ជនជាតិដើម​ភាគតិច​ចង់ឃើញ​ការអភិវឌ្ឍ​ដែល​ស្របតាម​ឆន្ទៈ​របស់ខ្លួន​

10-08-2018 4:23 pm 635
  ស្តាប់
ស្តាប់ជាសំឡេង

​យើងខ្ញុំ​ជា​ជនជាតិដើម​ភាគតិច​សូម​ប្រកាសថា ពួកយើង​មិនដែល​ជំទាស់​នឹង​ការអភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល​ឡើយ​។ ផ្ទុយទៅវិញ​ពួកយើង​ចង់បាន និង​ជំរុញឲ្យមាន​ការអភិវឌ្ឍ​ចំពោះ​ជន​ជាតិ​ដើម​ភាគតិច ប៉ុន្ដែ​ការអភិវឌ្ឍ​ដែល​ពួកយើង​ចង់បាន នោះ​គឺ​ត្រូវ​ស្រប​ជាមួយ​ឆន្ទៈ​របស់​ពួកយើង ដែល​ស្រប​នឹង​គោលការណ៍​ទទួល​ព័ត៌មាន​ពិគ្រោះ​យោបល់​ជាមុន​។ មិនតែប៉ុណ្ណោះ ក៏​ត្រូវមាន​ការព្រមព្រៀង​ដោយ​សេរី​ប្រកបដោយ​ការគោរព​សិទ្ធិ​ពិតប្រាកដ ដូច​មានចែង​ក្នុង​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម​ភាគតិច ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បោះ​ឆោ្នត​គាំទ្រ​នា​មហាសន្និបាតអ​ង្គ​ការ​សហប្រជាជាតិ​នៅ​ថ្ងៃទី ១៣ ខែ​កញ្ញា ឆ្នាំ ២០០៧ កន្លងមក​។​

​នេះ​ជា​អ្វីដែល​ក្រុម​សហគមន៍​ជនជាតិដើម​ភាគតិច​ប្រមាណ​១០៥ មកពី​៨​ខេត្ត​ទូទាំងប្រទេស​កម្ពុជា លើកឡើង​ក្នុង​សេចក្ដី​ថ្លៃ​ង​ការណ៍​របស់ខ្លួន ក្នុង​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​លើក​ទី​២៤ កាលពី​ថ្ងៃទី​៩ សីហា​។​

​សេចក្ដី​ថ្លៃ​ការណ៍ ក៏​បាន​ស្នើឲ្យ​រដ្ឋាភិបាល​បញ្ឈប់​រាល់​គម្រោង​រ៉ែ​ទាំងអស់នៅ​តំបន់ជ​ន​ជាតិ​ដើម​ភាគតិច​ដែល​បាន​ធ្វើឲ្យប៉ះពាល់​ដល់​សហគមន៍​ជនជា​តិ​ដើម​ភាគតិច​។ បញ្ឈប់​គម្រោង​ផ្ដល់​ដី​សម្បទាន​ណា​ដែល​ប៉ះពាល់​សហគមន៍​ដូចជា ក្រុមហ៊ុន ឡាន​ហ្វេ​ង រ៉ូយ​ហ្វេង និង​ក្រុមហ៊ុន​មេហ្គា​ហ្វើ​ស ជាដើម​។ ត្រូវ​សម្រួល និង​បញ្ឈប់​ការគំរាមកំហែង រារាំង​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​វប្បធម៌​ជនជាតិដើម​ភាគតិច​។ បញ្ឈប់​ការបណ្ដេញចេញ​ដោយ​បង្ខំ​គ្រប់​រូបភាព​លើ​សហគមន៍​ជនជាតិដើម និង​ស្នើឲ្យ​ពន្លឿ​ន​ការដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន និង​ជនជាតិដើម​។​

សូម​បញ្ជាក់ដែរថា ការដាក់សំណើ​នេះ​ធ្វើឡើង​នៅក្នុង​ទិវា​អន្ដរជាតិ​ជនជាតិដើម​ភាគតិច​លើក​ទី ២៤ និង​ជា​ទិវា​រំឭក​ខួប​លើក​ទី ១៤ នៃ​ទិវា​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា ក្រោម​ប្រធានបទ «​ការ​ចំណាកស្រុក និង​បន្លាស់​ទី​របស់​ជនជាតិដើម​ភាគតិច​» ដោយ​ពួកគេ​បាន​ប្រារព្ធ​ធ្វើ​ទៅតាម​ខេត្ត និង​ទីកន្លែង​រៀងៗ​ខ្លួន​នៅ​ទូទាំងប្រទេស​។​

​យ៉ាងណាក៏ដោយ មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ក្នុង​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​ដែរថា រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុង​ការថែរក្សា​វប្បធម៌​ប្រពៃណី និង​កំណត់​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច​ឲ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង​។ ជាមួយគ្នានេះ ក៏មាន​ការចូលរួម​កា​រ​ពារ គ្រប់គ្រង​ធនធាន​ព្រៃឈើ​នៅក្នុង​តំបន់​សហគមន៍ និង​នៅក្នុង​ដែនជម្រកសត្វព្រៃ ព្រមទាំង​រក្សាបាន​នូវ​តំបន់​ព្រៃ​គោរពបូជា​របស់​សហគម​ន៍​ផងដែរ​៕

ព័ត៌មានផ្សេងទៀត