ក្រសួងកសិកម្មស្វាគមន៍គម្រោងវិនិយោគទុនជាមួយសហគមន៍អឺរ៉ុប

09-08-2018 3:43 pm 230
  ស្តាប់
ស្តាប់ជាសំឡេង

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគទុនជាមួយសហគមន៍អឺរ៉ុប លើវិស័យកសិកម្ម ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនអង្ករកសិកម្មរុងរឿងចំកាត់ នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី៩ ខែសីហា ។

ការសាទរនេះ ធ្វើឡើងដោយលោករដ្ឋមន្រ្តីបានលើកឡើងក្រោមហេតុផលថា ទី១. វាជាការជួយជំរុញផលិតកម្មពូជស្រូវ សុទ្ធល្អ ឆ្លើយតបតាមតម្រូវការទីផ្សារ ទី២.រួមគ្នាជំរុញការធ្វើទំនើបកម្មផលិតកម្មដំណាំស្រូវ និងទី៣.ចូលរួមលើកស្ទូយកម្រិតជីវភាពប្រជាកសិករ តាមរយៈបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក ។

យ៉ាងណាក៏ដោយ លោក វេង សារុន ស្នើដល់ក្រុមហ៊ុន សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃខេត្តគោលដៅ ដើម្បីពិនិត្យ និងសិក្សាវាយតម្លៃ ទៅលើគោលការណ៍ច្បាប់ និងបច្ចេកទេសឱ្យបានទូលំទូលាយនិងស៊ីជម្រៅជាមុន ។

បើតាមលោក ជីវ អានុសន នាយកក្រុមហ៊ុនអង្ករកសិកម្មរុងរឿងចំកាត់ បានឱ្យដឹងថា រហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានវិនិយោគលើដំណាំស្រូវ និងកែច្នៃអង្ករ ក្នុងខេត្តគោលដៅចំនួន៤ រួមមាន ខេត្តកំពង់ស្ពឺ កំពត តាកែវ និងខេត្តកណ្តាល ។ 

គម្រោងនេះ បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយកសិករជាង ២ម៉ឺនគ្រួសារផលិតស្រូវចំណី និងជាង២ពាន់គ្រួសារទៀត ជាអ្នកផលិតពូជ តាមរយៈការផ្តល់ពូជ និងបច្ចេកទេស រួចប្រមូលទិញដើម្បីកែច្នៃ និងនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងអឺរ៉ុប ។

នាយកក្រុមហ៊ុនរូបនេះ អះអាងថា នាពេលអនាគត ក្រុមហ៊ុនមានគម្រោងពង្រីកផលិតកម្មបន្ថែមនៅតាមខេត្តទូទាំងប្រទេស ដោយខ្ចីទុនវិនិយោគពីសហគមន៍អឺរ៉ុប ៕ 

ព័ត៌មានផ្សេងទៀត