ចិន​​ព្រមាន​​យន្ដហោះ​​អាមេរិក​៖ នេះ​ជា​ទឹកដី​ចិន សូម​ចាកចេញ​​ជាបន្ទាន់​!

10-08-2018 4:09 pm 3391
  ស្តាប់
រូបភាព​មន្ដ្រី​យោធា​អាមេរិក​កំពុងស្ថិតលើយន្ដហោះ
ស្តាប់ជាសំឡេង

​ជា​ច្រើនលើកច្រើនសារ អាមេរិក​បាន​បញ្ជូន​នាវា​និង​យន្ដហោះ​ឆ្លងកាត់​ដែនសមុទ្រ​ចិន​ខាងត្បូង ស្ថិតក្រោម​ច្បាប់​អន្ដរជាតិ ប៉ុន្ដែ​ចិន​ចោទថា​អាមេរិក​រំលោភបំពាន​។ ជាថ្មី​ម្ដងទៀត​នៅ​ថ្ងៃទី​១០​សីហា​នេះ យន្ដហោះ​កងទ័ពជើងទឹក​អាមេរិក បានទទួល​ការព្រមាន​ពី​ចិន​ឲ្យ​ចាកចេញ​ភ្លាមៗ​។ សំឡេង​ព្រមាន​និយាយថា “​យន្ដហោះ​យោធា​អាមេរិក ទីនេះ​គឺជា​ទឹកដី​ចិន សូម​ចាកចេញ​ជាបន្ទាន់ ហើយ​កុំ​ហោះចូល​ម្ដងទៀត​ឲ្យសោះ​។​”  ការព្រមាន​ធ្វើឡើង​នៅពេល​ហោះ​អាមេរិក ហោះ​ពីលើ​ដែន​កោះ​ចំនួន​បួន​នៅ​ប្រជុំ​កោះ​ស្ព្រាត​លី ដែល​អះអាង​កាន់កាប់​ដោយ​ចិន​។​

​ដែនសមុទ្រ​ចិន​ខាងត្បូង នរណា​ក៏​ដឹង​ដែរថា​ចិន​កំពុង​ចង់​ក្ដោប​ក្ដាប់​យក​ទាំងស្រុង រួមទាំង​ដែន​កោះ​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ប្រទេស​មួយចំនួន​ផង​។ ចិន​ចាត់ទុក​ប្រមាណ​៩០​ភាគរយ​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​កម្មសិទ្ធិ​របស់គេ ដូច្នេះ​ចិន​បាន​បន្ដ​អភិវឌ្ឍ​ដែន​កោះ​សិប្បនិម្មិត និង​បំពាក់​សព្វាវុធ​នៅតាម​កោះ​មួយចំនួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​របាយការណ៍​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​កន្លងមក​។ 

​ក្រោម​ហេតុផល​ថា​ជា​ម្ចាស់​កម្មសិទ្ធិ ចិន​តែង​ព្រមាន​ដល់​បណ្ដា​ប្រទេស​នានា នៅពេល​ឆ្លងកាត់​ដែនសមុទ្រ​ចិន​ខាងត្បូង ត្រូវតែ​ជូនដំណឹង​ដល់​ចិន​ដាច់ខាត​។ ប៉ុន្ដែ​ឥរិយាបថ​កាង​យក​ដែនសមុទ្រ​ចិន​ខាងត្បូង​ស្ទើរ​ទាំងស្រុង​នេះ ធ្វើឲ្យ​បណ្ដា​ប្រទេសមាន​ជម្លោះ​មិន​ពេញចិត្ដ​ឡើយ ក្នុងនោះ​រួមទាំង​មហាអំណាច​អាមេរិក​ផងដែរ​។ តាមពិតទៅ​អាមេរិក​ជា​អ្នកដទៃ​សុទ្ធសាធ ប៉ុន្ដែ​អាមេរិក​ថា​ខ្លួន​លូកដៃ​ដើម្បី​ចង់​រក្សា​សិទ្ធិសេរីភាព​នៃ​ការហោះហើរ និង​ការធ្វើ​នាវាចរ​ក្នុង​ដែន​មួយ​នេះ អនុលោម​តាមច្បាប់​អន្ដរជាតិ​ប៉ុណ្ណោះ​។ អាមេរិក​មិនបាន​រំលោភ​លើ​ដែន​អធិបតេយ្យ​ចិន​ឡើយ ហើយ​ប្រទេស​ដទៃ​ក៏មាន​សិទ្ធិ​ឆ្លងកាត់​ដែន​នេះ​ដូចគ្នា​ដែរ​៕

ព័ត៌មានផ្សេងទៀត