ប្រធាន​​សហជីព​​ចំនួន​​២​​យល់​ថា​ ទាល់​តែ​​ប្រាក់​ខែ​កម្មករ​​២៥០​​ដុល្លារ​​ទើប​​សម​រម្យ​​

10-08-2018 4:59 pm
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រធាន​សហជីព​ចំនួន​២ បាន​អះអាងថា ទាល់តែ​ប្រាក់ខែ​គោល​របស់​កម្មករនិយោជិត ក្នុង​មួយខែ​២៥០​ដុល្លារ ទើប​ធ្វើឱ្យ​ជីវភាព​របស់​កម្មករ​និយោជិត​អាច​រស់នៅ​សមរម្យ​បាន បើ​ធៀប​នឹង​តម្លៃ​ទំនិញ​ទីផ្សារ​នា​ពេលបច្ចុប្បន្ន ខណៈ​ប្រាក់ខែ​គោល​របស់​កម្មករនិយោជិត​នៅ​ឆ្នាំ​២០១៨​នេះ មានតែ​១៧០​ដុល្លារ​ក្នុង​មួយខែ​តែប៉ុណ្ណោះ​។ (​សេង បារាំង​)

​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត ផ្នែក​វាយ​ន​ភ​ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩ នឹង​ចាប់ផ្ដើម​ធ្វើ​ការចរចា​ក្នុង​ខែសីហា និង​ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​លោក​អាត់ ធន់​ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​អះអាងថា សហជីព​របស់លោក បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចូលរួម​ការចរចា​ប្រាក់​ឈ្នួល​កម្មករ តែ​នៅពេលនេះ សហជីព​លោក កំពុងធ្វើការ​ស្រាវជ្រាវ​អំពី​ជីវភាពរ​ស់រប​ស់កម្ម​ក​រ នៅតាម​បណ្ដា​រោងចក្រ​មិនទាន់​ចប់​នៅឡើយ​។ បើតាម​ទស្សនៈ​ផ្ទាល់ លោក​អាត់ ធុន បានឱ្យដឹងថា ទាល់តែ​ប្រាក់ខែ​គោល​២៥០​ដុល្លារ​ក្នុង​មួយខែ ទើប​ធ្វើឱ្យ​ជីវភាព​កម្មករ​រស់នៅ​សមរម្យ​បាន​………….

​សំឡេង​លោក​អាត់ ធន់​៖ 

​ចំណែក​លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​វិញ បាន​បញ្ជាក់ថា ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត វា​ត្រូវ​ទាមទារ​ឱ្យ​ស្រាវជ្រាវ​អំពី​ជីវភាព​របស់​កម្មករ​ជាមុនសិន ទើប​យើង​កំណត់​ចំណុច​រួមមួយ ជាមួយ​សហជីព​ដទៃទៀត ហើយ​យកទៅ​ចរចា​ជាមួយ​ន​យោជក និង​ភាគី​រដ្ឋាភិបាល​។ បើតាម​ការអះអាង​រប​ស់លោក​រ៉ុង ឈុន ប្រាក់ខែ​កម្មករ​ដែល​រស់នៅ​សមរម្យ គឺ​២៥០​ដុល្លារ ក្នុង​មួយខែ ទើប​ធៀប​នឹង​ទំនិញ​ទីផ្សារ​បច្ចុប្បន្ន ហើយ​ប្រាក់ខែ​គោល​២៥០​ដុល្លារ​នេះ មិន​ប៉ះពាល់​ដល់​ការប្រកួតប្រជែង និង​ការនាំចេញ​របស់​ន​យោជក​ទេ​…………

សំឡេង​លោក​រ៉ុង ឈុន​៖

​យ៉ាងណាក៏ដោយ​បើតាម​លោក​រ៉ុង ឈុន និង លោក​អាត់ ធន់ ពួកលោក​បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​រួមគ្នា​ថា សំឡេង​នៃ​សហជីព​ឯករាជ្យ​ដែល​ទាមទារ​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ ត្រូវបាន​លុប​ដោយ​សំឡេង​ភាគច្រើន​នៃ​សហជីព​ដែលមាន​និន្នាការ​ទៅរក​ថៅកែ និង​រដ្ឋាភិបាល​។ យ៉ាងណាមិញ​សម្រាប់​កម្មករ​ឯនេះ​វិញ ពួកគេ​បាន​អះអាងថា បើទោះជា​ប្រាក់ខែ​ឡើង​ច្រើន​យ៉ាងណា ក៏​មិន​អាចធ្វើឱ្យ​ជីវភាព​ពួកគេ​រស់នៅ​សមរម្យ​បានដែរ​។ មិនអាច​រស់នៅ​សមរម្យ ដោយសារតែ​ទំនិញ​ទីផ្សារ និង​ផ្ទះជួល​នៅតែ​បន្ត​ឡើងថ្លៃ ដែលជា​កត្តា​ធ្វើឱ្យ​ជីវភាព​ពួកគេ​ជួប​ការលំបាក​៕ 

ព័ត៌មានផ្សេងទៀត