មនុស្ស​ស្លាប់​និង​របួស​ជាង​៣​ពាន់​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​៦​ខែ​

10-08-2018 3:57 pm 440
  ស្តាប់
ប្រភពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
ស្តាប់ជាសំឡេង

​នៅក្នុង​រយៈពេល​មួយ​ឆមាស ស្មើ​៦​ខែ​នៃ​ឆ្នាំ​២០១៨​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​នៅ​ទូទាំងប្រទេស ចំនួន​១ ៦៣៣​លើក បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ ថយចុះ​២៧៤ លើក ស្មើ​១៤​ភាគរយ ដោយមាន​ចំនួន​១ ៩០៧​លើក​។ នេះ​បើតាម​ការឲ្យដឹង ពី​លោក​ថី វិសាល​ប្រធានការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​នាយកដ្ឋាន​នគរបាល​ច​រាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​

​ក្នុងអំឡុងពេល​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​ចំនួន​៩៣០​នាក់ ថយចុះ​តែ​ម្នាក់​ប៉ុណ្ណោះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំ​២០១៧​កន្លងទៅ ដែលមាន​ចំនួន​៩៣១​នាក់ ហើយ​ភាគច្រើន​អ្នក​ដែល​ស្លាប់ ដោយសារ​ម៉ូតូ និង​អ្នក​ដែល​មិនបាន​ពាក់​មួកសុវត្ថិភាព​។ ចំណែក​អ្នករងរបួស​ធ្ងន់​វិញ​មាន​ចំនួន​១ ៥០៦​នាក់ លើ​១ ៩៤៣​នាក់ ថយចុះ​៤៣៧​នាក់​។ រីឯ​អ្នក​របួសស្រាល​មាន​ចំនួន​៨៩៣​នាក់ លើ​១ ០៦៣​នាក់ ថយចុះ ១៧០​នាក់​។ 

​ក្រៅពី​បណ្តាលឲ្យ​មនុស្ស​ស្លាប់ គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៦​ខែ​នេះ ក៏បាន​បណ្តាលឲ្យ​យានយន្ត ខូចខាត​ចំនួន​ជាង​៣​ពាន់​គ្រឿង​ផងដែរ​។ នៅ​ក្នុងនោះ ម៉ូតូ​មាន​ចំនួន​១ ៦៥៤​គ្រឿង រថយន្ត​តូច​ឬ​ហៅថា​រថយន្ត​គ្រូ​សារ មាន​ចំនួន​៨១៧​គ្រឿង រថយន្ត​ធំ​ធុន​ធ្ងន់​មាន​ចំនួន​៣៩៦​គ្រឿង និង​យានយន្ត​កែច្នៃ​មាន​ប្រមាណ​១៥២​គ្រឿង​។​

​គួរ​រម្លឹក​ជូន​ដែរថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅនេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៦ ៩៦៥​លើក បង្ករ​ឲ្យ​អ្នកស្លាប់ មាន​ចំនួន​៤ ៤៨៦​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៧ ១៣៧​នាក់ ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​៕

ព័ត៌មានផ្សេងទៀត