១០០​ថ្ងៃ​ដំបូង​​នៃ​ការដឹកនាំ​​ម៉ាឡេស៊ី លោក​ម៉ា​ហា​ធៀ មហា​ម៉េដ​​អនុវត្ដបាន​​ការងារ​អ្វីខ្លះ​?

14-08-2018 11:55 am
លោកម៉ា​ហា​ធៀ មហា​ម៉េដនាយករដ្ឋមន្ដ្រី​ថ្មី​​ម៉ាឡេស៊ី

​ក្នុង​សប្ដាហ៍​នេះ​គឺជា​រយៈពេល​១០០​ថ្ងៃ​ហើយ ដែល​លោក​ម៉ា​ហា​ធៀ មហា​ម៉េដ​ចូល​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ម៉ាឡេស៊ី បន្ទាប់ពី​ឈ្នះ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​០៩​ខែ​ឧសភា​។ លោក​ប្រកាសថា​នឹង​ប្រឹងប្រែង​ស្ដារ​ប្រទេសជាតិ​ឡើងវិញ ក្រោយ​ជួប​វិបត្ដិ​ក្នុង​គ្រា​លោក​ណា​ជីប រ៉ា​ហ្សាក់​ដឹកនាំ​។ ប្រជាជន​ម៉ាឡេស៊ី​ក៏​គាំទ្រ​ឲ្យ​លោកម៉ា​ហា​ធៀ​ផ្លាស់ប្ដូរ​ផងដែរ ព្រោះ​ពួកគេ​ជឿជាក់ថា​លោក​អាច​ធ្វើបាន ដូច​កាល​លោក​ដឹកនាំ​ប្រទេស​ចន្លោះ​ពី​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​២០០៣​។ ប៉ុន្ដែ​ពួកគេ​ក៏​យល់​ដែរថា ពេល​១០០​ថ្ងៃ​ដំបូង​នេះ​ពិតជា​មិន​គ្រប់គ្រាន់​ទេ ដូច្នេះ​គួរតែ​ចំណាយពេល​ច្រើនជាង​នេះ​។ យ៉ាងណាមិញ​ក្នុង​រយៈពេល​នេះ​លោក​ម៉ា​ហា​ធៀ​បាន​ព្យាយាម​យ៉ាងខ្លាំង ដើម្បី​ដឹកនាំ​ឈានទៅរក​ការផ្លាស់ប្ដូរ​ដូចដែល​បាន​សន្យា​។ តើ​លោក​ម៉ា​ហា​ធៀ​សម្រេច​បានការងារ​អ្វីខ្លះ​ហើយ​?

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

សំឡេង៖

​ម៉ាឡេស៊ី​បានរៀបចំ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​០៩​ខែឧសភា​ឆ្នាំ​២០១៨​នេះ ជា​ការបោះឆ្នោតជាតិ​លើក​ទី​១៤​។ លទ្ធផល​ឆ្នោត​ឲ្យដឹងថា​លោកម៉ា​ហា​ធៀ មហា​ម៉េដ​បានជាប់​ជា​នាយករដ្ឋមន្ដ្រី​ថ្មី​។ លោក​ម៉ា​ហា​ធៀ​ត្រូវបានតែងតាំង​ជា​ប្រធាន​គណបក្ស​Pakatan Harapan ក្រោយពេល​លោក​ចាកចេញ​ពី​គណបក្ស​រួបរួម​ជាតិ​ម៉ាឡេស៊ី​(UMNO) ដោយសារតែ​បញ្ហា​អ្នកគាំទ្រ និង​រឿងអាស្រូវ​ពុករលួយ​របស់លោក​ណា​ជីប រ៉ា​ហ្សាក់​អតីត​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​។​

លោក​ម៉ា​ហា​ធៀ​បាន​ស្បថ​ចូល​កាន់តំណែង​នៅ​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៨ ជា​នាយករដ្ឋមន្ដ្រី​ទី​៧​របស់​ម៉ាឡេស៊ី​។ ប៉ុន្ដែ​លោក​ក៏​ធ្លាប់ជា​នាយករដ្ឋមន្ដ្រី​ទី​បួន​របស់​ម៉ាឡេស៊ី​ផងដែរ ចន្លោះ​ពី​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​២០០៣​។ ចំពោះ​អាជីព​នយោបាយ​លោក​បាន​ចូលប្រលូក​ជាង​៧០​ឆ្នាំ​មកហើយ ដោយ​ដំបូង​បំផុត​ចូលរួម​ជាមួយ​គណបក្ស​រួបរួម​ជាតិ​ម៉ាឡេស៊ី​(UMNO)​ក្នុង​ឆ្នាំ​១៩៤៦​។​

