រដ្ឋាភិបាល​យកចិត្តទុកដាក់​កម្រិត​ណា​ចំពោះ​មនុស្ស​វ័យ​ចាស់ជរា​?

10-08-2018 6:12 pm
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ដើមខែ​តុលា​ខាងមុខនេះ កម្ពុជា​នឹង​រៀបចំ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្ដរជាតិ នៅ​ថ្ងៃ​ទី​០១ តុលា​។ ស្របពេល​ជាមួយគ្នានេះ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​សារាចរ​ណែនាំ ដោយ​ដាក់​ចេញ​នូវ​គោលការណ៍​ចំនួន​១០​ចំណុច ដើម្បី​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​ទិវា​នេះ ឲ្យបាន​ទូលំទូលាយ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់​វ័យ បាន​យល់ដឹង​កាន់តែច្បាស់​អំពី​អត្ថន័យ នៃ​ទិវា​នេះ​។ តើ​បច្ចុប្បន្ន​រដ្ឋាភិបាល បាន​យកចិត្តទុកដាក់ កម្រិត​ណា​ចំពោះ​មនុស្ស​វ័យ​ចាស់ជរា​? 

​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ដាក់​អោយ​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ជាតិ  ស្ដី​ពី​មនុស្ស​វ័យចាស់​ឆ្នាំ​២០១៧-២០៣០ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៨ ដោយ​ប្រគល់​ភារកិច្ច នៃ​ការអនុវត្ត​គោលនយោបាយ​នេះ ទៅ​អោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​។ 

​គោលនយោបាយ​ជាតិ​ថ្មី​នេះ បង្កើត​ប្រព័ន្ធ​គាំពារ​សុ​មាល​ភាព រយៈពេល​វែង​សម្រាប់​មនុស្ស​វ័យចាស់​នៅ​កម្ពុជា ឲ្យទទួល​បាន​នូវ​គុណភាព​ជីវិត និង​ការ​គាំពារ​យ៉ាង​ពេញលេញ ខណៈ​ដែល​កាលពី​ក្នុង​ឆ្នាំ​២០១៣ កម្ពុជា​មាន​មនុស្ស​វ័យចាស់ អាយុ​ពី​៦០​ឆ្នាំ​ឡើង ប្រមាណ​១​លាន​២​សែន​នាក់ គឺ​ស្មើនឹង​៨%​នៃ​ចំនួន​ប្រជាជន​សរុប​១៥​លាន​នាក់​។ ហើយ​ចំនួន​មនុស្ស​វ័យចាស់​នៅ​កម្ពុជា ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ដល់​ប្រមាណ ២​លាន​នាក់ នៅ​ឆ្នាំ​២០៣០ ស្មើនឹង ១១% នៃ​ប្រជាជន​សរុប​១៨​លាន​នាក់ នាពេលនោះ​។​

​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា ធ្លាប់បាន​បង្ហាញថា គោលនយោបាយ​ជាតិ ស្តី​ពី​មនុស្ស​វ័យចាស់​ឆ្នាំ​២០១៧-២០៣០ នេះ ត្រូវបាន​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​ដោយមាន​កិច្ចសហការ​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដូចជា​អង្គការ​មនុស្ស​ចាស់​កម្ពុ​ជា (HELP AGE CAMBODIA) និង អង្គការសហប្រជាជាតិ​សម្រាប់​ការអភិវឌ្ឍ​ប្រជាជន ហៅថា​(UNFPA) ។  
​រដ្ឋ​មន្ត្រី​រូប​នេះ បាន​បញ្ជាក់​ដែរ​ថា ការរៀបចំ​គោលនយោបាយ​ជាតិ​ស្ដីពី​មនុស្ស​វ័យចាស់​ឆ្នាំ​២០១៧-២០៣០​នេះ ក៏​ធ្វើ​ឡើង​ស្រប​តាម​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៣! ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨! ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ ផងដែរ​។​

