អាជ្ញាធរ​ជាតិ​អប្សរា​បើក​វគ្គ​អប់រំ​យុវជន​ស្ម័គ្រចិត្ត​ការងារ​បេតិកភណ្ឌ​មកពី​១០​ប្រទេស​

09-08-2018 5:19 pm 301
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បើក​កម្មវិធី​អប់រំ​យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក ដែល​មាន​រយៈពេល​១២​ថ្ងៃ​នៅ​តំបន់​អង្គរ​។ ដោយ​កម្ម​វិធី​នេះ​នឹង​ចាបផ្តើម ពី​ថ្ងៃ​ទី​០៩ -២១ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​មាន​យុ​វជ​ស្ម័គ្រចិត្ត​ចូលរួម​ប្រមាណ​២០​រូប មកពី​១០​ប្រទេស​រួម​ទាំង​កម្ពុជា​ផងដែរ​។

​​កម្មវិធី​នេះ បង្កើតឡើង​ក្នុង​គោលបំណង ជំរុញ​ឱ្យ​យុវជន​មាន​ការចូលរួម​ការងា​រ ពាក់ព័ន្ធ​នឹង​បេតិកភណ្ឌ​ដើម្បី​ឲ្យ​ពួកគេ​បាន​ស្វែងយល់​ពី​វប្បធម៌ របស់​គ្នា​ទៅវិញទៅមក ដឹង​ពី​វិធី​ថែរក្សា ការពារ​បេតិកភណ្ឌ​នៃ​ប្រទេស​ផ្សេងៗ​។ ដោយ​យុវជន​ស្ម័គ្រចិត្ត នឹង​ចូលរួម​ស្តាប់​បទ​បង្ហាញ​ពី​មន្ត្រី​ជំនាញ ទាក់ទង​នឹង​ការវិវត្ត ការអភិរក្ស ការគ្រប់គ្រង​ទឹក សហគមន៍ និង​មាន​ការចុះ​ទៅ​តាម​ប្រាសាទ​ផ្សេងៗ​ដើម្បី​ស្វែងយល់​ពី​សំណង់​ប្រវត្តិសាស្ត្រ ការរស់នៅ​របស់​សហ​គ​មន៍ និង​ការសិក្សា​ពី​កុលាលភាជន៍ និង​សារមន្ទីរ​ជាដើម​។​

​លោក សុខ សង្វា​រ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា យុវជន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​របស់ខ្លួន​។ កម្មវិធី​នេះ នឹង​ជួយ​ឲ្យ​យុវជន​យល់ដឹង​ពី​វប្បធម៌​ចម្រុះ​នៃ​ប្រទេស​ផ្សេងៗ ហើយ​មាន​គំនិត​ស្រឡាញ់​ថែរក្សា​វប្បធម៌​របស់​ខ្លួន ជាពិសេស គឺ​បង្កើត​ភាពស្និទ្ធស្នាល គោរព​ឲ្យ​តម្លៃ​ដល់​បេតិកភណ្ឌ​របស់​ជាតិ​សាសន៍​ផ្សេងៗ​ពី​ខ្លួន​។ 

​សូម​បញ្ជាក់ថា​សិក្ខាកាម​១៥​រូប មកពី​ប្រទេស Austria, France, Korea, Lebanon, Tunisia, China, Czech Republic, India, Philippines និង​មាន​ការចូលរួម​ពី​យុវជន​ថ្នាក់​ជាតិ​មាន​១០​រូប ក្នុងនោះ​៥​រូប​មក​ពី​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ៣​រូប​មកពី​អាជ្ញាធរ​ជាតិ​អប្សរា ១​រូប​មកពី​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​១​រូប​មកពី​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក សរុប​ចំនួន​២០​នាក់​។

 ​គួរ​រលឹក​ដែរ​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដូចគ្នា​នេះ​ឡើង​នៅ​ឆ្នាំ​២០១៦ ដើម្បី​បង្កើន​ចំណេះ​យុវជន និង​បណ្តុះ​គំនិត​យុវជន​ឱ្យ​មាន​ចិត្ត​ស្រលាញ់​បេតិកភណ្ឌ និង​ចូលរួម​ថែរក្សា​នូវ​តម្លៃ​បេតិកភណ្ឌ​ពិភពលោក ទោះបីជា​ជាតិ​សាសន៍​អ្វី​ក៏ដោយ​៕

ព័ត៌មានផ្សេងទៀត