គណៈ​រដ្ឋមន្ត្រី​ថ្មី​ទំនងជា​​មិន​ប្តូរ​​ច្រើន ​តែ​បង្កើន​​យុទ្ធសាស្ត្រ​​ការពារ​​

17-08-2018 9:26 am 2408
ប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងទៅ។

​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​គ្រប់គ្រង​អាសនៈ​ទាំង​១២៥ នៅក្នុង​រដ្ឋសភា តែម្នាក់ឯង​។ បើ​គ្មានអ្វី​ប្រែប្រួល​ទេ គណៈរដ្ឋមន្ត្រី​អាណត្តិ​ថ្មី នឹង​ដំណើរការ​ជា​ផ្លូវការ នៅ​ដើម​ខែកញ្ញា ឆ្នាំ​២០១៨ ខាង​មុននេះ​។ គណៈរដ្ឋមន្ត្រី​ថ្មី អ្វីដែល​គេ​ទន្ទីងរង់ចាំ គឺ​សមាសភាព​រដ្ឋមន្ត្រី​ថ្មីៗ ខណៈ​ព័ត៌មាន​ហាក់​ត្រូវ​រដ្ឋាភិបាល​បិទ​ជិត​។ ប៉ុន្តែ​មតិ​មួយចំនួន ធ្វើ​ការទស្សទាយ​ថា គណៈរដ្ឋមន្ត្រី​ក្នុង​អាណត្តិ​នេះ ទំនង ជា​មិន​ផ្លាស់ប្តូរ អ្វី​ច្រើន​ជា​ដុំកំភួន​ទេ ប៉ុន្តែ​រាជរដ្ឋាភិបាល អាច​នឹង​បង្កើន​យុទ្ធសាស្ត្រ​បន្ថែម​។

​នៅ​ទីបំផុត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​បក្ស​កាន់អំណាច​ចាស់វស្សា​ជាងគេ បាន​ក្តោប​អាសនៈ​រដ្ឋសភា ១២៥ តែម្នាក់ឯង​។ គណបក្សកាន់អំណាច​មួយ​នេះ ទទួលបាន​សំឡេងគាំទ្រ​ជិត​៥​លាន​សំឡេង ស្មើនឹង​ប្រមាណ​៧៧​ភាគរយ នៃ​សំឡេង​សន្លឹកឆ្នោត បានការ​ទាំងមូល​។ នេះ​បើ​យោងតាម​ស្ថិតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​។​

​គណបក្ស​ប្រជ​ន​កម្ពុជា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលរួម​ដឹកនាំ​កម្ពុជា​ចំនួន ៥ អាណត្តិ មកហើយ​។ ជាង​៥​អាណត្តិ​មកនេះ គណបក្ស​នេះ ស្ទើរតែ​បាត់បង់ តួនាទី​ដឹកនាំ​រដ្ឋាភិបាល កាលពី​អាណត្តិ​ទី​៥​ទៅហើយ ដោយសារ​តែមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក សម រង្ស៊ី និង លោក កឹម សុខា ប្រជែង​។ កាល​បាត់បង់​អាសនៈ​របស់​បក្ស​ប្រជាជន​កាលណោះ មិនមែន មានន័យថា អតីត​បក្សប្រឆាំង​ខ្លាំង​ទេ ពោលគឺ​ដោយសារតែ ភាព​អសកម្ម​របស់​មន្ត្រី​ក្នុង​ជួរ​បក្ស​កាន់អំណាច​។ នេះ​បើតាម​អ្នកវិភាគ​។​

​ក្រោយ​គណបក្ស​ប្រជាជន ទប់​ស្ថានការណ៍​នយោបាយ អាណត្តី ទី​៥ បានមក គណបក្សកាន់អំណាច​នេះ មានឱកាស​ដឹកនាំ​រដ្ឋាភិបាល​បន្ត​។ ដើម​អាណត្តិ​ទី​៥ សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ត្រូវបាន​រដ្ឋសភា​អនុម័ត​ឡើង​។ កាលណោះ មាន​រដ្ឋមន្ត្រី​ចំនួន ១០ នាក់​ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ទាំងស្រុង ឬ ទៅកាន់​ក្រសួង​ផ្សេង​។