​ចំពោះ​ការចូល​កាន់តំណែង​ជាថ្មី លោក​ម៉ា​ហា​ធៀ​បានប្រកា​សថានឹង​ប្រគល់​តំណែង​ឲ្យទៅ​អតីត​ឧបនាយករដ្ឋមន្ដ្រី​លោក​អាន​វ៉ា អ៊ីប្រាហ៊ីម ដែល​ទើប​ដោះលែង​ពី​ពន្ធនាគារ​ក្នុងពេល​ថ្មីៗ​នេះ​។ លោក​អាច​កាន់តំណែង​តែមួយ​ឆ្នាំ​ឬ​យ៉ាងយូរ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។ ម្យ៉ាង​វ័យ​របស់លោក​ក៏​កាន់តែ​ចាស់ ព្រោះ​ពេលនេះ​លោក​អាយុ​៩៣​ឆ្នាំ​ទៅហើយ ចាំបាច់​ត្រូវ​រក​អ្នកមាន​សុខភាព​មាំមួន សម្រាប់​ដឹកនាំ​ប្រទេស​ទៅមុខទៀត​។ 

​ដ្បិតថា​មាន​វ័យ​ចំណាស់​ក៏ពិតមែន ប៉ុន្ដែ​លោក​ម៉ា​ហា​ធៀ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​ម៉ាឡេស៊ី​ភាគច្រើន ឲ្យ​លោក​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី​។ គ្រា​លោក​ចូល​ដឹកនាំ​ម៉ាឡេស៊ី​លើកដំបូង លោក​បានធ្វើឲ្យ​ម៉ាឡេស៊ី​ក្លាយជា​ប្រទេសមាន​សេដ្ឋ​កិច្ច​រីកចម្រើន​មួយ និង​ធ្វើឲ្យ​ម៉ាឡេស៊ី​មាន​ភាពសុខសាន្ដ​។ ក្រោយមក​នៅពេល​លោក​ចូលនិវត្ដន៍​ក្នុង​ឆ្នាំ​២០០៣ ម៉ាឡេស៊ី​ហាក់​មាន​បញ្ហា​រាំងស្ទះ​ច្រើន ហើយ​អ្វីដែល​ឃើញ​ផ្ទាល់​ភ្នែក​គឺ​ក្នុង​គ្រា​ដែល​ម៉ាឡេស៊ី​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោ​កណា​ជីប រ៉ា​ហ្សាក់​។​

​ក្នុង​សប្ដាហ៍​នេះ គឺជា​រយៈពេល​១០០​ថ្ងៃ​នៃ​ការចូល​កាន់តំណែង​រប​ស់លោក​ម៉ា​ហា​ធៀ មហា​ម៉េដ​ហើយ​។ សួរថា​១០០​ថ្ងៃ​ដំបូង នាយករដ្ឋមន្ដ្រី​វ័យ​ចំណាស់​ជាងគេ​រូបនេះ​បានធ្វើ​អ្វីខ្លះ ដើម្បី​ស្ដារ​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ​? 

​ប្រជាជន​ម៉ាឡេស៊ី​ភាគច្រើន​ចង់​ផ្ដល់​ពេលវេលា​បន្ថែមទៀត​សម្រាប់​លោក​ម៉ា​ហា​ធៀ ព្រោះ​ពួកគេ​ទទួលស្គាល់ថា​ក្នុង​រយៈពេល​១០០​ថ្ងៃ លោក​ពិតជា​ពិបាក​ក្នុង​ការផ្លាស់ប្ដូរ​ទាំងស្រុង​នូវ​ប្រព័ន្ធ​ដែល​បាន​បង្កប់​ក្នុង​គ្រប់​ស្រទាប់សង្គម​ម៉ាឡេស៊ី​បច្ចុប្បន្ន​។ ចំពោះ​អ្វីដែល​ប្រជាជន​ម៉ាឡេស៊ី​ចង់បាន​ពី​រដ្ឋាភិបាល​របស់លោក​ម៉ា​ហា​ធៀ គឺ​សាមញ្ញ​បំផុត​។ ពួកគេ​ចង់ឲ្យ​លោកម៉ា​ហា​ធៀ​លុបបំបាត់​អំពើពុករលួ​យ និង​ធ្វើឲ្យ​មន្ដ្រី​កាន់អំណាច​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​តួនាទី​ខ្លួនឯង​។​

