អង្គរ​វត្ត​​​បន្ត​​​​ជាប់​​​ចំណាត់​​ថ្នាក់​​​លេខ​​១​​​ជា​​​សំណង់​​​ប្រវត្តិ​​សាស្ត្រ​​​លើ​​​លោក​​​

10-08-2018 8:56 am 1185
  ស្តាប់
ស្តាប់ជាសំឡេង


​ប្រាសាទអង្គរវត្ត​កម្ពុជា បន្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ក្នុងចំណោម​សំណង់​បុរាណ​ទាំង​២៥ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ដ៏​លើសលុប​ពី​អ្នកធ្វើដំណើរ និង​ទេសចរ​អន្តរជាតិ​រាប់លាន​នាក់​។ (​សេង បារាំង​)

​ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ដ៏​លើសលុប​ពី​អ្នកធ្វើដំណើរ និង​ទេសចរ​អន្តរជាតិ​រាប់លាន​នាក់ នៅលើ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​បានទទួ​ល​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ក្នុងចំណោម​សំណង់​បុរាណ​ទាំង​២៥​។ 

​ក្រសួងទេសចរណ៍​បាន​អះអាងថា ពិធី​ប្រគល់​-​ទទួលពាន​រង្វាន់​ខាង​លើ​នេះ ត្រូវបាន​ធ្វើឡើង​នៅមុខ​ប្រាសាទអង្គរវត្ត នា​រសៀល​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០១៨ ដែលមាន​ការចូលរួម​ពី​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក​សុខ សង្វា​រ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​អ្នកស្រី សា​រ៉ា ម៉ា​ធ្យូស៍ ប្រធាន TripAdvisor និង​មាន​ការចូលរួម​ពី​មន្ត្រីរាជការ មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រជាពលរដ្ឋ រួមទាំង​ភ្ញៀវទេសចរ​ជាច្រើន​នាក់​ផងដែរ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ពិធី​ប្រគល់​-​ទទួល​ពានរង្វាន់ អ្នកស្រី​សា​រ៉ា ម៉ា​ធ្យូស៍ បាន​លើកឡើងថា ការផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជា ជាទី​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ឆ្នាំ​២០១៨ ធ្វើឡើង​តាមរយៈ​ការ​ស្រង់​មតិ​រយៈពេល​១២​ខែ លើ​ចំណាប់អារម្មណ៍ និង​ស្សនៈ​របស់​អ្នក​ទេសចរណ៍​រាប់លាន​នាក់​ជុំវិញ​ពិភពលោក កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​យ៉ាងណាក៏ដោយ​លោក​សុខ សង្វា​រ បានបង្ហាញ​សុទិដិនិយមថា តាមរយៈ​ការផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​នេះ តំបន់​រមណីយដ្ឋាន​អង្គរ​ទាំងមូល​នឹង​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាច្រើន​បន្ថែមទៀត ហើយ​កម្ពុជា​ក៏​កាន់តែ​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​កាន់តែ​ទូលំទូលាយ​ទៀត​ផងដែរ​។​

​បើតាម​លោក​ឃឹម ប៊ុន​សុង បានឱ្យដឹងថា កន្លងមក​កម្ពុជា ក៏​ធ្លាប់បាន​ទទួល​ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក​ពី​ស្ថាប័ន​វាយតម្លៃ​អន្តរជាតិ​ផ្សេងៗ​ទៀត នៅ​ឆ្នាំ​២០១៤ អង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​តំបន់​បុរាណ​វិទ្យា និង​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​បំផុត​លើ​ពិភពលោក នៅលើ​គេហទំព័រ ArcheaoMadness​។ នៅ​ឆ្នាំ​២០១៦ អង្គរវត្ត​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ដ៏​ល្បីល្បាញ​លើ​លោក នៅលើ​គេហទំព័រ Lonely Planet​។ នៅ​ឆ្នាំ​២០១៨​នេះ រាជធានី​អង្គរ​ក៏​ទទួលបាន​ជ័យលាភី​ជា​រាជធានី​ទេសចរណ៍ និង​វប្បធម៌​ពិភពលោក​ដែរ​៕

ព័ត៌មានផ្សេងទៀត