វត្ថា វិច្ឆិកា​ពី​អ្នក​បង្ហាញ​ម៉ូត ក្លាយជា​ម្ចាស់​សិប្បកម្ម​វ័យក្មេង​

08-08-2018 1:33 pm
កញ្ញាវត្ថា វិច្ឆិកាអំឡុងពេលផ្តល់កិច្ចសម្ភាសន៍នៅស្ថានីយវិទ្យុវាយោ

​កញ្ញា​វត្ថា វិច្ឆិកា​ជា​កូនពៅ ក្នុងចំណោម​បងប្អូន​៣​នាក់ បាន​កំព្រា​ឪពុក​និង​ម្តាយ តាំងពី​នាង​មាន​អាយុ​១៤​ឆ្នាំ​។ វត្ថា វិច្ឆិកា មិនបាន​ទទួល​ការសិក្សា​ខ្ពស់​ឡើយ ពោល​នាង​បាន​បោះបង់​ការសិក្សា​មុន​ថ្នាក់​ទី​១២ ដោយសារ តែ​ជីវភាព​គ្រួសារ​មាន​ការលំបាក បន្ទាប់ពី​ឪពុកម្តាយ​បាន​ស្លាប់ចោល​។ រំលង​ផុត​ទៅ​មិនយូរប៉ុន្មាន​វត្ថា វិច្ឆិកា​ក៏បាន​ចាប់​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូត​នៅ​ឆ្នាំ​២០០៩​។ អាជីព​នេះហើយ ដែល​បើកផ្លូវ​ឲ្យ​យុវតី​សម្បុរ​ខ្មៅ​ស្រអែម​រូបនេះ មានឱកាស​បើក​សិប្បកម្ម​មួយ ដោយ​ជ្រើសរើស​ប្រេងដូង​ធ្វើជា​វត្ថុធាតុដើម​។ ពោល​អំឡុងពេល​ដើរ​ម៉ូត វត្ថា វិច្ឆិកា​ត្រូវបាន​អ្នក​ផាត់មុខ យក​ប្រេងដូង​មក​សម្អាត​ម្ស៉ៅ​ចេញ​ពីមុខ ដោយ​សង្កេតឃើញ​ពី​គុណសម្បត្តិ​របស់​ប្រេងដូង នាង​ក៏​ចាប់អារម្មណ៍ ចង់​ស្វែងយល់ឲ្យ​បាន​ស៊ីជម្រៅ​ពី​ប្រេងដូង​។​

​បន្ទាប់មក​វត្ថា វិច្ឆិកា​បានទទួល​ការលើកទឹកចិត្ត​ពី​ជនបរទេស​មួយក្រុម ឲ្យចូល​រួមជាមួយ​ពួកគេ ដើម្បី​យក​ប្រេងដូង​ធ្វើជា​វត្ថុធាតុដើម ផលិត​ជា​សាប៊ូ​កាលពី​ឆ្នាំ​២០១៤​។ ស្ថិតក្នុង​វ័យ​២៤​ឆ្នាំ វត្ថា វិច្ឆិកា​បាន​បើក​សិប្បកម្ម​ផលិត​សាប៊ូ​ពី​ប្រេងដូង ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​២០១៧ និង​បាន​ដាក់ឈ្មោះ​សិប្បកម្ម​នេះ​ថា​«​ដៃ​ខ្មែរ​» ដែលមាន​ទីតាំងនៅ​ភូមិ​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​កញ្ញា​វត្ថា វិច្ឆិកា​ម្ចាស់​សិប្បកម្ម​ដៃ​ខ្មែរ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​!

សំឡេង៖

 

 

 

ព័ត៌មានផ្សេងទៀត