ADB​គ្រោង​ផ្តល់​ប្រាក់កម្ចី​រាប់លាន​ដុល្លារ ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​១០​នៅ​កម្ពុជា​

09-08-2018 4:36 pm 826
  ស្តាប់
ស្តាប់ជាសំឡេង

​ធនាគារ​អភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ( ADB ) ដែល​កន្លងមក​តែងតែ​ផ្តល់​កម្ចី ដើម្បី​គាំទ្រ​ដល់​វិស័យ​ផ្សេងៗ​នៅ​កម្ពុជា នៅពេលនេះ បាន​បន្ត​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា​ទៀត ដោយនៅ​ក្នុងនោះ ADB គ្រោង​ផ្តល់​ប្រាក់កម្ចី​រាប់លាន​ដុល្លារ ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​១០​។  បើតាម​ការឲ្យដឹង​នៅលើ​គណនី​ហ្វេស​ប៊ុក របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ADB គ្រោង​ផ្តល់​កម្ចី​រហូតដល់​ជាង​៣​លាន​ដុល្លារ ដល់​រោង​ម៉ាស៊ីន​នីមួយៗ ក្នុងចំណោម​រោង​ម៉ាស៊ីន​ទាំង​១០​។​

​ផែនការ​ផ្តល់​ប្រាក់កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​នេះ ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ (Rice Sector Development Program)​។ គម្រោង​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ ក្រោម​ប្រភព​ទុន​ពី ADB នេះ កន្លងមក​គេ​បាន​សិក្សា​នៅ​ខេត្ត​ចំនួន​៣ ដោយ​ក្នុង​ខេត្ត​មួយ ជ្រើសរើស​យកតែ​៣០​ភូមិ​ប៉ុណ្ណោះ​មក​សិក្សា​។ ខេត្ត​ទាំង​៣​នោះ​មានដូចជា ខេត្ត​ព្រៃវែង ខេត្ត​កំពង់ធំ និង​ខេត្តបាត់ដំបង ដែលមាន​ប្រព័ន្ធ​ស្រោចស្រប គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន​១០ ៣០០​ហិកតា​។ 

​គម្រោង​នេះ ក៏មាន​ការសហការ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​។ នៅ​ក្នុងនោះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទទួល​ខាង​រៀបចំ​ធ្វើ​ផែនការ​ក្សេត្រ​បរិស្ថាន ដើម្បី​កំណត់ តើ​តំបន់​ណា ត្រូវ​ជាមួយ​ដំណាំ​ប្រភេទ​អ្វី ជាដើម​។ ចំណែកឯ ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ទទួល​រៀបចំ​ធ្វើ​ផែនការអភិវឌ្ឍន៍​ឃុំ ដើម្បី​កំណត់ ថា​តំបន់​ណា​ទុក​ធ្វើ​កសិកម្ម និង​តើ​តំបន់​ណា​សម្រាប់​លំនៅឋាន ជាដើម​។​

​នេះ​បើតាម​ការ​ឲ្យដឹងពី​លោក​Ung Malar មកពី​ស្ថាប័ន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ SBK នៅក្នុង​ជំនួប​ពិភាក្សា ជាមួយ​លោក​មូល សា​រិទ្ធី​អគ្គលេខាធិការ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ស្តីពី គម្រោង​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ ក្រោម​ប្រភព​ទុន​ពី ADB​នៅ​ថ្ងៃទី​៩​ខែសីហា​នេះ​។ ក្នុងជំនួប ដែល​ពិភាក្សា ដើម្បី​ទទួលបាន​ព័ត៌មាន អំពី បច្ចុប្បន្នភាព​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​នេះដែរ ក៏មាន​ការលើកទឹកចិត្ត ឲ្យ​ភាគី​ពាក់ព័ន្ធ បន្ត​ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​កម្ចី ដែលមាន​អត្រា​ការប្រាក់​ទាប ដល់​រោង​ម៉ាស៊ីន និង​ដល់​សហគមន៍​កសិកម្ម​ផងដែរ​។ ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​កម្ចី ដែលមាន​អត្រា​ការប្រាក់​ទាប ព្រោះ​កន្លងមក​សហគមន៍​កសិកម្ម នៅមាន​ការខ្វះខាត​ដើម​ទុន​ច្រើន ពិសេស​ដើមទុន​សម្រាប់​ការចាប់​ផ្តើមធ្វើ​ទំនើបកម្ម​កសិកម្ម​ដោយ​ខ្លួនឯង​៕

 

 

 

​ 

ព័ត៌មានផ្សេងទៀត