មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​​កម្ពុជា​ រកឃើញថា​ ស្ត្រី​បម្រើការ​​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ មាន​ចំនួន​​តិចតួច​បំផុត​​

10-08-2018 11:21 am 654
  ស្តាប់
លោកស្រីជា លាង អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​
ស្តាប់ជាសំឡេង

​ព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំខែ​សីហា​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ស្តីពី​សិទ្ធិ​ទទួលបាន​ការជំនំជម្រះ​ដោយ​យុត្តិធម៌​សម្រាប់​ស្ត្រី​នៅ​កម្ពុជា បាន​បង្ហាញឲ្យឃើញពី​ចំនួន​ស្ត្រី បម្រើការ​ក្នុង​ប្រព័ន្ធយុត្តិធម៌ មាន​ចំនួន​តិចតួច​បំផុត ដែល​ធ្វើឲ្យប៉ះពាល់​ខ្លាំង ដល់​ជនជាប់ចោទ ជនរងគ្រោះ និង​សាក្សី ជា​ស្ត្រី​។​

​របាយការណ៍​បានបង្ហាញ​តួលេខ​ថា ស្ត្រី​ជា​ចៅក្រម មាន​ត្រឹមតែ​១៤ %​នៃ​ចៅក្រម​ទាំងអស់ ស្ត្រី​ជា​ព្រះរាជអាជ្ញា មាន​ត្រឹម​១២% នៃ​ព្រះរាជអាជ្ញា​ទាំងអស់ ស្ត្រី​ជា​ក្រឡាបញ្ជី មាន​ត្រឹម​មាន​២២%​នៃ​ក្រឡាបញ្ជី​ទាំងអស់ និង​ស្ត្រី​ជា​មេធាវី មាន​ត្រឹម​២០% នៃ​មេធាវី​ទាំងអស់​។​

​តាម​តួលេខ នៃ​របកគំហើញ​ពី​ការសង្កេត​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចន្លោះ​ពី​ថ្ងៃទី​១ វិច្ឆិកា​ឆ្នាំ​២០១៦ ដល់ ថ្ងៃទី​៣០ មិថុនា ឆ្នាំ​២០១៨ បង្ហាញថា លើ​សំណុំរឿង​ចំនួន​៤៥៣ ដែល​ក្នុងនោះ​មាន​ជនជាប់ចោទ​ជា​ស្ត្រី​៩៧​នាក់ នៅក្នុង​សំណុំ​រៀង​៧៦​។​ក្នុងចំណោម​ជនជាប់ចោទ​ជា​ស្ត្រី​ទាំងនោះ មាន​២៧​នាក់ ស្មើ​២៨% មិនមាន​វត្តមាន​ក្នុង​សវនាការ ដោយសារ​ខ្វះ​ទំនាក់ទំនងរ​វា​សាលាឧទ្ធរណ៍ និង​មណ្ឌល​កែប្រែ ហើយ​ជនជាប់ចោទ​ជា​ស្ត្រី​ចំនួន​២៥​នាក់ ស្មើ​២៦% មិនមាន​មេធាវី​តំណាង​។ ជាងនេះទៀត ជនជាប់ចោទ​ជា​ស្ត្រី​១៤%​បង្ហាញខ្លួន​ចំពោះមុខ​តុលាការ ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​ទណ្ឌិត ដែល​ផ្ទុយ​នឹង​ការ​សន្មត់​ទុកជាមុន​ថា​គ្មាន​ទោស​។​

​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ឲ្យដឹងថា​ស្ត្រីខ្មែរ​ភាគច្រើនកំពុង​ប្រឈម​នឹង​ការរើសអើង​ក្នុង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា ជាពិសេស​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ ការឃុំខ្លួន​បណ្ដោះអាសន្ន និង​អំពើហិង្សា​ផ្នែក​យេនឌ័រ​។​អង្គការសិទ្ធិមនុស្ស​មួយ​នេះ អះអាងថា បញ្ហា​ខ្វះ​មេធាវី បាន​ប៉ះពាល់​ដល់​សិទ្ធិ​ស្ត្រី​មកពី​តាម​តំបន់​ដាច់ស្រយាល ហើយ​ដែល​ធ្វើឲ្យ​ពួកគេ​បាត់បង់​សិទ្ធិមាន​វត្តមាន​ចំពោះមុខ​តុលា​ការ ការ​សន្មត់​ថា គ្មាន​ទោស និង​សិទ្ធិ​នៅ​ស្ងៀម​ជាដើម​។​

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ស្នើឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ធានាថា ស្ត្រី​ទទួលបាន​ភាពស្មើគ្នា​ផ្នែក​យុត្តិធម៌ និង​ការទទួលបាន​ជំនួយ​ពី​មេធាវី​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​ក្រសួងមហាផ្ទៃ​គួរ​យក​គំរូ​ល្អ​ពី​សាលាក្ដី​ខ្មែរក្រហម ដើម្បី​ការពារ​សាក្សី និង​ជនរងគ្រោះ​។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានទាមទារ​ឲ្យមាន​ការហ្វឹកហ្វឺន​ជំនាញ​បន្ថែម​ដល់​សមត្ថភាព​នៃ​មន្ត្រី​តុលាការ​កម្ពុជា ឲ្យបាន​ច្រើន​តាមដែ​លអាច​ធ្វើទៅបាន​ដើម្បី​ប្រសិទ្ធភាព និង​ការ​គាំពារ​ផ្នែក​សមភាព​យេនឌ័រ​៕

ព័ត៌មានផ្សេងទៀត