​សមាសភាព​រដ្ឋមន្ត្រី​ថ្មី​ពេលនោះ​មាន លោក អូន ពន្ធ័មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជំនួស​លោក គាត ឈន់​, លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ជំនួស​លោក ចម ប្រសិទ្ធ ដែល​ត្រូវ​ទៅ​កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាមពល ជំនួស​កន្លែង​លោក ស៊ុយ សែម​។ ប៉ុន្តែ​សព្វថ្ងៃ​ត្រូវ​ហែក​ចេញ​ជា​ពីរ​។​

​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ ជំនួស​កន្លែង​លោក អ៊ឹម សិទ្ធី​។ លោក​សាយ សំ​អាល់ កូនប្រុស​លោក​សាយ ឈុំ ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជំនួស​កន្លែង​លោក​ម៉ុក ម៉ារ៉េត​។ លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ ជំនួស​កន្លែង​លោក សូ ឃុន​។ លោកស្រី​ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​ជំនួស​លោក ហ៊ឹម ឆែម​។ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជំនួស​លោក ចាន់ សារុន​។​

​ចំណែក​លោក អ៊ឹ​ត សំហេង អតីត​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​លោក វង សូត្រ អតីត​រដ្ឋមន្ត្រីក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រាន់តែ​ប្តូរ​ក្រសួង​គ្នា​ដឹកនាំ​តែប៉ុណ្ណោះ​។ ក្រៅពីនោះ សមាសភាព​រដ្ឋ  មន្ត្រី​ស្ថិតនៅ​ដូច​អាណត្តិ​មុន​ដដែល ដូចជា​លោក សុខ អាន កាលពី​មិនទាន់​មរណភាព រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ និង លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជាដើម​។​

​រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនោះ​គេ​មើ​ល​ឃើញថា នៅមាន​សមាសភាព​ចាស់​ភាគច្រើន និង ជា​រដ្ឋាភិបាល​ដែលមាន​ក្បាល​ធំ​ដដែល​។ ជាក់ស្តែង រដ្ឋាភិបាល​នេះ​មាន​អមដោយ​ឧបនាយករដ្ឋមន្ត្រី ៩​រូប ទេសរដ្ឋមន្ត្រី ១៥​រូប និង រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី​ចំនួន​១៣​នាក់​។ នេះ​នៅ​មិនទាន់​រាប់​រដ្ឋលេខាធិការ និង អនុ​រដ្ឋលេខា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផ្សេង​ទៀតផង​។​

​គេ​នៅ​ចាំបាន​ថា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ជា​លើកដំបូង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយពេល​រហូតដល់​ទៅ​ជាង​៥​ម៉ោង ដើម្បី​អំពាវនាវ​ឱ្យ​មន្ត្រី​របស់ខ្លួន​អនុវត្ត​នូវ​អភិក្រម «​ងូតទឹក ឆ្លុះ​កញ្ចក់ ដុស​ក្អែល​»​។ ជា​អភិក្រម ដើម្បី​បង្ហាញ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី បន្ទាប់ពី​របូត​អស់​២២​កៅអី និង​ក៏​ដើម្បី​ចៀសវាង​ដល់​ដំណាក់កាល​ព្យាបាល​ជម្ងឺ ដែល​មានន័យថា គឺជា​ការរុះរើ​គណៈរដ្ឋមន្ត្រី​នៅពេលនេះ​។​

​រហូតដល់​ពាក់កណ្តាល អាណត្តិ​ទី​៥ សមាសភាព​គណៈរដ្ឋមន្ត្រី ត្រូវបាន​បោះឆ្នោត​រុះរើ​នៅ​ថ្ងៃទី​៤​មេសា ឆ្នាំ​២០១៦​។ គណៈរដ្ឋមន្ត្រី​ថ្មី ទទួលបាន​សំឡេងគាំទ្រ ចំនួន​៧០ លើ​១០៧​សំឡេង​។ ក្នុងនោះ ក៏មាន​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២​រូប បាន​លួច​បោះឆ្នោត​សំងាត់​គាំទ្រ​ផងដែរ​។ ការរុះរើ​គណៈរដ្ឋមន្ត្រី​កម្ពុជា ជា​ទ្រង់ទ្រាយ​ធំ និង ធ្វើឡើង​នៅ​ពាក់កណ្តាល​អាណត្តិ​បែបនេះ គឺ​មិនដែល​ឃើញ​មាន​ទេ នៅក្នុង​ប្រវត្តិ​នយោបាយ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ជាង​៣០​ឆ្នាំ​មកនេះ​។​

