ភូមិ២ក្នុងស្រុករវៀងខេត្តព្រះវិហារលិចលង់ក្រោយជំនន់ទឹកភ្លៀងពីព្រៃឡង់

09-08-2018 12:34 pm 561
ស្ថានភាពទឹកនៅតាមដងស្ទឹងសែន ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ នៅព្រឹកថ្ងៃនេះ ។ រូបថតពីក្រសួងឧតុនិយម ។

ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ រស់នៅភូមិបង្កន និងភូមិស្រែ ឃុំរៀបរយ ស្រុករវៀង បានរងគ្រោះដោយ ជំនន់ទឹកភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្តាលឱ្យទឹកអូរហក់ឡើងខ្លាំង លិចផ្ទះ និងផ្លូវនានាក្នុងភូមិ លិចផលដំណាំ ស្រែ ចម្ការ ហើយប្រជាពលរដ្ឋដែលរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយសង្រ្គោះរកទីទួលសុវត្ថិភាពរួចហើយ ។ នេះបើតាមលោក សាយ ដេត អធិការនគរបាលស្រុករវៀង ស្រង់សម្តីដោយសារព័ត៌មាន AKP នៅព្រឹកថ្ងៃទី០៩ សីហា ។

លោកបញ្ជាក់បន្តថា ទឹកអូរដែលបណ្តាលឱ្យជន់លិចភូមិរបស់ប្រជាពលរដ្ឋនេះ គឺបណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានៅតំបន់ព្រៃឡង់ ហើយបន្តហូរចេញពីតំបន់នោះមកភូមិអ្នកស្រុក កាលពីថ្ងៃទី៨ សីហា ។ យ៉ាងណាក៏ដោយ គិតមកដល់ពេលនេះ ទឹកចាប់ផ្តើមស្រកបន្តិចម្តងៗហើយ ។

យ៉ាងណាម៉ិញ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៩ សីហា បញ្ជាក់ថា ស្ថានភាពទឹកនៅតាមដងស្ទឹងសែន ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ បានបន្តហក់ឡើងខ្លាំង បណ្តាលមកពីទឹកភ្លៀងដែលធ្លាក់ជោគជាំជាប់ៗគ្នា នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសែន ។ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃដដែល ទឹកស្ទឹងសែន ក្នុងខេត្តព្រះវិហារ បានបន្តហក់ឡើងកម្ពស់ ៨,១២ ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន មានកម្ពស់ ១១,៥០ ម៉ែត្រ ៕ 

ព័ត៌មានផ្សេងទៀត