបុរសចំណាស់ម្នាក់ អង្គុយធាក់កង់ លើកង់របស់ខ្លួនដែលបានដាក់ចន្ទល់កណ្តាល និងដៃម្ខាង កាន់ទប់ជញ្ជាំងដើម្បីរក្សាជំហកុំឱ្យដួល ។ ដោយហេតុនេះហើយ លោកក៏បានគិតថា នឹងច្នៃកង់មួយប្រភេទ ដែលអាចជិះជុំគ្នាច្រើន លក្ខណៈគ្រួសារ និងអាចអង្គុយបានដោយមិនខ្លាចដួល…
សំឡេងលោក ឯម ភារះ ៖

ស្ថាបនិករូបនេះលើកឡើងថា កង់ប្រភេទនេះ អាចស័ក្ដិសមទៅនឹងប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ជិះហាត់ប្រាណ ជុំមួយគ្រួសារ ដែលវាប្រសើរសម្រាប់សុខភាព ជាពិសេស វាក៏ស័ក្តិសម សម្រាប់តំបន់ទេសចរផ្សេងៗជាដើមផង សម្រាប់ទេសចរជិះដើរលំហែកម្សាន្ត ។

លោក ឯម សុភារះ លើកឡើងថា ទៅថ្ងៃខាងមុខ បើសិនជាលោកមានធនធានគ្រប់គ្រាន់ ក៏ដូចជាគម្រោងកែច្នៃកង់នេះអាចដំណើរការទៅមុខ លោកអាចនឹងបន្តផលិតកង់ប្រភេទនេះ ដោយច្នៃម៉ូដផ្សេងៗបន្ថែមពីលើអ្វីដែលមានបច្ចុប្បន្នឱ្យបានច្រើនថែមទៀត ពិសេសលោកអាចនឹងកែច្នៃដាក់បូម និងប្រើប្រព័ន្ធសូឡាសម្រាប់ជាជំនួយអូសយានយន្ត ដែលជាថាមពលមិនប៉ះពាល់ដល់បរិស្ថាន ។ 

ជាមួយគ្នានេះ លោកក៏បានស្វាគមន៍ចំពោះរាល់អាជីវករ ឬអ្នកស្រាវជ្រាវ កែច្នៃណាដែលមានបំណងចង់សហការលើគម្រោងច្នៃ បង្កើត កង់ប្រភេទនេះជាមួយលោក ដើម្បីអភិវឌ្ឍវាឱ្យឈានទៅរកកម្រិតស្តង់ដារ និងសមស្របតាមទីផ្សារផងដែរ ៕ 

ព័ត៌មានផ្សេងទៀត