UN-​ជប៉ុន​​រួមគ្នា​​បន្ដ​រក្សា​​ទណ្ឌកម្ម​​ដាក់​លើ​​កូរ៉េខាងជើង​​ដដែល​

08-08-2018 4:56 pm 613
  ស្តាប់
អគ្គលេខាធិការអង្គការសហប្រជាជាតិ(ឆ្វេង)​និងនាយករដ្ឋមន្ដ្រីជប៉ុន​ពេលជួបគ្នា
ស្តាប់ជាសំឡេង

​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់​តូ​នីញ៉ូ ហ្គួ​ទែ​រ៉េស បាន​ឯកភាព​លើ​ការ​​បន្ដ​រក្សា​ទណ្ឌកម្ម ដែល​អង្គការសហប្រជាជាតិ​បានដាក់​លើ​កូរ៉េខាងជើង​ដដែល​។ ការបន្ដ​រក្សា​ទណ្ឌកម្ម​ដាក់​លើ​កូរ៉េខាងជើង ដើម្បីឲ្យរ​ដ្ឋ​មួយនេះ​បោះជំហាន​ឆ្ពោះទៅរ​កការរំលាយ​នុយក្លេអ៊ែរ​ឲ្យ​បាន​ពេញលេញ តាម​ការប្ដេជ្ញាចិត្ដ​កន្លងម​ក​។ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​យល់ព្រម​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​កិច្ចប្រជុំ​ជាមួយ​លោក​ដូណាល់ ត្រាំ​។​

​ចំពោះ​ការឯកភាព​គ្នា​រវាង​លោក​អាបេនិង​លោក​ហ្គួ​ទែ​រ៉េស ធ្វើឡើង​ក្នុង​កិច្ច​ជំនួប​នៅ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​កាលពី​ព្រឹក​ថ្ងៃទី​០៨​សីហា​នេះ នៅពេល​លោក​ហ្គួ​ទែ​រ៉េស​ធ្វើ​ទស្សនកិច្ច​ទៅ​ជប៉ុន ដើម្បី​ចូលរួម​ខួប​៧៣​ឆ្នាំ​នៃ​ការទម្លាក់​គ្រាប់បែក​នៅ​ជប៉ុន​។ លោក​នឹង​ទៅ​ចូល​រួមការ​ប្រារព្ធ​ខួប​នៅ​ទីក្រុង​ណាហ្គា​សា​គី​នា​ថ្ងៃទី​០៩​សីហា​។ លោក​អាបេ​បានប្រាប់​លោក​ហ្គួ​ទែ​រ៉េ​ស​ថា លោក​ស្វាគមន៍​ជានិច្ច​ចំពោះ​ការចូលរួម​របស់លោក​ហ្គួ​ទែ​រ៉េស ក្នុងនាម​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដំបូង​គេ​ដែល​ធ្វើ​ដូច្នេះ​។ 

​ក្រៅពីនេះ​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​ពី​បញ្ហា​កូរ៉េខាងជើង​ផងដែរ ដោយ​លើកឡើងថា​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ផ្អែក​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ ជា​គណៈកម្មាធិការ​ទទួល​បន្ទុក​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។ ទណ្ឌកម្ម​នេះ​មិនអាច​ដកចេញ​បានឡើយ លុះត្រាតែ​កូរ៉េខាងជើង​បង្ហាញឲ្យឃើញពី​គោលជំហ​រ​រំលាយ​នុយក្លេអ៊ែរ​ទាំងស្រុង​។ 

​ចំណុច​មួយទៀត​ដែល​បាន​ពិភាក្សា​ក្នុង​កិច្ច​ជំនួប គឺ​លោក​អាបេ​បង្ហាញ​ការគាំទ្រ​ដល់​លោក​ហ្គួ​ទែ​រ៉េស ក្នុង​ការធ្វើកំណែទម្រង់​រចនាសម្ព័ន្ធ​អង្គការសហប្រជាជាតិ​។ លោក​អាបេ​ថា​ជប៉ុ​ននឹង​សហការ​ពេ​ញ​ទំហឹង​ជាមួយ​អង្គការសហប្រជាជាតិ​លើ​ការធ្វើកំណែទម្រង់ ដែល​រួមមាន​ការធ្វើកំណែទម្រង់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ជាដើម​៕

ព័ត៌មានផ្សេងទៀត