គ​.​ជ​.​ប​៖​​លទ្ធផល​​បោះឆ្នោត​​បណ្ដោះ​អាសន្ន​​នឹង​ប្រកាស​​តាម​​ការ​គ្រោងទុក​​

10-08-2018 3:58 pm
​លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​១១ សីហា​នេះ​។ ការប្រកាស​នេះ ធ្វើឡើង​ក្រោយពី គ​.​ជ​.​ប បាន​ដោះស្រាយ​បណ្តឹង​ចប់​រួចរាល់​។

​នៅ​ម៉ោង​៧​ព្រឹក ថ្ងៃទី​១១ ខែសីហា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​២៩ កក្កដា កន្លងទៅ​។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់ថា មកដល់​ថ្ងៃនេះ គ​.​ជ​.​ប បាន​ដោះស្រាយ​បណ្តឹង​ចប់​អស់ហើយ ដូច្នេះ​មិនមាន​អ្វី​រាំងស្ទះ​ដល់​ដំណើរការ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃស្អែក​ទេ​។ លោក​បន្ថែមទៀតថា ក្រោយ​ប្រកាស​រួច គ​.​ជ​.​ប នឹង​បើក​ឱ្យ​គ្រប់​គណបក្សនយោបាយ​ប្តឹងតវ៉ា ដែល​ធ្វើឡើង​តាម​នីតិវិធី ប្រសិនបើ​គ្មាន​បណ្តឹង​ទេនោះ លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​នៅ​ថ្ងៃទី​១៥ សីហា​នេះ​។​

​សូម​រម្លឹកថា ការបោះឆ្នោត​អាណត្តីទី​៦ បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ អ្នក​ទៅ​បោះឆ្នោត​នៅ​ទូទាំងប្រទេស មាន​ចំនួន​ជាង​៦​លាន​នាក់ ស្មើនឹង​៨២.១៧ ភាគរយ​។ គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន  ទំនងជា​គ្រប់គ្រង​អាសនៈ​របស់​រដ្ឋសភា​តែម្នាក់ឯង នៅក្នុង​អាណត្តីទី​៦​។​

​ដោយឡែក​ ការប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​១១ សីហា​នេះ លោក ​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ចេញ​បញ្ជា​ដល់​សមត្ថកិច្ចនៅទូទាំងប្រទេសរួមមាន៖ គណ​បព្ជា​ា​ការសន្តិសុខ​អចិន្ត្រៃយ៍ គណ​បព្ជា​ា​ការឯកភាព​គ្រប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ចាត់ចែង​ការពារ សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អប្រសើ​ការពារ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​៕

ព័ត៌មានផ្សេងទៀត