​ការរុះរើ​គណៈរដ្ឋមន្ត្រី​កម្ពុជា កាលពី​ពាក់កណ្តាល អាណត្តិ​ទី​៥ រដ្ឋមន្ត្រី​២​រូប និង ឧបនាយករដ្ឋមន្ត្រី​១​រូប ត្រូវបាន​បញ្ចប់​មុខតំណែង​។ ក្នុងនោះ​រួមមាន លោក អ៊ឹម ឈុនលឹម បញ្ចប់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី លោក ហោ ណាំហុង បញ្ចប់​មុខងារ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង ចុងក្រោយ​លោក គាត ឈន់ បញ្ចប់​មុខងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​។ មន្ត្រី​ខាងលើ​សុទ្ធសឹងតែ​ជា​មន្ត្រី មាន​វ័យ​ចំណាស់​។

​ដោយឡែក រដ្ឋមន្ត្រី​ចំនួន​៦​រូប ត្រូវ​លោក ហ៊ុន សែន រៀបចំ​មាន​៖ លោក ប្រាក់ សុខុន ដែល​កន្លងមក​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ ត្រូវបានតែងតាំង​ជា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក ហោ ណាំហុង​។ លោក ស៊ុន ចាន់ថុល ដែល​កន្លងមក​ជា រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ត្រូវបានតែងតាំង​ជា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​។ លោក ជា សុផារ៉ា ដែល​កន្លងមក​ជា រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវបានតែងតាំង​ជា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់​។

​លោក អ៊ុក រ៉ាប៊ុន ដែល​កន្លងមក​ជា​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​។ លោក មិន ឃិន ដែល​កន្លងមក​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ ត្រូវបានតែងតាំង​ជា​ទេសរដ្ឋមន្ត្រី និង លោក ត្រាំ អ៊ីវតឹក ដែល​កន្លងមក​ជា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍​។

​ចំពោះ​រដ្ឋមន្ត្រី​ថ្មី រួមមាន​៖​លោក ហ៊ឹម ឆែម ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​។ លោក វេង សាខុន ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​។ ចុងក្រោយ​គឺ​លោក ប៉ាន សូរ​ស័ក្កិ ត្រូវបានតែងតាំង​ជា រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​។ ក្នង​នោះ​ក៏មាន​ការផ្លាស់ប្តូរ តែងតាំង​អភិបាលខេត្ត​ចំនួន​៤ គឺ​ខេត្តបន្ទាយមានជ័យ ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង ខេត្ត​ស្វាយរៀង​។​

​ដោយឡែក គណៈរដ្ឋមន្ត្រី អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ​វិញ មតិ​មួយចំនួន​ទស្ស​ទាយ​ថា ទំនងជា​មិន​ប្តូរ​រដ្ឋមន្ត្រី​ច្រើន​នោះទេ​ អាចប្រហែល៦ក្រសួង ដែលភាគច្រើនរដ្ឋមន្ត្រីមានវ័យចំចាស់ៗ និង ភាពអសកម្ម។ យុវជន​វ័យក្មេង​ជាច្រើន ត្រូវបាន​គេ​រំពឹងថា អាច​នឹង​ដាក់បញ្ចូល ក្នុង​គោលបំណង​ដើម្បី​បញ្ចូល​គំនិត​ថ្មីៗ និង ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​សាធារណជន​នៅក្នុង​ស្ថាប័នរដ្ឋ​។​

