កូរ៉េខាងជើង​​រិះគន់​​មន្ដ្រី​​អាមេរិក​​ដែល​ទទូច​​ឲ្យ​រក្សា​​ទណ្ឌកម្ម​​ប្រឆាំង​​កូរ៉េខាងជើង​​​​

10-08-2018 3:19 pm 1779
  ស្តាប់
អាវុធ​នុយក្លេអ៊ែរកូរ៉េខាងជើង
ស្តាប់ជាសំឡេង

​អាមេរិក​តាមរយៈ​មន្ដ្រី​ជាច្រើនរូប នៅតែ​អំពាវនាវ​ឲ្យ​រក្សា​ទណ្ឌកម្ម​ដាក់​លើ​កូរ៉េខាងជើង​ដដែល លុះត្រាតែ​កូរ៉េខាងជើង​ព្រម​រំលាយចោល​នុយក្លេអ៊ែរ​ទាំងស្រុង​។ ជុំវិញ​បញ្ហា​នេះ កូរ៉េខាងជើង​បាន​រិះគន់​ធ្ងន់ៗ​ដល់​មន្ដ្រី​អាមេរិក​។ ក្រសួងការបរទេស​កូរ៉េខាងជើង​បន្ទោស​ថា មន្ដ្រី​អាមេរិក​ទទួលបន្ទុក​កិច្ចការ​ចរចា​ជាមួយ​កូរ៉េខាងជើង កំពុង​ប្រឆាំង​គោលបំណង​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ និង​ប្រឆាំង​សេចក្ដីប្រកាស​ចេញ​ក្រោយ​កិច្ចប្រជុំ​កំពូល រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​ក្នុងប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១២​មិថុនា​។ 

​ក្រសួង​បាន​បន្ថែមថា នឹង​គ្មាន​ការផ្លាស់ប្ដូរ​ឈានទៅរក​ការរំលាយ​នុយក្លេអ៊ែរ​ដាច់ខាត ប្រសិនបើ​អាមេរិក​អនុវត្ដ​តាម​ការងារ​ដែល​ហួស​សម័យ​ហើយ​នោះ​។ លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​បាន​ឯកភាព​សហការ​ឆ្ពោះទៅរក​ការរំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ ប៉ុន្ដែ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ដំណើរការ​នេះ កូរ៉េខាងជើង​មិន​បានប្រកាស​ជា​សាធារណៈ​ទេ​។ ចំណែក​អង្គការសហប្រជាជាតិ​បាន​និយាយថា កូរ៉េខាងជើង​នៅតែ​បន្ដ​កម្មវិធី​នុយក្លេអ៊ែរ​ដដែល​។ 

​ដោយ​មិនឃើញ​ការប្ដេជ្ញាចិត្ដ​ពេញលេញ មន្ដ្រី​អាមេរិក​ប្រកាស​នឹង​នៅតែ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ដដែល ទាំង​សម្ពាធ​សេដ្ឋកិច្ច​និង​នយោបាយ​។ ប៉ុន្ដែ​ត្រូវ​ក្រសួងការបរទេស​កូរ៉េខាងជើង​ឆ្លើយតប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ដរាបណា​អាមេរិក​បដិសេធ​កិច្ចការ​ជា​មូលដ្ឋាន​សម្រាប់​ភាពជា​ដៃ​គូសន្ទនា និង​ព្យាយាម​អនុវត្ដ​តាម​កិច្ចការ​ដែល​គ្មាន​ប្រយោជន៍​ទៀត​នោះ កុំ​សង្ឃឹមថា​កូរ៉េខាងជើង​ធ្វើតាម​ការប្ដេជ្ញាចិត្ដ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ឲ្យសោះ​។ 

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​កូរ៉េខាងជើង​រិះគន់​អាមេរិក ចាប់តាំងពី​មាន​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​ធ្វើឡើង​នៅ​សិង្ហ​បុរី​។ ការប្រើ​ពាក្យសម្ដី​រិះគន់​ដូច្នេះ ក៏មាន​ក្ដីបារម្ភ​កើតឡើង ខ្លាច​កូរ៉េខាងជើង​និង​អាមេរិក​ផ្ទុះ​ភាព​តានតឹង​ជាថ្មី ព្រោះ​ធ្លាប់ជា​គូសត្រូវ​ចាស់​នឹង​គ្នា​ផង​៕

ព័ត៌មានផ្សេងទៀត