ចង្រ្កានបរិស្ថានផ្តល់គុណប្រយោជន៍មហាសាលចំពោះអ្នកប្រើប្រាស់តែជួបបញ្ហាទីផ្សារ

11-08-2018 6:51 pm 3308
  ស្តាប់
លោក ហេង ប៊ុនអ៊ី អ្នកស្រាវជ្រាវចង្រ្កានបរិស្ថាន និងជាម្ចាស់សិប្បកម្ម ។ រូបថតដោយ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

ក្រោយបញ្ចប់ការសិក្សាពីប្រទេសរុស្ស៊ី និងប្រទេសបារាំង លោក ហេង ប៊ុនអ៊ី ម្ចាស់សិប្បកម្មក៏ដូចជាអ្នកស្រាវជ្រាវ បានចាប់ផ្តើមបង្កើតនូវចង្រ្កានបរិស្ថានខ្មែរ ក្រោយបានសិក្សាឃើញពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ នៅក្នុងសកម្មភាពដាំស្លប្រចាំថ្ងៃ ។ អ្នកស្រាវជ្រាវចង្រ្កានបរិស្ថានខ្មែររូបនេះ បានអះអាងថា ចង្រ្កានបរិស្ថានឬចង្ក្រានជីវម៉ាស ជាប្រភេទចង្រ្កានផ្តល់ថាមពលកម្តៅខ្ពស់ ជួយថែរក្សាបរិស្ថាន,សន្សំសំចៃថវិកាអ្នកប្រើប្រាស់ និងចំណាយពេលវេលាតិចក្នុងការដាំស្ល ។ចំណុចពិសេសនៃចង្រ្កានបរិស្ថានផ្សេងទៀត គឺវាមិនរើសវត្ថុដែលយកមកដុតឡើយ កម្ទេចឧស ធ្យូង ត្រឡោកដូង ស្នូលពោត កាកអំពៅ ផ្កាត្នោត ផ្កាដូង ផ្កាស្រល់ គ្រាប់ត្នោតងាប់ៗ ស្លឹកឈើងាប់ៗ ធាងដូង ធាងត្នោត មែកឈើ ឬសំរាមជុំវិញខ្លួន សុទ្ធសឹងតែអាចយកមកដុតបានលើកលែងតែជាតិប្លាស្ទិកមួយប៉ុណ្ណោះ ។ បើទោះបីជាចង្រ្កានបរិស្ថានផ្តល់គុណប្រយោជន៍ដ៏ច្រើនមហាសាលបែបនេះក្តី ក៏អ្នកស្រាវជ្រាវរូបនេះលើកឡើងថា កំពុងជួបបញ្ហាកង្វះទីផ្សារនៅឡើយ...

ចង្រ្កាន មកពីពាក្យថា ជើងក្រាន ដែលមានន័យថា ជាប្រដាប់សម្រាប់តម្កល់ឆ្នាំងចម្អិនអាហារ ឬហៅថា ជាប្រកល់ជើងក្រានដាំស្ល ។

បច្ចុប្បន្ន ដោយសារតែមានការវិវដ្តនៃសង្គម បច្ចេកវិទ្យា ពីមួយថ្ងៃទៅមួយថ្ងៃវាក៏បានរុញច្រានឱ្យមានការអភិវឌ្ឍចង្រ្កានជាច្រើនម៉ូដ ច្រើនប្រភេទ ។ជាមួយគ្នានេះ ចង្រ្កានដែលយើងឃើញនិយមប្រើប្រាស់សព្វថ្ងៃ មានដូចជាចង្រ្កានឡូវ ដែលផលិតពីដីសម្រាប់ដុតឧស ដុតធ្យូង, ចង្រ្កានប្រើហ្គាស, ចង្រ្កានប្រើអគ្គិសនី និងមួយផ្សេងទៀត គឺចង្រ្កានបរិស្ថាន ជាដើម ដែលផលិតផលទាំងនេះ ត្រូវបានផលិតក្នុងស្រុកផង និងភាគច្រើននាំចូលពីក្រៅប្រទេស ។

យ៉ាងណាម៉ិញ ចង្រ្កានបរិស្ថាន ឬហៅថា ចង្រ្កានជីវៈម៉ាស់ ដែលស្រាវជ្រាវ និងផលិតចេញដោយស្នាដៃខ្មែរ ត្រូវបានកត់សម្គាល់ថា ជាចង្រ្កានមួយប្រភេទ ដែលមានគុណប្រយោជន៍ចំពោះបរិស្ថាន និងមានអត្ថប្រយោជន៍យ៉ាងសំបូរបែបចំពោះអ្នកប្រើប្រាស់ បើធៀបទៅនឹងចង្រ្កាននាំចូលពីក្រៅប្រទេស ។

