អាជ្ញាធរ​អប្សរា​គ្រោង​នឹង​ស្ថាបនា​កំណាត់​ផ្លូវ​អង្គរ​ឃ្យុ​ង​យូ​ឱ្យ​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០១៨

10-08-2018 5:21 pm 100
  ស្តាប់
ស្តាប់ជាសំឡេង

​ដោយ​ពិនិត្យ​មើល​ឃើញ​ស្ថានភាព​ក្នុងការ​ធ្វើ​ដំណើរ​មាន​ការលំបាក អាជ្ញាធរ​ជាតិ​អប្សរា បានគ្រោង​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវ​អង្គរ​ឃ្យុ​ង​យូ ប្រវែង ៩.៦៧៩​ម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ត្រាំ​នាគ​រហូត​ដល់​ទីស្នាក់កា​រ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក ហេង គឹម​ឡេង ប្រធាន​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏ បានឱ្យដឹងថា​៖ សម្រាប់​ឆ្នាំ​២០១៨ អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​នឹង ស្ថាបនា​ព្រមទាំង​ពង្រីក​កំណាត់​ផ្លូវ​នេះ ឱ្យ​រួចរាល់​ទាំងស្រុង ដោយ​ចាប់​ដំណើរការ​នៅ​ខែ សីហា​នេះ​ហើយ​។​

​លោក បន្តថា ក្រុមការងារ​នឹង​ពង្រីក​ទំហំ​ទទឹង​ផ្លូវ​រហូត​ដល់​១០​ម៉ែត្រ ដោយ​អ៊ុត​កៅស៊ូ ហើយ​គូស​គំនូស​បែងចែក​ផ្លូវ​សងខាង​ចំនួន​១.៥០​ម៉ែត្រ​សម្រាប់​ម៉ូតូ​កង់​និង​៧​ម៉ែត្រ​សម្រាប់ រថយន្ត​ទៅ​មក​។ ផ្លូវ​នេះ​ជា​ច្រក​ធ្វើដំណើរ​យ៉ាងសំខាន់​ក្នុង​ការ​ចេញ​ចូល​ក្រុង​សៀមរាប សារមន្ទីរ ផ្សារ​រាត្រី កន្លែង​លក់​សំបុត្រ​ទស្សនា​អង្គរ និង​តំបន់​ទេសចរណ៍​ផងដែរ ។​

​សូម​បញ្ជាក់​ដែរ​ថា ក្រៅ​ពី​គម្រោង​ជួសជុល​ផ្លូវ​ក្នុង​ឧទ្យាន​អង្គរ​នា​ក្នុង​ឆ្នាំ​២០១៨ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​មាន​ការជួសជុល​ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ​ពី​ស្វាយ​ធំ​មក​ផ្សារ​ព្រះ និង​ផ្លូវ​ពី​ព្រលាន​យន្តហោះ​ដល់​មុខ​ប្រាសាទអង្គរវត្ត​។​លើសពីនេះទៅទៀត​ចាប់ពី​ឆ្នាំ​២០២០​ទៅ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បង្វែរ​ការជួសជុល កែលម្អ​ផ្លូវ​មួយចំនួន​នៅក្នុង​សហគមន៍​តំបន់​អង្គរ​ថែមទៀត​។​

​គួរបញ្ជាក់​ថា គិត​មកដល់ពេលនេះ ផ្លូវ​ក្នុង​ឧទ្យាន​អង្គរ បាន​ជួសជុល​និង​សាងសង់ រួចរាល់​ចំនួន​២០០​គីឡូម៉ែត្រ​ហើយ ទាំង​ក្រាល​កៅស៊ូ ក្រាល​គ្រួស​ក្រហម និង​ផ្លូវលំ ក្រោម​ថវិកាជាតិ​និង​ជំនួយ​ពី​បរទេស​៕

ព័ត៌មានផ្សេងទៀត