អាមេរិក​​នឹង​ដាក់ទណ្ឌកម្ម​ថ្មី​​លើ​រុស្ស៊ី​​ជុំវិញ​​ការបំពុល​​អតីត​​ចារកម្ម​​រុស្ស៊ី​​ដោយ​​អាវុធ​គីមី​

09-08-2018 3:29 pm 310
  ស្តាប់
រូបភាព​អតីតចារកម្មរុស្ស៊ី​និងកូនស្រីដែលរងគ្រោះ
ស្តាប់ជាសំឡេង

​សហរដ្ឋអាមេរិក​បាន​និយាយថា ខ្លួន​នឹង​ដាក់ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី ចំពោះ​ការប្រើ​សារធាតុ​គីមី​បំពុល​អតីត​ចារកម្ម​រុស្ស៊ី​មួយរូប​រួមទាំង​កូនស្រី​របស់លោក​ផង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បានចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ ចាត់ទុក​ការបំពុល​អតីត​ចារកម្ម​រុស្ស៊ី​និង​កូនស្រី ជា​ការប៉ុនប៉ង​សម្លាប់​តែម្ដង​។ សេចក្ដីថ្លែងការណ៍​បានឲ្យដឹង​ដែរថា អាមេរិក​បាន​កំណត់ថា​រដ្ឋាភិបាល​រុស្ស៊ី បាន​ប្រើ​សារធាតុ​ឬ​អាច​ហៅថា​អាវុធ​គីមី រំលោភច្បាប់​អន្ដរជាតិ និង​បាន​ប្រើ​អាវុធ​ដ៏​សាហាវ​នេះ​ទៅលើ​ជាតិ​សាសន៍​ខ្លួនឯង​ទៀត ដូច្នេះ​រុស្ស៊ី​ត្រូវតែ​ទទួល​ទណ្ឌកម្ម​បន្ថែម​។​

​ទណ្ឌកម្ម​ថ្មី​នឹង​ហាមឃាត់​រាល់​ការនាំចេញ​សម្ភារៈ​ជា​គ្រឿងចក្រ គ្រឿង​អេឡិចត្រូវនិច និង​ផលិតផល​ផ្សេងទៀត ដែល​អាច​ប្រើប្រាស់​សម្រាប់​ការផលិត​អាវុធ​ចេញទៅ​រុស្ស៊ី​។ ក្រសួងការបរទេស​អា​មេរិក​បន្ដថា កំពុង​រៀបចំ​ផែនការ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី លុះត្រាតែ​រុស្ស៊ី​សន្យា​ឈប់​ប្រើប្រាស់​សារ​ធាតុគីមី និង​យល់ព្រ​មឲ្យក្រុម​ស៊ើបអង្កេត​អន្ដរជាតិ​ចុះ​ត្រួតពិនិត្យ​នៅ​ក្នុងប្រទេស​។​

ដោយសារតែ​ករណីនេះ​អាមេរិក​បាន​បណ្ដេញ​មន្ដ្រី​ទូត​រុស្ស៊ី​ចំនួន​៦០​រូប ចេញពី​ទឹកដី​អាមេរិក​កន្លងមក​។ បណ្ដា​ប្រទេស​គាំទ្រ​អង់គ្លេស​ប្រឆាំង​រុស្ស៊ី ក៏បាន​បណ្ដេញ​មន្ដ្រី​ទូត​រុស្ស៊ី​ជាច្រើនរូប​ចេញពី​ប្រទេស​របស់គេ​ដែរ​។ សូមបញ្ជាក់ថា អតីត​ចារកម្ម​រុស្ស៊ី​លោក​Sergei Skripal និង​កូនស្រី​Yulia Skripal ត្រូវបាន​គេ​ប្រទះឃើញ​ដេក​សន្លប់ នៅលើ​បង់​អង្គុយ​មួយកន្លែង​ក្នុង​ទីក្រុង​Salisbury ប្រទេស​អង់គ្លេស​កាលពី​ខែ​មីនា​។​

​ចំពោះ​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​រុស្ស៊ី មិន​ល្អប្រសើរ​នឹង​គ្នា​ទេ​ដ្បិត​មេដឹកនាំ​ប្រទេស​ទាំងពីរ បាន​ជួបពិភាក្សា​ដើម្បី​ផ្សះផ្សារ​ចំណងមិត្ដភាព​ឡើងវិ​ញក្ដី​។ រុស្ស៊ី​ត្រូវ​អាមេរិក​ចោទប្រកាន់ថា​បាន​ចូល​ជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០១៦ គឺ​ជួយ​ឲ្យ​លោក​ដូណាល់ ត្រាំ​ជាប់ឆ្នោត​។ ប៉ុន្ដែ​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់ ហើយ​លោក​ត្រាំ​វិញ​ក៏​គាំទ្រ​រុស្ស៊ី​ដែរ ដោយ​និយាយថា​លោក​មើលមិនឃើញ​ហេតុផល​រុស្ស៊ី​លូកដៃ​ក្នុង​ការបោះឆ្នោត​ឡើយ​។ ទោះជា​យ៉ាងនេះ​ក្ដី ក្រុម​ស៊ើបអង្កេត​អាមេរិក​នៅតែ​ដាក់បន្ទុក​លើ​រុស្ស៊ី​ដដែល ហើយ​រហូតមកដល់​បច្ចុប្បន្ន​មិនទាន់រក​ដំណោះស្រាយ​ឃើញទេ​៕

ព័ត៌មានផ្សេងទៀត