​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្ដី​ពី​មនុស្ស​វ័យចាស់​ឆ្នាំ​២០១៧-២០៣០​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​យល់ព្រម​ទទួល ធ្វើជា​ប្រធាន​មូលនិធិ​ទ្រទ្រង់​មនុស្ស​ចាស់​នៅ​កម្ពុជា ដោយ​លោក​បាន​កត់សំគាល់ថា បើទោះបីជា តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​កម្ពុ​ជា មនុស្ស​វ័យចាស់ ត្រូវបាន​មើលថែទាំ​ដោយ​កូនចៅ ក្រុមគ្រួ​សារក្តី ប៉ុន្តែ​ជារួម​មនុស្ស​វ័យចាស់ ក៏​ត្រូវតែ​ទទួលបាន​នូវ​ការ​គាំពារ​សុខមាលភាព និង​ការយកចិត្តទុកដាក់ ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផង​ដែរ​។ ដូចនេះ ដើម្បី​អនុវត្ត​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​គោលនយោបាយ​នេះ ប្រមុខ​រដ្ឋាភិបាល បាន​ស្នើសុំ​អោយ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម ទាំង​វិស័យ​សាធារណៈ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍ រួម​និង​បណ្តាញ​សមាគម​មនុស្ស​ចាស់ នៅ​ទូទាំង​ប្រទេស​តែម្តង ។  

​លោកនាយក​រដ្ឋមន្ត្រី បាន​ចាត់ទុកថា ការបង្កើត​គោលនយោបាយ គាំពារ​សុខមាលភាព​ដល់​ប្រជាពលរដ្ឋ គឺ​ជា​រៀង​ចាំបាច់​បំផុត នាពេលនេះ​។ លោក​ថ្លែងថា ការទទួលបាន​សុខមាលភាព​ប្រសើរ​សម្រាប់​ប្រជាជន នឹង​ជួយ​ជម្រុញ​បន្ថែម​ដល់​ដំណើរ​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។​

​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យ​ចំណាស់​ឆ្នាំ​២០១៧-២០៣០ នឹង​ផ្តោតលើ​សកម្មភាព​និង​ការងារ​អាទិភាព​ចំនួន​៩ សម្រាប់​មនុស្ស​វ័យចាស់ រួមមាន​៖ សន្ដិសុខ​ហិរញ្ញវត្ថុ​, សុខភាព និង​សុខុមាលភាព​, របៀបរបប​ការរស់នៅ​, បរិស្ថាន​ដែល​អំណោយផល​, សមាគម​មនុស្ស​ចាស់ និង​វ័យចាស់​, ទំនាក់ទំនង​អន្ដរ​ជំនាន់​, ការរំលោភបំពាន និង​អំពើ​ហិង្សា​លើ​មនុស្ស​ចាស់​, ស្ថានភាព​មាន​អាសន្ន និង ការត្រៀមខ្លួន​មនុស្ស​វ័យក្មេង​សម្រាប់​ឈាន​ចូល​វ័យចាស់​។​

​គួរបញ្ជាក់​ថា នា​ពេលកន្លងមក រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ដាក់​ចេញ​និង​កំពុង​អនុវត្ត នូវ​ក្របខណ្ឌ​គោលនយោបាយ​គាំពារ​សង្គម​មួយ​ចំនួន​រួច​មក​ហើយ ដើម្បី​លើកកម្ពស់​ជីវភាព សុខមាលភាព​និង​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ក្នុងនោះ​មានដូចជា ៖ គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៥! បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​)! បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល (​ប​.​ជ​.​ស​)! បេឡា​ជាតិ​អតីតយុទ្ធជន (​ប​.​ជ​.​អ​)! មូលនិធិ​ជនពិការ​(​ម​.​ជ​.​ព​)! មូលនិធិ​គាំពារ​សុខុមាលភាព សម្រាប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន  ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ! មូលនិធិ​គាំពារ​សង្គម​សម្រាប់​កម្មករ​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ​! មូលនិធិ​មន្ទីរពេទ្រ​គន្ធបុប្ផា​! និង​មូលនិធិ​ត្រីចក្រយាន​កម្ពុជា រឺ​មូលនិធិ​សី​ក្លូ ជាដើម​៕

ព័ត៌មានផ្សេងទៀត