គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច​ថា​ ខ្លួន​មាន​សំឡេង​​កើនឡើង​​ឈរ​លំដាប់​​កំពូល​លេខ​២​

08-08-2018 11:22 am 5257
  ស្តាប់
សម្តេចក្រុមព្រះ ប្រធានគណបក្សហ៊្វុន ស៊ិន ប៉ិច
ស្តាប់ជាសំឡេង

«​ទោះបីជា​លទ្ធផល​នៃ​ការបោះឆ្នោត មិនបាន​សមស្រប​នឹង​ស្ថានភាព ជាក់ស្តែង​ក៏ដោយ ក៏​យើង​បាន​សង្កេតឃើញថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​សំឡេង​កើនឡើង​គួរឲ្យកត់សម្គាល់ ដែល​អាច​ឈរ​លំដាប់​លេខ​២ ក្នុងចំណោម​គណបក្សនយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត​កន្លងទៅ​នេះ​»​។ នេះ ជា​ខ្លឹមសារ ថ្លែង​តាមរយៈ​លិខិត​មួយ​ចុះ​ថ្ងៃទី​០៧ សីហា របស់លោក​យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុន ស៊ិន ប៉ិច អរគុណ​ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​របស់ខ្លួន​។ 

​គណបក្ស​ហ្វ៊ុន ស៊ិន ប៉ិច របស់​សម្តេចក្រុមព្រះ ដែល​អះអាង​ខ្លួនឯង​ថា ជា​គណបក្ស​រាជានិយម​ដ៏​ចំណាស់​មួយ ហាក់​មាន​មោទនភាព​ចំពោះ​ការ​កើន​សំឡេង​នេះ​។​ពីព្រោះ គណបក្ស​នេះ បាន​បាត់​ការគាំទ្រ ដោយ​គ្មាន​សង្ឃឹមថា បាន​ងើប​ឡើងវិញ​ឡើយ​។ 

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សមាជិក​បក្ស​របស់ខ្លួន ដែល​បាននាំគ្នា​អញ្ជើញ​ទៅ​បោះឆ្នោត និង​បោះឆ្នោត​ជ្រើសរើស​គណបក្ស ដែល​ខ្លួន​ពេញចិត្ត កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ​។​

​សន្លឹកឆ្នោត​ដែល​គាំទ្រ​គណបក្ស​រាជានិយម​ដ៏​ចំណាស់​មួយ​នេះ មាន​មិន​ដល់​៤០​ម៉ឺន​សំឡេង​ផង​ទេ​។​ចំនួន​នេះ ក៏​មិន​បានធ្វើឲ្យ​គណបក្ស​នេះ ទទួលបាន​អាសនៈ​សភា​នោះដែរ​។​គណបក្ស​រាជានិយម​មួយ​នេះ ធ្លាប់​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី នៅ​អាណត្តិ​ទី​១ ប៉ុន្តែ​នៅ​អាណត្តិ​បន្តបន្ទាប់ គណបក្ស​ចំណាស់​មួយ​នេះ ធ្លាក់​សំឡេងគាំទ្រ រហូត​គ្មាន​១​អាសនៈ​សោះ​ក្នុង​អាណត្តិ​ទី​៥​។​

​សូមបញ្ជាក់ថា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ត្រូវបាន​បញ្ចប់​ទៅដោយ​ភាពចម្រូងចម្រាស ទៅលើ​តួលេខ​នៃ​ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត ដែលមាន​រហូតដល់​ជិត​៧​លាន​នាក់ ស្មើនឹង​៨២.៨៩% ដែល​ចំនួន​នេះ​មាន​ការកើនឡើង​យ៉ាងខ្លាំង​លើសពី​ឆ្នាំ​២០១៣ ដែល​មានតែ​៦៩.៦១% ប៉ុណ្ណោះ​។​លោក​សម រង្ស៊ី អះអាងថា ចំនួន​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត គឺ​មិន​ដល់​៥០%​ឡើយ រហូត​ធ្វើឲ្យ​លោក​ហ៊ុន សែន​ខឹង បបួល​លោក​សម រង្ស៊ី ស្បថ​ដាក់​ជីវិត​ទៀតផង​៕

ព័ត៌មានផ្សេងទៀត