​យ៉ាងណាមិញ​ទាំងអស់នេះ​សុទ្ធតែជា​រឿង​ដែល​លោក​ម៉ា​ហា​ធៀ​បាននិងកំពុង​ធ្វើ​កន្លងមក​។ ចំពោះ​ករណី​ពុករលួយ លោក​បាន​បញ្ជា​ឲ្យ​បើ​កការស៊ើបអង្កេត​លើ​លោក​ណា​ជីប រ៉ា​ហ្សាក់ អតីត​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ពុករលួយ​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​1MDB​។ លោក​បាន​បញ្ជា​ឲ្យ​មន្ដ្រី​ទទួលបន្ទុក​ចុះ​រឹបអូស​បាន​ទ្រព្យសម្បត្ដិ​លោក​ណា​ជីប​ជាច្រើន​ផងដែរ ទោះបី​លោក​ណា​ជីប​បដិសេធ​មិនបាន​ប្រព្រឹត្ដ​ខុស​ក៏ដោយ​។ ទីបំផុត​លោក​ណា​ជីប​ត្រូវបាន​តុលាការ​ចោទប្រកាន់ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ដ​អំពើពុករលួ​យ ការរំលោភ​អំណាច​ផងដែរ​។ នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដែល​រដ្ឋាភិបាល​ថ្មី​របស់លោក​ម៉ា​ហា​ធៀ ព្យាយាម​ដោះស្រាយ​ករណី​ប្រព្រឹត្ដ​អំពើពុករលួយ​។​

​កិច្ចការ​មួយទៀត​ដែល​រដ្ឋាភិបាល​លោក​ម៉ា​ហា​ធៀ​ពុះពារ​ធ្វើ ក្នុង​រយៈពេល​១០០​ថ្ងៃ​ដំបូង​នៃ​ការដឹកនាំ​ប្រទេស គឺ​លោក​បានប្រកាស​កាលពី​ខែ​មុន​ថា នឹង​លុបចោល​ច្បាប់​ស្ដីពី​បទល្មើស​សន្ដិសុខ​ឆ្នាំ​២០១២​។ លោក​ថា​ច្បាប់​នេះ​អនុម័ត​ឲ្យប្រើ​ប្រាស់ក្នុង​គ្រា​ម៉ាឡេស៊ី​ដឹកនាំ​ដោយ​លោក​ណា​ជីប ដែល​អនុញ្ញាតឲ្យ​ចាប់ខ្លួន​មនុស្ស​មិនចាំបាច់​នាំទៅ​តុលាការ​។ ដូច្នេះ​បើសិនជា​ជនសង្ស័យ​ស្លាប់ គ្មាន​ការស៊ើបអង្កេត​ឬ​ចាត់វិធានការ​ប្រឆាំងនឹង​អ្នក​សម្លាប់​ពួកគេ​ឡើយ វា​ជា​រឿង​អ​យុត្ដិធម៌​សម្រាប់​អ្នកស្លាប់​។ អ៊ីចឹង​ទេ​រដ្ឋាភិបាល​ថ្មី​នឹង​ដឹកនាំ​ប្រទេស​តាម​នីតិរដ្ឋ អនុវត្ដ​ច្បាប់​ដែល​ការពារ​ប្រជាជន​។ ប្រជាជន​ត្រូវតែ​ទទួលបាន​ការការពារ​ដោយ​ច្បាប់​ជាមួយ​យុត្ដិធម៌ ហើយ​បើ​ពួកគេ​ប្រព្រឹត្ដ​បទល្មើស​នឹងត្រូ​វវិនិច្ឆ័យ​ដោយ​តុលាការ មានតែ​តុលាការ​ទេ​អាច​កំណត់ថា​អ្នកនោះ​មានទោស​ឬ​គ្មាន​ទោស​។ 

​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​ម៉ា​ហា​ធៀ មហា​ម៉េដ ក៏បាន​ប្ដេជ្ញា​លុបចោល​គម្រោង​ផ្លូវដែក​ល្បឿន​លឿន​ពី​ទី​ក្រុងកូឡា​ឡាំ​ពួរ​ឆ្ពោះទៅ​សិង្ហ​បុរី ដោយ​លោក​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ថា ការលុបចោល​នេះ​ជា​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​ចំណាយ ចៀសវាង​ការប្រកាស​ក្ស័យធន​។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​Financial Times​កាលពី​ថ្ងៃទី​២៨​ឧសភា លោក​ម៉ា​ហា​ធៀ​និយាយថា អាទិភាព​សំខាន់បំផុត​គឺ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ម៉ាឡេស៊ី​។ លោក​ថា​ត្រូវ​លុបចោល​គម្រោង​ដែល​មិនចាំបាច់​មួយចំនួន ដូចជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ជាដើម ដែល​ត្រូវ​ចំណាយ​អស់​ប្រមាណ​២៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ គម្រោង​នេះ​នឹងមិន​ផ្ដល់​ផលចំណេញ​ដល់​ម៉ាឡេស៊ី​សូម្បី​មួយ​សេន នោះ​ហើយ​ជា​ហេតុផល​ដែល​ត្រូវ​លុបចោល​។ 

