មិនទាន់​​បញ្ចប់ អាមេរិក​បង្ហាញ​​ពី​ការដំឡើង​​ពន្ធ​បន្ថែម​​២៥​ភាគរយ​​ទៀត​​លើ​ទំនិញ​ចិន​

08-08-2018 10:48 am 680
  ស្តាប់
ប្រធានាធិបតី​អាមេរិក​​លោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​អង្គារ បានបង្ហាញ​បញ្ជី​មុខទំនិញ​ចិន​នាំចូល​ទៅ​អាមេរិក​ដែល​ត្រូវ​ដំឡើង​ពន្ធ​បន្ថែម​។ ទំនិញ​ដែល​ត្រូវ​ដំឡើង​ពន្ធ​បន្ថែម​មាន​២៧៩​ប្រភេទ ដូចជា​ម៉ូតូ នាឡិកា​វាស់​ល្បឿន​និង​អង់​តែ​ន​ជាដើម មានតម្លៃ​សរុប​១៦​ពាន់​លាន​ដុល្លារ នឹងត្រូវ​ដំឡើង​ពន្ធ​បន្ថែម​២៥​ភាគរយ ហើយ​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២៣​សីហា​។ នេះ​ជា​លើក​ទី​ពីរ​ដែល​អាមេរិក​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន លើកទីមួយ​អាមេរិក​បានប្រកាស​ដំឡើង​ពន្ធ​២៥​ភាគរយ​ដែរ លើ​ទំនិញ​នាំចូល​ពី​ចិន​មានតម្លៃ​៣៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ កាលនោះ​ចិន​ក៏​សងសឹក​នឹង​អាមេរិក​វិញ ដោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​២៥​ភាគរយ​ដូចគ្នា​។​

​អាមេរិក​បានបញ្ជាក់​ផងដែ​រថា កំពុង​ពិចារណា​ដំឡើង​ពន្ធ​បន្ថែម​២៥​ភាគរយ​ទៀត លើ​ទំនិញ​ចិន​នាំ​ចូលទៅ​អាមេរិក​មានតម្លៃ​២០០​ពាន់​លាន​ដុល្លារ ក្នុងនោះ​មានដូចជា​ប្រភេទ​ផ្លែឈើ បន្លែ កាបូបដៃ និង​ទូទឹកកក​ជាដើម​។ តែ​ចិន​បាន​គំរាមថា​នឹង​សងសឹក​អាមេរិក ចំពោះ​ការដំឡើង​ពន្ធ​បន្ថែម​នេះ​។ រដ្ឋាភិបាល​ចិន​បាន​និយាយថា ខ្លួន​នឹងដាក់​ពន្ធ​ខ្ពស់​រហូតដល់​២៥​ភាគរយ លើ​ផលិតផល​អាមេរិក​ដូចជា​សាច់ កាហ្វេ គ្រាប់​ធញ្ញជាតិ និង​គ្រឿងបន្លាស់​រថយន្ដ​។ គណៈកម្មាធិការ​ទទួល​បន្ទុក​ផ្នែក​ពន្ធ​របស់​ចិន បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា អាមេរិក​បាន​ធ្វើឲ្យមាន​ការប៉ះទង្គិ​ច​ជា​ឯកតោ​ភាគី តាមរយៈ​ការរំលោភ​លើ​កិច្ចព្រមព្រៀង​ទ្វេភាគី កើតចេញពី​ការចរចា​កន្លងមក​។​

​គួរ​បញ្ជាក់ថា ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក​ជាមួយ​ចិន​ដែល​ផ្ទុះឡើង​កាន់តែខ្លាំង កំពុង​បង្ក​ការព្រួយបារម្ភ​ដល់​អន្ដរជាតិ​។ ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​បាន​លើកឡើងថា ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផ្ទុះឡើង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ទីផ្សារ​ក្នុង​ឆាក​អន្ដរជាតិ​ទាំងមូល​នឹង​ប្រែប្រួល ហើយ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​ក៏​ប្រែប្រួល​ផងដែរ មិនមែន​ប៉ះពាល់​តែ​អាមេរិក​និង​ចិន​ទេ​។ អ្នកជំនាញ​បាន​ផ្ដល់យោបល់​ឲ្យ​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ត្រូវ​ចរចា​រក​ដំណោះស្រាយ​ជាបន្ទាន់ ទប់ស្កាត់​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ខាងមុខ​។ 

​ចំពោះ​មូលហេតុ​ដែល​លោក​ដូណាល់ ត្រាំ ចេញ​បញ្ជា​ឲ្យ​ចាត់វិធានកា​រលើ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន ក្រោម​ហេតុផល​ថា​អាមេរិក​ខាតបង់​ច្រើន​ពេលធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន ពោលគឺ​ទំនាក់ទំនង​ពាណិជ្ជកម្ម​គ្មាន​តុល្យភាព​សម្រាប់​អាមេរិក​។ លោក​ត្រាំ​ចោទថា​ចិន​បាន​លួច​កម្មសិទ្ធិ​បញ្ហា​របស់​អាមេរិក​ថែមទៀត ដូច្នេះ​អាមេរិក​មិនអាច​ធ្វើឲ្យ​ពាណិជ្ជរ​បស់ខ្លួន​ខាត​បង់ទៀត​ទេ ត្រូវតែ​រក​ដំណោះស្រាយ​។ ប៉ុន្ដែ​ចិន​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​របស់​អា​មេរិក​។ គួរ​ជម្រាបជូន​ថា​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​សេវាកម្ម​ប្រចាំឆ្នាំ​រវាង​អាមេរិក​ជាមួយ​ចិន មានតម្លៃ​ប្រហែល​៦៥០​ពាន់​លាន​ដុល្លារ​អាមេរិក ជា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ក្នុង​លោក​៕

ព័ត៌មានផ្សេងទៀត