​រាជរដ្ឋាភិបាល អាច​នឹង​រក្សាទុក​នៅ​មន្ត្រី​វ័យក្មេង ដែល​សកម្ម​ក្នុង​អាណត្តិ​ទី​៥ តួយ៉ាង​ដូចជា រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់​, រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន​ណារ៉ុន​, រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន​, និង រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ជាដើម​។ រដ្ឋមន្ត្រី​វ័យក្មេង​ទាំងនេះ បានបង្ហាញ​សមត្ថភាព​ការងារ​របស់ខ្លួន បាន​យ៉ាង​ល្អ រហូតដល់​មាន​ការកោតសរសើរ​ជា​សាធារណៈ​ពី​លោក​នាយករដ្ឋមន្ត្រី​ផង​។​

​ផ្ទុយទៅវិញ រដ្ឋមន្ត្រី​វ័យ​ចំណាស់​មួយចំនួន នៅតែ​បន្ត​ដឹកនាំ​តាមរបៀប​ចាស់គំរិល ដោយ​មិនឃើញ​មាន​ការប្រែប្រួល អាច​នឹង​ត្រូវបាន​ផ្លាស់ប្តូរ ឬក៏​នៅតែ​បន្ត​រហូតដល់​ពាក់កណ្តាល​អាណត្តិ ដើម្បី​នាំមក​នូវ​ស្ថេរភាព និង បន្ធូរបន្ថយ​ការផ្លាស់ប្តូរ​ទៅ​គណៈរដ្ឋមន្ត្រី​ថ្មី​។​

​គួរ​បញ្ជាក់ថា រដ្ឋមន្ត្រី​ថ្មី គួរតែ​ត្រូវ​បានផ្តល់​អានុភាព ខ្ពង់ខ្ពស់​អ្នកជំនាញ​បច្ចេកទេស និង អ្នកជំនាញ ដើម្បី​សម្រេចបាន​នូវ​ស្នាដៃ​សំខាន់ៗ ដោយ​មិនមែន​សមាជិក​ក្រុមគ្រួសារ ព្រោះថា​បក្ខពួកនិយម​អាច​រាំងស្ទះ​ដល់​អ្នកមាន​សមត្ថភាព ដើម្បី​ការកែទម្រង់​អភិបាលកិច្ច​។ រដ្ឋមន្ត្រី​ចាស់ៗ គួរតែ​នៅ​ទីនោះ​ដើម្បី​ណែនាំ​ដល់​ពួក​អ្នកបម្រើ​វ័យក្មេង​។​

​ប៉ុន្តែ​យ៉ាងណាក្តី រាជរដ្ឋាភិបាល អាណត្តិ​ថ្មី ទំនង​នឹង​បង្កើន​យុទ្ធសាស្ត្រ​ថ្មី ជួយ​រដ្ឋមន្ត្រី​វ័យ​ចំណាស់​មួយចំនួន ដោយ​ប្រមូល​គំនិត មតិយោបល់​នានា ពី​ខាងក្រៅ​រដ្ឋាភិបាល ជួយ​ឱ្យ​រដ្ឋាភិបាល​ឱ្យ​បំពេញភារកិច្ច​របស់​ខ្លួន​កាន់តែ​ល្អ ពិសេស គឺ​ផ្តល់​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​បង្កើន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ឡើងវិញ​។​

​ការប្រមូល​មតិយោបល់​ពី​ខាងក្រៅ ឬ​ពី​គ្រប់​គណបក្សនយោបាយ​តូច អាចជា​ផលចំណេញ​ច្រើន​ដល់ រាជរដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​។ ទី​១ បាន​គំនិត​យោបល់ និង យុទ្ធសាស្ត្រ ដើម្បី​ដោះស្រាយ រាល់​ភាព​អស​កម្ម​នានា​របស់​រដ្ឋាភិបាល​។ ទី​២ អាច​បង្ហាញ​អន្តរជាតិ​ថា កម្ពុជា​មិនមែន​ដឹកនាំ​ប្រទេស ដោយ​ឯក​បក្ស ពោលគឺ​មាន​ការចូលរួម​ពិគ្រោះ​យោបល់​ពី គ្រប់ភាគី​ពាក់ព័ន្ធ ហើយ​រដ្ឋាភិបាល បាន​បើក​ចិត្ត​ទូលាយ​ទទួល​យកគំនិត ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ប្រកបដោយ​សន្តិភាព​៕

ព័ត៌មានផ្សេងទៀត