​រឿង​ដែល​គួរឲ្យ​កត់សម្គាល់មួយ​ទៀត លោក​ម៉ា​ហា​ធៀ​បានប្រកាស​កាលពី​ថ្ងៃទី​២៣​ឧសភា​ថា ម៉ាឡេស៊ី​នឹង​កាត់​ប្រាក់ខែ​រដ្ឋមន្ដ្រី​ចំនួន​១០​ភាគរយ​។ ការប្រកាស​នេះ​នឹងមាន​ប្រសិទ្ធភាព​ភ្លាមៗ​តែម្ដង ដើម្បី​បង្ហាញឲ្យឃើញពី​ការយ​ក​ចិត្ដទុកដា​ក់លើ​បញ្ហា​ហិរញ្ញវត្ថុ​ជាតិ​។ លោក​ម៉ា​ហា​ធៀ​ថ្លែង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​លើកដំបូង​។ លោក​បន្ថែមថា វិធានការ​នេះ​ធ្វើឡើង​ស្របពេល​ដែល​រដ្ឋាភិបាល​ថ្មី កំពុង​ព្យាយាម​កាត់បន្ថយ​បំណុល​របស់​រដ្ឋាភិបាល​ដែល​កើន​ដល់​ប្រមាណ​២៥០​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង​៦៥​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ម៉ាឡេស៊ី​។​

​ការផ្លាស់ប្ដូរ​ផ្សេងទៀត​របស់​រដ្ឋាភិបាល​ថ្មី​ម៉ាឡេស៊ី គឺ​ការផ្លាស់ប្ដូរ​មន្ដ្រីជាន់ខ្ពស់​ក្នុង​មុខងារ​ស៊ីវិល និង​មន្ដ្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ក្រុមហ៊ុន​និង​ស្ថាប័ន​ច្បាប់​។ រហូត​មកដល់ពេលនេះ​មាន​មន្ដ្រី​ជាង​២០០​នាក់​ហើយ ត្រូវបាន​បណ្ដេញ​ចេញពី​ការងារ ហើយ​មន្ដ្រី​ជាច្រើន​ទៀត​នឹងត្រូវ​ដកចេញ​ក្នុងពេល​ឆាប់ៗ​។ ដើម្បី​រក្សា​កេរ្ដិ៍ឈ្មោះ មន្ដ្រី​ទាំងនោះ​នឹងត្រូវ​ឲ្យ​ឈប់​ពី​ការងារ​ក្រោម​ហេតុផល​ថា ដល់ពេល​ចូលនិវត្ដន៍ និង​ចប់​កិច្ចសន្យា​ការងារ​។ ទាំងនេះ​គឺជា​កិច្ចការ​ធំៗ​ដែល​រដ្ឋាភិបាល​ថ្មី​ម៉ាឡេស៊ី​សម្រេចបាន​។​

​ជារួម​ទៅ​ទោះបី​ក្នុង​រយៈពេល​១០០​ថ្ងៃ​ដំបូង មិន​គ្រប់គ្រាន់​សម្រាប់​ការផ្លាស់ប្ដូរ​ការដឹកនាំ​ប្រទេស ប៉ុន្ដែ​លោក​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​ម៉ា​ហា​ធៀ មហា​ម៉េដ បាន​ខ្នះខ្នែង​យ៉ាងខ្លាំង​ក្នុង​កិច្ចការ​នេះ​។ គណបក្សកាន់អំណាច​ម៉ាឡេស៊ី​ក៏​សន្យា​ធ្វើ​រឿង​ជាច្រើន​ទៀត​ដើម្បី​ស្ដារ​ប្រទេសជាតិ​ឡើងវិញ ដូចជា​ការរៀបចំ​រចនា​សម្ព័ន្ធ​ថ្មី ណែនាំ​ពី​ការផ្ដល់​មូលនិធិ​បន្ថែម​ដល់​ស្ដ្រីធ្វើការ​ងារ​ផ្ទះ​នៅ​ម៉ាឡេស៊ី លុបចោល​គោលនយោបាយ​របស់ខ្លួន​ក្នុង​ការដាក់​ក្នុង​បញ្ជី​ខ្មៅ រួម​នឹង​បញ្ហា​ផ្សេងៗ​ជាច្រើន​៕

ព័ត៌មានផ្សេងទៀត