លោក ហេង ប៊ុនអ៊ី ម្ចាស់សិប្បកម្ម ក៏ដូចជាអ្នកស្រាវជ្រាវផលិតនូវ ផលិតផល ប៊ុនអ៊ី ចង្រ្កានបរិស្ថាន ឬចង្រ្កានថាមពល បានរៀបរាប់ប្រាប់វិទ្យុវាយោថា ចង្រ្កានបរិស្ថានខ្មែរ អាចជួយកាត់បន្ថយផ្សែងពី៨០ទៅ៨៥ភាគរយ ពិសេសគឺជួយសន្សំសំចៃថវិកា តាមរយៈការដុតឧសជាដំណាក់កាល…
សំឡេងលោក ហេង ប៊ុនអ៊ី ៖

តាមការសិក្សាស្រាវជ្រាវរបស់អង្គការក្រៅរដ្ឋាភិបាលមួយបានរកឃើញថា ប្រជាពលរដ្ឋខ្មែរបានចាយថវិកាលើថាមពលប្រមាណ៣.០០០រៀល ក្នុងមួយថ្ងៃ ។លោក ហេង ប៊ុនអ៊ី បានបញ្ជាក់ថា ចំណាយនេះ បើសិនជាប្រៀបធៀបនឹងចង្រ្កានបរិស្ថាន គឺវាមានចំនួនលើសទ្វេដង ខណៈចង្រ្កានបរិស្ថាន ចំណាយត្រឹមតែ ១.០០០រៀលប៉ុណ្ណោះ ឬអាចតិចជាងនេះ ក្នុងមួយថ្ងៃ ។ លោកសង្កត់ធ្ងន់ថា ចំណាយតិច ក៏ព្រោះដោយសារចង្រ្កានបរិស្ថាន មិនរើសវត្ថុដែលយកមកដុត ឬបង្កាត់ឡើយ ដែលមានដូចជា កម្ទេចឧស ធ្យូង ត្រឡោកដូង ស្នូលពោត កាកអំពៅ ផ្កាត្នោត ផ្កាដូង ផ្កាស្រល់ គ្រាប់ត្នោតងាប់ៗ ស្លឹកឈើងាប់ៗ ធាងដូង ធាងត្នោត មែកឈើ ឬសំរាមជុំវិញខ្លួន សុទ្ធសឹងតែអាចយកមកដុតបានលើកលែងតែជាតិប្លាស្ទិកមួយប៉ុណ្ណោះ ។ 

អ្នកស្រាវជ្រាវរូបនេះ បានអះអាងថា គុណប្រយោជន៍ដ៏សំខាន់នៃចង្រ្កានបរិស្ថាន គឺជួយកាត់បន្ថយផ្សែង ដែលជាប្រភពនៃការបង្កទៅជាជំងឺផ្សេងៗ, ចំណេញពេលវេលាអ្នកប្រើប្រាស់, ចំណេញការចំណាយផ្សេងៗដូចជាទិញឧស ឬថ្នាំសង្កូវមកប៉ះប៉ូវនូវជំងឺដែលបង្កឡើងពីផ្សែង, បានចូលរួមជួយពិភពលោក ក្នុងការមិនបំភាយឧស្ម័នទៅក្នុងបរិយាកាស។

លោកបញ្ជាក់បន្តថា សម្រាប់ចង្រ្កានបរិស្ថាន បើសិនជាប្រៀបធៀបទៅនឹងចង្រ្កានផ្សេងទៀត គឺមានគុណសម្បត្តិ និងគុណប្រយោជន៍ច្រើន ។ គុណសម្បត្តិនៃចង្ក្រានបរិស្ថាន គឺស្ថិតនៅចំណុចកណ្តាលនៃចង្រ្កានឡូវ និងចង្រ្កានហ្គាស ។ ចង្រ្កានបរិស្ថាន មានកម្រិតខ្ពស់ជាងចង្រ្កានឡូវតែបើធៀបទៅនឹងចង្រ្កានហ្គាស គឺមានកម្រិតទាបជាង ត្រង់ចង្រ្កានបរិស្ថាន ត្រូវចំណាយពេលបង្កាត់ភ្លើងដោយរង់ចាំពី១០-១៥នាទី ចំណែកឯចង្រ្កានហ្គាស គឺមិនតម្រូវឱ្យចំណាយពេលរង់ចាំឡើយតែអ្វីដែលពិសេសនៃចង្រ្កានបរិស្ថាន គឺអាចបន្ថែម បន្ថយភ្លើងដូចទៅនឹងចង្រ្កានហ្គាសដូច្នេះដែរ និងមិនបង្កគ្រោះថ្នាក់ ដូចជាផ្ទុះ ឬឆេះ ដោយឧស្ម័នណាមួយឡើយ ។

