០៩​សីហា​​២០១៨​​ជា​ខួប​៧៣​ឆ្នាំ​​ដែល​អាមេរិក​​ទម្លាក់​គ្រាប់បែក​បរមាណូ​​នៅ​ណាហ្គា​សា​គី​

09-08-2018 10:41 am 680
  ស្តាប់
រូបភាពរម្លឹកខួប​នៃការទម្លាក់គ្រាប់នៅណាហ្គាសាគី
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃទី​០៩​សីហា​កាលពី​៧៣​ឆ្នាំមុន អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​បរមាណូ​មួយ​គ្រាប់​នៅ​ទីក្រុង​ណាហ្គា​សា​គី សម្លាប់​មនុស្ស​ជាង​៧​ម៉ឺន​នាក់​។ នៅមុន​ការទម្លាក់​គ្រាប់បែក​នៅ​ណាហ្គា​សា​គី អាមេរិក​ក៏បាន​ទម្លាក់​គ្រាប់បែក​មួយ​គ្រាប់​នៅ​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា​ផងដែរ នៅ​ថ្ងៃទី​០៦​សីហា​កាលពី​៧៣​ឆ្នាំមុន​ដូចគ្នា​។ ក្រោយ​ការទម្លាក់​គ្រាប់បែក​បរមាណូ​ទាំងពីរ​គ្រាប់​នេះ ជប៉ុន​ក៏​ប្រកាស​ចុះចាញ់​ក្នុង​សង្គ្រាមលោកលើកទីពីរ​។​

​ក្រោយ​រងគ្រោះ​ដោយសារ​ការទម្លាក់​គ្រាប់ ជប៉ុន​តែង​ប្រារព្ធ​ខួប​ជា​រៀងរាល់ឆ្នាំ ដើម្បី​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ និង​រម្លឹក​ពី​ការចងចាំ​នៃ​គ្រោះមហន្ដរាយ​អាវុធ​នុយក្លេអ៊ែរ​។ នៅ​ឆ្នាំ​២០១៨​នេះ​ក៏​មិន​ខុសពី​ឆ្នាំមុនៗ​ដែរ ជប៉ុន​ទើប​បញ្ចប់​ការ​រម្លឹក​ខួប​កាលពី​ថ្ងៃទី​០៦​សីហា​នៅ​ហ៊ី​រ៉ូស៊ី​ម៉ា ហើយ​នៅ​ថ្ងៃទី​០៩​សីហា​២០១៨​នេះ ជប៉ុន​ក៏បាន​ប្រាព្ធ​៧៣​ឆ្នាំ​នៃ​ការទម្លាក់​គ្រាប់​នៅ​ណាហ្គា​សា​គី​ដូចគ្នា​។​

​មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី ហើយ​អ្វីដែល​ពិសេស​ក្នុងឆ្នាំនេះ​មាន​វត្ដ​មាន​ចូលរួម​ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទីមួយ បាន​ចូលរួម​រម្លឹក​ខួប​នៃ​ការទម្លាក់​គ្រាប់​នៅ​ជប៉ុន​។ លើសពីនេះ​មាន​គណៈប្រតិភូ​មកពី​៧៩​ប្រទេស ចូលរួម​ក្នុង​ពិធី​ផងដែរ​។ ចំពោះ​ប្រជាជន​ជប៉ុន​បាន​និយាយថា ពួកគេ​សង្ឃឹម​គ្រោះមហន្ដរាយ​នេះ​នឹងមិន​កើតឡើង​ទៀតឡើយ​។ រីឯ​បុរស​វ័យ​ជាង​៧០​ឆ្នាំ​ម្នាក់​រស់រាន​ពី​ការទម្លាក់​គ្រាប់ បាន​រៀបរាប់​ពី​បទពិសោធន៍​ប្រាប់​អ្នកជំនាន់ក្រោយ និង​រៀបរាប់​ពី​ឥទ្ធិពល​ដ៏​អាក្រក់​បំផុត​នៃ​ការទម្លាក់​គ្រាប់បែក​បរមាណូ និង​សង្គ្រាម​នុយក្លេអ៊ែរ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ​បានប្រកាសថា លោក​ចង់​ដឹកនាំ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។ លោក​ថា ដើម្បី​សម្រេច​ឲ្យបាន​ពិភពលោក​គ្មា​ននុយក្លេអ៊ែ​រ ត្រូវតែ​យល់​ឲ្យ​ច្បាស់​ពី​អាវុធ​នុយក្លេអ៊ែរ ថា​អាវុធ​នុយក្លេអ៊ែរ​អាច​បង្កឲ្យមាន​សោកនាដក​ម្ម​ដូចម្ដេចខ្លះ​។ ជាមួយ​ការចាប់ផ្ដើម​ស្វែងយល់​ពី​គ្រោះមហន្ដរាយ​នៃ​អាវុធ​នុយក្លេអ៊ែរ​ជា​ដំណាក់កាល​ដំបូង ដំណាក់កាល​បន្ទាប់​ត្រូវមាន​កិច្ចសហការ​រវាង​បណ្ដា​ប្រទេស​មាន​នុយក្លេអ៊ែរ​និង​ប្រទេស​គ្មាន​នុយក្លេអ៊ែ​រ​។ ប្រទេស​ជប៉ុន​ស្ម័គ្រចិត្ដ​ធ្វើជា​ស្ពាន​សម្រាប់​ភាគី​ទាំងពីរ និង​ដឹកនាំ​ឈានទៅរក​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​សហគមន៍​អន្ដរជាតិ​។ ជប៉ុន​ប្ដេជ្ញា​គោរព​តាម​គោលការណ៍​ទាំងបី​នៃ​ការមិន​ផលិត មិន​ដំណើរការ និង​មិន​អនុញ្ញាតឲ្យ​មានអាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ទឹកដី​ជប៉ុន​ដាច់ខាត​៕​

ព័ត៌មានផ្សេងទៀត