ប្រាក់​ខែ​​គោល​​របស់​​កម្មករ​​ចំនួន​​ប៉ុន្មាន​​ទើប​​អាច​​រស់​នៅ​​សម​រម្យ​​បាន​​ក្នុង​​ឆ្នាំ​​២០១៩?​

09-08-2018 6:28 pm 893
  ស្តាប់
ស្តាប់ជាសំឡេង

​តើ​ប្រាក់ខែ​គោល​របស់​កម្មករ​ប៉ុន្មាន​ក្នុង​មួយខែ ទើប​ធ្វើឱ្យ​ជីវភាព​កម្មករនិយោជិត​រស់នៅ​សមរម្យ​បាន ខណៈ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភ​ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩ នឹង​ចាប់ផ្ដើម​ធ្វើ​ការចរចា​ឆាប់ៗ​នេះ​។ (​សេង បារាំង​)

​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដា​វិជ្ជាជិវៈ បាន​ជូនដំណឹង​ដល់​សាធារណជន ភាគី​ពាក់ព័ន្ធ ដូចជា​កម្មករនិយោជិត និយោជក និង​អង្គការ​វិជ្ជាជីវៈ​ស្ដីពី​កាលវិភាគ​នៃ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភ​ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩។ កាលវិភាគ​នៃ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៩ ចែកចេញជា​៤​ដំណាក់កាល ដោយ​ក្នុង​រួមមាន​៖

១. ខែ​សីហា ឆ្នាំ​២០១៨ ជា​ការចាប់ផ្ដើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នី​មួយៗ និង​ជា​លក្ខណៈ​ទ្វេភាគី។​

២. ខែ​កញ្ញា ឆ្នាំ​២០១៨ ជា​ការចាប់ផ្ដើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ត្រីភាគី​។

៣. គ្រប់ភាគី​ទាំងអស់​ត្រូវ​ប្រើ​លក្ខណៈវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារការងា​រ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ក៏ដូចជា​បន្ទាត់​ក្រីក្រ សម្រាប់​ធ្វើការ​ជា​មូលដ្ឋាន​ក្នុង​ការសិក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​។

​និង​ទី​៤ គ្រប់ភាគី​ទាំងអស់ សូម​ផ្ដោតលើ​ទិន្នន័យ និង​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ ដោយយោង​លើ​លក្ខណៈវិនិច្ឆ័យ​ទាំង​៧ ដូចដែល​បានកំណត់​ក្នុង​មាត្រា​៥ នៃ​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការសម្របសម្រួល​ផ្ទៃក្នុង និង​ប្រកាន់​គោលជំហរ​រួមមួយ​។​

​ពាក់ព័ន្ធ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មក​រ​សម្រាប់​ឆ្នាំ​២០១៩​នេះ សហជីព​មួយចំនួន​កំពុងតែធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ជីវភាព​របស់​កម្មករ​និយោជិត​នៅតាម​បណ្ដា​រោងចក្រ ថា​តើ​ប្រាក់ខែ​ប៉ុន្មាន​ដែល​ជួយ​ឱ្យ​កម្មករនិយោជិត អាច​រស់នៅ​សមរម្យ​បាន ដើម្បី​យកទៅ​ចរចា​ជាមួយ​ភាគី​ន​យោជក​។ បើតាម​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​ថា សហជីព​របស់លោក​កំពុងធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ជីវភាព​របស់​កម្មករ​និយោជិត​នៅតាម​បណ្ដា​រោងចក្រ មិនទាន់​ចប់​នៅឡើយ ដោយ​រងចាំ​សិក្សា​ស្រាវជ្រាវ​ចប់​សិន ទើប​អាច​កំណត់​បាន​ថា ប្រាក់ខែ​ប៉ុន្មាន​ដែល​យកទៅ​ចរចា​ដើម្បី​ធ្វើឱ្យ​ជីវភាព​បងប្អូន​កម្មករនិយោជិត អាច​រស់នៅ​សមរម្យ​។ 

​យ៉ាងណា​ក៏​បើតាម​លោក​អាត់ ធន់ និង​លោក​រ៉ុង ឈុន បាន​អះអាងថា ទាល់តែ​ប្រាក់ខែ​គោល​ចំនួន​២៥០​ដុ​លា្ល​រ​ក្នុង​មួយខែ ទើប​ធ្វើឱ្យ​ជីវភាព​កម្មករ​អាចរស់នៅ​សមរម្យ​បាន បើ​ប្រៀប​នឹង​តម្លៃ​ទីផ្សារ​សព្វថ្ងៃ ហើយ​ប្រាក់ខែ​គោល​ចំនួន​២៥០​ដុ​លា្ល​រ​ក្នុង​មួយខែ​នេះ មិន​ធ្វើឱ្យប៉ះពាល់​ដល់​ការប្រកួតប្រជែង​របស់​ក្រុមហ៊ុននាំចេញ​ទេ​។​

​សូមបញ្ជាក់ថា ប្រាក់ខែ​គោល​របស់​កម្មករ​សព្វ​ថ្ងៃនេះ គឺ​១៧០​ដុល្លារ​ក្នុង​មួយខែ ហើយ​បើតាម​ការអះអាង​របស់​រដ្ឋាភិបាល ប្រាក់ខែ​គោល​នេះ បើ​ធៀប​នឹង​ប្រទេស​មួយចំនួន គឺ​កម្ពុជា​ខ្ពស់ជាង​។ យ៉ាងណាក៏ដោយ​បើ​ប្រាក់ខែ​កម្មករ​ឡើង​ខ្ពស់ តែ​ទំនិញ​ទីផ្សារ​នៅតែ​ឡើងថ្លៃ មិន​អាចធ្វើឱ្យ​ជីវភាព​របស់​កម្មករ​រស់នៅ​បាន​សមរម្យ​នោះទេ នេះ​ជា​ការអះអាង​របស់​កម្ម​ក​រ​៕ 

ព័ត៌មានផ្សេងទៀត