Nham24 ទទួលបាន​ទុនវិនិយោគពីមូលនិធិ​អាជីវកម្ម​បែប​ឌីជីថល​របស់​ក្រុមហ៊ុន​Smart Axiata

07-08-2018 4:23 pm

​ក្រុមហ៊ុន Smart Axiata តាមរយៈ​មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល (SADIF) បាន​ទិញ​ភាគហ៊ុន​របស់ ក្រុមហ៊ុន Nham24 ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹកជញ្ជូន និង​បញ្ជា​ទិញ​ម្ហូបអាហារ​តាម​អន​ឡាញ​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា​។ មកដល់ពេលនេះ ក្រុមហ៊ុន​Nham24 បាន​ក្លាយជា​ក្រុមហ៊ុន​ទី​បី​ហើយ ដែល​ទទួល​ទុនវិនិយោគ​ពី​មូលនិធិ SADIF ជា​គម្រោង​ប្រមូលផ្ដុំ​ទៅដោយ​អាជីវកម្ម​ឌីជីថល​ក្នុងស្រុក និង​មាន​សក្តានុពល​។​

​ក្រុមហ៊ុន Nham24 ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៦ និង​បាន​រីកលូតលាស់​ក្លាយទៅជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ​ធំជាងគេ និង​លូតលាស់​លឿន​ជាងគេ​មួយ​ក្នុងប្រទេស​កម្ពុជា​។ បច្ចុប្បន្ន ក្រុមហ៊ុន Nham24 ប្រតិបត្តិការ​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប ដោយ​សហការ​ជាមួយ​ភោជនីយដ្ឋាន​ជាង ៥៥០ កន្លែង​ក្នុងប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​មាន​គម្រោង​ពង្រើក​ខ្លួន​នៅតាម​បណ្ដា​ខេត្ត​ធំៗ​ផ្សេងទៀត ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​។​

​ក្រៅពី​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ ដែល​អាច​បញ្ជា​ទិញ​តាម​ទូរស័ព្ទ​ចល័ត ឬ​នៅលើ​គេហទំព័រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត កាលពីពេល​ថ្មីៗ​ក្រុមហ៊ុន Nham24 ក៏បាន​ដាក់ឲ្យ​ដំណើការ​កម្មវិធី Nham24 Fresh ដែល​អនុញ្ញាតឲ្យ​អតិថិជន បញ្ជា​ទិញ​គ្រឿងទេស​គ្រប់មុខ និង​ដឹកជញ្ជូន​ដល់​កន្លែង​ក្នុង​រយៈពេល​ត្រឹមតែ​២​ម៉ោង​ប៉ុណ្ណោះ​។​

​ការ​បោះទុន​ពី​មូលនិធិ SADIF  ទៅក្នុង​ក្រុមហ៊ុន Nham24 នេះ​ត្រូវបាន​រំពឹងថា នឹង​ជួយ​ដល់​ការពង្រីក​វិសាលភាព​ដំណើរការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន តាមរយៈ​ការបង្កើន​ដៃគូ និង​ការអភិវឌ្ឍ​កម្មវិធី​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​។​

សូមបញ្ជាក់ថា មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល SADIF ដែលមាន​ថវិកា​សរុប​ចំនួន ៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ត្រូវបាន​បង្កើតឡើង​កាលពី​ខែ​មីនា ឆ្នាំ​២០១៧ ដោយ​ក្រុមហ៊ុន Smart ដែលជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​ក្នុងប្រទេស​។ មូលនិធិ​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា និង​វិនិយោគ ដែល​មានឈ្មោះ​ហៅថា Mekong Strategic Partner​។ កាលពី​ចុង​ឆ្នាំមុន ក្រុមហ៊ុន Forte ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ធានារ៉ាប់រង​ក្នុង​តំបន់​ត្រូវ​បានប្រកាស​ជា​សហ​វិនិយោគិន​នៃ​មូលនិធិ​SADIF ស្របពេល​ជាមួយ​ការប្រកាស​អំពី​ក្រុមហ៊ុន​ទទួល​ទុនវិនិយោគ​ថ្មី​ពីរ​ដំបូង​គេ គឺ​ក្រុមហ៊ុន​ដឹកជញ្ជូន “​ជូន​អ្នក​” Joonaak Delivery Co., Ltd និង ក្រុមហ៊ុន “​មរកត ថេ​កណឡ​ជី​” Morakot Technology​ផងដែរ​៕

ព័ត៌មានផ្សេងទៀត