ជាមួយគ្នានេះ ចង្រ្កានបរិស្ថានក៏មាននាំចូលមកកម្ពុជាពីប្រទេសហូរឡង់ អាហ្រ្វិក និងឥណ្ឌូនេស៊ីដែរ ក៏ប៉ុន្តែ លោកប៊ុនអ៊ី បានអះអាងថា ចង្រ្កានបរិស្ថានខ្មែរ វាមានភាពងាយស្រួលប្រើប្រាស់ជាងចង្រ្កានដែលនាំចូលពីប្រទេសទាំងនេះ…
សំឡេង លោក ហេង ប៊ុនអ៊ី ៖

អ្នកស្រាវជ្រាវចង្រ្កានបរិស្ថានខ្មែររូបនេះ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រឿងយន្តកសិកម្មពីប្រទេសរុស្ស៊ី និងបន្តរស់នៅ ធ្វើការនៅប្រទេសបារាំង ដោយចំណាយពេលជាង២០ឆ្នាំ ។ ក្នុងឆ្នាំ២០១៣ លោកបានមកប្រទេសកម្ពុជាដោយសារលោកមើលឃើញថា នៅកម្ពុជាមានការបោះចោលសំរាមពាសវាលពាសកាលច្រើនលោកក៏មានគំនិត គិតធ្វើយ៉ាងណាដើម្បីប្រមូលសម្អាតសំរាមទាំងអស់នោះឱ្យបាន ។ ក្រោយមក លោកបានរាប់អានជាមួយអ្នកប្រាជ្ញរុស្សីម្នាក់ ដោយចាប់ផ្តើមផលិតឡសម្ងួតត្រីនិងអាហារតូចមួយជាលើកដំបូង ។

លុះដល់ឆ្នាំ២០១៤ លោកក៏បានចាប់ផ្តើមអភិវឌ្ឍចង្រ្កានខ្នាតតូច ឬចង្រ្កានបរិស្ថាននេះឡើង ដោយសារលោកបានសិក្សាឃើញពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ នៅក្នុងសកម្មភាពដាំស្លប្រចាំថ្ងៃ,ចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋខ្មែរនិងកាត់បន្ថយការនាំចូលចង្រ្កានប្រភេទនេះពីបរទេស ។ 

បើតាមការបញ្ជាក់ពីអ្នកស្រាវជ្រាវចង្រ្កានបរិស្ថានខ្មែររូបនេះថា ចង្រ្កានបរិស្ថាន បានវិវដ្ត៤ដំណាក់កាលមកហើយ ហើយនៅក្នុងឆ្នាំ២០១៩ លោកកំពុងតែត្រៀមខ្លួនវិវដ្តតទៅមុខទៀត ។

យ៉ាងណាក៏ដោយ បើទោះបីជាមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋក៏ដោយ ក៏ម្ចាស់សិប្បកម្មរូបនេះអះអាងថា នៅតែជួបបញ្ហាទីផ្សារនៅឡើយ ។ លោក ហេង ប៊ុនអ៊ី ស្នើប្រជាពលរដ្ឋគាំទ្រចង្រ្កានបរិស្ថានខ្មែរ ដើម្បីជួយជំរុញបច្ចេកវិទ្យាខ្មែរឱ្យកាន់តែដំណើរការទៅមុខ ពិសេសជួយផ្តល់ជាចំណូលដល់យុវជនក្រោយៗ និងក៏ដូចជាការជួយបណ្តុះបណ្តាលចែករំលែកដល់អ្នកសិក្សារៀនសូត្រលើការស្រាវជ្រាវបច្ចេកវិទ្យា…
សំឡេង លោក ហេង ប៊ុនអ៊ី ៖

ព័ត៌មានផ្សេងទៀត