អង់គ្លេស​​អាចធ្វើ​​បត្យាប័ន​​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​​តាម​សំណើ​​របស់​ថៃ​ទេ​?

07-08-2018 5:48 pm
រូបភាពអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា

​ប៉ុន្មាន​ថ្ងៃមុន​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាសថា​រដ្ឋាភិបាល​របស់លោក បាន​ស្នើ​សុំឲ្យ​រដ្ឋាភិបាល​អង់គ្លេស ធ្វើ​បត្យាប័ន​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​អតីត​នាយករដ្ឋមន្ដ្រី​ថៃ ដែល​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​អង់គ្លេស ត្រឡប់មក​ប្រទេស​ថៃ​វិញ​ដើម្បី​ទទួលទោស​តាមច្បាប់​។ អ្នកស្រី​យី​ង​ឡាក់​ត្រូវ​តុលាការ​ថៃ​កាត់ទោស​កំបាំងមុខ​ដាក់​ពន្ធនាគារ​៥​ឆ្នាំ ពីបទ​ធ្វេសប្រហែស​ក្នុង​គម្រោង​ទិញស្រូវ​អង្ករ​ប្រជាជន បណ្ដាលឲ្យ​ខាត​ថវិកាជាតិ​រាប់ពាន់លាន​ដុល្លារ​។ តែ​រហូត​មកដល់ពេលនេះ អង់គ្លេស​មិនទាន់​ឆ្លើយតប​នឹង​សំណើ​ថៃ​ទេ​។ តើ​អ្នកស្រី​យី​ង​ឡាក់​ត្រូវបញ្ជូន​ត្រឡប់​ទៅ​ថៃ​វិញ​ទេ​? ចុះបើ​អ្នកស្រី​មិន​ត្រូវបាន​អង់គ្លេស​ធ្វើ​បត្យាប័ន តើ​នឹង​មានរឿង​អ្វី​កើតឡើង​? 

​ជា​បន្ដ​​សូម​ស្ដាប់​​​សេចក្ដី​រាយការណ៍​ពី​​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​ដែល​បច្ចុប្បន្ន​មាន​អាយុ​៥១​ឆ្នាំ ជា​នាយករដ្ឋមន្ដ្រី​ថៃ​ចន្លោះ​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៤​។ តំណែង​នាយករដ្ឋមន្ដ្រី អ្នកស្រី​ទទួលបាន​ក្រោយ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​។ ប៉ុន្ដែ​កាន់តំណែង​មិនទាន់បាន​មួយ​អាណត្ដិ​ផង អ្នកស្រី​ក៏ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​កាលពី​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៤​។ ការទម្លាក់​អ្នកស្រី​ចេញពី​តំណែង​បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​តាម​ដងផ្លូវ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា​អ្នកស្រី​បាន​ប្រព្រឹត្ដ​អំពើពុករលួយ និង​ចោទថា​អ្នកស្រី​ធ្វេសប្រហែស​ក្នុង​គម្រោង​ទិញស្រូវ​អង្ករ​ប្រជាជន គ្រា​អ្នកស្រី​នៅ​ដឹកនាំ​រដ្ឋាភិបាល​។ អ្នកស្រី​ហ៊ាន​ទិញ​កសិផល​ប្រជាជន​ក្នុងតម្លៃ​ខ្ពស់ជាង​ទីផ្សារ ហើយ​នៅពេល​តម្លៃ​ទីផ្សារ​ទាប កសិផល​ស្រូវ​អង្ករ​លក់​មិន​ចេញ ជាហេតុ​ធ្វើឲ្យ​ខាត​ថវិកាជាតិ​ជា​ច្រើនពាន់​លាន​ដុល្លារ​។​

​បន្ទាប់ពី​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង រឿងក្ដី​អ្នកស្រី​មិន​ត្រូវបាន​ទម្លាក់ចោល​ឡើយ ផ្ទុយទៅវិញ​ត្រូវ​តុលាការ​សម្រេច​កាត់ទោស​អ្នកស្រី​ដាក់ពន្ធនាគារ​៥​ឆ្នាំ​កាលពី​ខែកញ្ញា​ឆ្នាំមុន ពីបទ​ធ្វេសប្រហែស​ក្នុងតួនាទី ។ តែ​អ្នកស្រី​មិនបាន​ចូលរួម​ក្នុង​សវនាការ​ទេ អ្នកស្រី​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​ក្នុង​ខែសីហា​ឆ្នាំមុន ដោយមាន​ព័ត៌មាន​លេចលឺ​ថា អ្នកស្រី​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​កម្ពុជា រួច​ហោះ​ទៅ​សិង្ហ​បុរី បន្ទាប់មក​ក៏​ហោះ​ទៅ​ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម និង​ចុងក្រោយ​ហោះ​ទៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ទីនោះ​។ ដូច្នេះ​មានន័យថា អ្នកស្រី​យី​ង​ឡា​ក់បាន​ចាកចេញ​ពី​ប្រទេស​ថៃ មុន​តុលាការ​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់ពន្ធនាគារ​។​

ងាក​មក​និយាយ​ពី​ការស្នើសុំ​អង់គ្លេស​ឲ្យធ្វើ​បត្យាប័ន​អ្នកស្រី​ត្រឡប់មក​ប្រទេស​ថៃ គឺជា​ការពិត​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយ​កាលពីដើម​ខែសីហា​ឆ្នាំ​២០១៨​នេះ​ថា លោក​បាន​ស្នើឲ្យ​អង់គ្លេស​ធ្វើ​បត្យាប័ន​អ្នកស្រី​យី​ង​ឡាក់ ដោយ​រាជរដ្ឋាភិបាល​ថៃ​បាន​បញ្ជូន​លិខិត​ទៅ​ស្ថានទូត​ថៃ​ប្រចាំ​ក្រុង​ឡុង​ដ៍ រួច​ស្ថានទូត​បានដាក់​ទៅ​ក្រសួងការបរទេស​អង់គ្លេស​បន្ដទៀត​។ ការស្នើសុំ​នេះ​ជា​នីតិវិធី​រវាង​ប្រទេស​ទាំងពីរ ដែលមាន​សន្ធិសញ្ញា​បត្យាប័ន​ជាមួយគ្នា ចុះហត្ថលេខា​ក្នុង​ឆ្នាំ​១៩១១​។ លោក​ប្រា​យុទ្ធ​ថា វា​ជា​ក៏​ជា​នីតិវិធី​ដើម្បី​នាំយក​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា មកវិញ ក្នុង​គោលបំណង​ឲ្យ​អ្នកស្រីមក​ទទួលទោស​តាមច្បាប់ មិនអាច​គេច​ពី​សំណាញ់​ច្បាប់​បានឡើយ ក្រោយពេល​តុលាការ​ប្រកាស​សាលក្រម​ជា​ស្ថាពរ​។​

​ទោះបីជា​មាន​ការស្នើសុំ​ធ្វើឡើង​ត្រឹមត្រូវ​តាម​នីតិវិធី​ក៏ដោយ រហូត​មកដល់ពេលនេះ​រដ្ឋាភិបាល​អង់គ្លេស​មិនទាន់មាន​ការឆ្លើយតប​ទេ​។ ចំពោះ​ក្ដីសង្ឃឹម​ក៏មាន​តិចតួច​ផងដែរ ដែលថា​អង់គ្លេស​ព្រម​តាម​សំណើ​របស់​រដ្ឋាភិបាលយោធា​ថៃ​។ តុលាការ​ក្នុងប្រទេស​លោកខាងលិច​ទំនង​មិន​យល់ស្រប​នឹង​ការស្នើសុំ​ឡើយ ព្រោះ​គេ​គិតថា​ករណី​អ្នកស្រី​យី​ង​ឡាក់​ពាក់ព័ន្ធ​នឹង​ចេតនា​នយោបាយ​។ ម្យ៉ាង​ប្រទេស​លោកខាងលិច​កំពុង​មិន​សប្បាយចិត្ដ​នឹង​ប្រទេស​ថៃ ជុំវិញ​ការពន្យារពេល​បោះឆ្នោត​ម្ដង​ជា​ពីរដង​។ លោកខាងលិច​ចង់ឲ្យ​ថៃ​រៀបចំ​ការបោះឆ្នោត​គោរ​ពតាម​លទ្ធិប្រជាធិបតេយ្យ តែ​ថៃ​បាន​លើក​ពេល​ជា​ច្រើនសារ​ក្រោម​ហេតុផល​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​និង​សន្ដិសុខ​ក្នុងប្រទេស​ឡើងវិញ​សិន​។ ថៃ​សម្រេច​រៀបចំ​ការបោះឆ្នោត​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៩ ប៉ុន្ដែ​ក្រុមប្រឆាំង​មិនទាន់​ជឿជាក់​ទាំងស្រុង​ទេ ខ្លាច​មាន​ការផ្លាស់ប្ដូរ​ជាថ្មី​។ រឿង​មួយទៀត​លោកខាងលិច ក៏​កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលយោធា​ថៃ ដកចេញ​នូវ​បម្រាម​នយោបាយ​គ្រប់​រូបភាព​ទាំងអស់​។ 

​ចំពោះ​ភាគី​ថៃ​ផ្ទាល់ ក៏​ធ្លាប់​បញ្ជាក់ដែរថា​អាជ្ញាធរ​ថៃ​គ្មាន​សិទ្ធិ​ទៅ​ចាប់ខ្លួន​អ្នកស្រី​យី​ង​ឡាក់​ដល់​ទឹកដី​អង់គ្លេស​ទេ មានតែ​អង់គ្លេស​ប៉ុណ្ណោះ​មាន​សិទ្ធិ​សម្រេច ថា​ព្រម​បញ្ជូន​អ្នកស្រី​យី​ង​ឡាក់​មក​ថៃ​វិញ​ឬ​យ៉ាងណា​។ អនុប្រធាន​ប៉ូលិស​ជាតិ​ថៃ​បាន​និយាយថា នឹង​ជួប​បញ្ហាលំបាក​ខ្លាំង​ក្នុង​ការនាំយក​អ្នកស្រី​ត្រឡប់មកវិញ ប្រសិនបើ​អ្នកស្រី​ទទួលបាន​ការអនុញ្ញាតឲ្យ​ជ្រកកោន​នៅ​អង់គ្លេស​។​

​នៅក្នុង​ករណី​ដែល​អ្នកស្រី​យី​ឡាក់ ស៊ីណាវ៉ាត្រា​មិន​មិន​ត្រឡប់មក​ប្រទេស​ថៃ ក៏​អាចមាន​ផលចំណេញ​ខ្លះ​ដែរ​សម្រាប់​រដ្ឋាភិបាលយោធា​ថៃ​។ ចំណេញ​ត្រង់​ថា អ្នកគាំទ្រ​នៅ​ក្នុងប្រទេស​ថៃ​ពេលដែល​គ្មាន​វត្ដ​មាន​អ្នកស្រី​យី​ង​ឡាក់​នៅ​ក្នុងប្រទេស ឥទ្ធិពល​នយោបាយ​របស់​អ្នកស្រី​អាច​នឹង​សាបរលាប​បន្ដិច​ម្ដងៗ ហើយ​ការគាំទ្រ​ក៏​អាច​នឹង​កាត់បន្ថយ​បន្ដិច​ម្ដងៗ​ផងដែរ​។ បច្ចុប្បន្ន​ទោះបី​អ្នកស្រី​ស្ថិតនៅ​ក្រៅប្រទេស​ប៉ុន្ដែ​អ្នកគាំទ្រ​ក្នុងប្រទេស​ថៃ បន្ដ​គោរព​ស្រឡាញ់​អ្នកស្រី​ជានិច្ច​។ តែ​ចង់​មិន​ចង់​បើ​អ​វត្ដ​មាន​អ្នកស្រី​យី​ង​ឡាក់​យូរ​ឆ្នាំ​ពី​ប្រទេស​ថៃ អ្នកគាំទ្រ​អាច​នឹង​កាត់បន្ថយ​ការគាំទ្រ​របស់​ពួកគេ​។ ឥទ្ធិពល​នយោបាយ​របស់​ត្រកូល​ស៊ីណាវ៉ាត្រា ពិតជា​ជ្រួតជ្រាប​ខ្លាំង​ដល់​អ្នកគាំទ្រ​ជា​កសិករ​។​

​ចំណេញ​មួយទៀត បើ​មិន​ចាប់​អ្នកស្រី​យី​ង​ឡាក់​ដាក់ពន្ធនាគារ​ទេ ស្ថានភាព​ក្នុងប្រទេស​ថៃ​អាច​នឹង​ស្ងប់ស្ងាត់​។ ប៉ុន្ដែ​បើសិន​ចាប់​អ្នកស្រី​យី​ង​ឡាក់​ដាក់ពន្ធនាគារ កំហឹង​របស់​អ្នកគាំទ្រ​អាច​នឹង​ក្លាយជា​ការតវ៉ា​ប្រឆាំងនឹង​សេចក្ដីសម្រេច​របស់​តុលាការ​។ ថា​មិនត្រូវ​ការតវ៉ា​អាច​ឈានដល់​ហិង្សា​សម្លាប់​មនុស្ស​ក៏​ថា​បាន ព្រោះ​កន្លងមក​ក៏​ធ្លាប់មាន​ការតវ៉ា​កើតឡើង​ផងដែរ ក្រោយពេល​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​ចេញពី​តំណែង​។ ដូច្នេះ​បើសិន​មាន​អំពើហិង្សា​កើតឡើង ភាពចលាចល​នឹង​បន្ដ​លុកលុយ រារាំង​ដល់​ដំណើរការ​ស្វែងរក​សន្ដិ​ភាព ហើយ​អន្ដរជាតិ​ក៏​បន្ដ​ថ្កោលទោស​រដ្ឋាភិបាល​ថៃ​ដដែល​៕

ព័ត៌មានផ្សេងទៀត