មន្ត្រីរដ្ឋាភិបាល​ប្រាប់​អាមេរិក​ថា​ខ្លួន​គ្មាន​ដែនសមត្ថកិច្ច​ដោះលែង​លោក​កឹម សុខា​ទេ​

09-08-2018 4:13 pm 445
  ស្តាប់
ស្តាប់ជាសំឡេង

​កិច្ច​អន្តរាគមន៍​របស់​អាមេរិក លើ​ការស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក​កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីត​មន្ត្រីជាន់ខ្ពស់​គណ​បក្សប្រឆាំង ដទៃ​ផ្សេង​ទៀត ឲ្យមាន​សេរីភាព ត្រូវបាន​គេ​មើលឃើញ​ជារឿយៗ​។ ដោយឡែក​ថ្មីៗ​នេះ ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក​Ranall Schriver ក៏​បាន​ទាមទារ​ឲ្យ​ដោះលែង​អតីត​មេដឹកនាំ​គណបក្សប្រឆាំង ដែល​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​នោះ​ផងដែរ​។​

​យ៉ាងណាមិញ ជុំវិញ​បញ្ហា​នេះ ត្រូវបាន​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បញ្ជាក់ថា ការស្នើ​របស់​ឧបការី​អាមេរិក​នេះ ធ្វើឡើង​ដោយ​ខុស​ទិស​ដៅ​។ ខុស​ទិស​ដៅ ដោយសារតែ​មិនមែន​ជា​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ប៉ុន្តែ​វា​ជា​ដែន​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​។ ម្យ៉ាងវិញទៀត សំណុំរឿង​លោក​កឹម សុខា កំពុង​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​ផង​ដែរ​។​

​សំណុំរឿង​របស់លោក កឹម សុខា នឹង​ត្រូវ​តុលាការ​កំពូល បើក​សវន​ការ​ជាថ្មី​ម្ដងទៀត នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨​ខាងមុខនេះ​។ តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី​០១ ខែ​សីហា តុលាកា​កំពូល មិន​បាន​បញ្ជាក់​ទេ​ថា នឹង​មាន​វត្តមាន​លោក កឹម សុខា ជា​ជន​ត្រូវ​ចោទ ចូលរួម​ក្នុង​សវន​ការ​នេះ​ឬ​យ៉ាងណា ខណៈ​សវន​ការ​កន្លងទៅ ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​វត្តមាន​លោក កឹម សុខា ដែល​មន្ត្រី​អះអាងថា បារម្ភ​ពី​សន្ដិសុខ និង​សុវត្ថិភាព​របស់​លោក​។​

​លោក កឹម សុខា ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ពីបទ សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស ឬ​ក្បត់ជាតិ​។ លោក​ត្រូវបាន​សមត្ថកិច្ច​សម្រុក​ចូល​ទៅ​ចាប់ខ្លួន​នៅក្នុង​ផ្ទះ​ទាំង​កណ្ដាល​អាធ្រា​ត្រ​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ និង​ត្រូវបាន​ឃុំខ្លួន​រហូតមក​ដល់​បច្ចុប្បន្ន​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត