ចលាចល​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា​៖ប្រេ​ស៊ីលបិទ​ព្រំដែន​រាំងខ្ទប់ចលនាជន​ចំណាកស្រុក​

07-08-2018 11:17 am 741
  ស្តាប់
ព្រំប្រទល់រវាងប្រទេសប្រេស៊ីលនិងប្រទេសវេណេហ្ស៊ូអេឡា
ស្តាប់ជាសំឡេង

​ចៅក្រម​លោក Helder Barreto​បាន​បញ្ជា​ឲ្យ​បិទ​ព្រំដែន​ប្រទេសប្រេ​ស៊ីល ជាមួយ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា បន្ទាប់ពី​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា បាន​សម្រុក​ធ្វើ​ចំណាកស្រុក ឆ្លងកាត់​ព្រំដែន ស្វែង​រង​កន្លែង​ជ្រកកោន​ថ្មី ក្នុង​ប្រទេសប្រេ​ស៊ីល និង​ប្រទេសជិតខាង​ផ្សេងទៀត​។ ​អាជ្ញាធរ​រដ្ឋ Roraima​នៃ​តំបន់ Amazon​ប្រទេសប្រេ​ស៊ីល បាន​អះអាងថា ក្នុង​មួយថ្ងៃៗ​យ៉ាងហោចណាស់ មាន​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​៨០០​នាក់ បាន​ចាកចេញ​ពី​ប្រទេស​របស់គេ ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេសប្រេ​ស៊ីល​។ បើទោះជា​បែបនេះ​ក្តី ប្រេ​ស៊ីល​មិន​មែនបិទ​ព្រំដែន លែង​ទទួល​ជន​ចំណាកស្រុក​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទាំងស្រុង​នោះទេ​។ ប៉ុន្តែ​គ្រាន់តែ​បិទ​បណ្តោះអាសន្ន ដោយ​មិន​កំណត់ពេល ដើម្បី​អនុញ្ញាតឲ្យ​ស្ថាប័នរដ្ឋ បង្កើត​ផែនការ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​។ 

​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដែល​អាជ្ញាធរ​នៅក្នុង​រដ្ឋ Roraima អំពាវនាវ​ឲ្យ​បិទ​ព្រំដែន​។ ពួកគេ​និយាយថា សេវាសាធារណៈ​បាន​ធ្លាក់ចុះ​ដុនដាប​ខ្លាំង ហើយ​លំហូរ​ជនភៀសខ្លួន​យ៉ាង​អនាធិបតេយ្យ​របៀបនេះ បាន​បង្កឲ្យមាន​បញ្ហា​មួយចំនួន​កើតឡើង ដូចជា​អំពើ​ឧក្រិដ្ឋកម្ម​ជាដើម​។ 

​គួរ​ជម្រាបជូន​ថា ពលរដ្ឋ​វេ​ណេ​ហ្ស៊ូ​អេ​ឡា ដែល​បាន​ឆ្លងកាត់​ព្រំដែន​នៅក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ កំពុង​រស់នៅ​ក្នុងស្ថានភាព​លំបាក​បំផុត គឺ​រស់នៅ​តាម​ដងផ្លូវ​នៃ​រដ្ឋធានី Boa Vista និង​ទីក្រុង​ដទៃទៀត នៃ​ប្រទេសប្រេ​ស៊ីល​។ ក្រៅតែពី​ប្រទេសប្រេ​ស៊ីល ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​រាប់ពាន់នាក់ បាន​ភៀសខ្លួន​ទៅ​ប្រទេស​កូឡុំប៊ី​ផងដែរ ដើម្បី​ស្វែងរក​ការរស់នៅ ដែលមាន​លក្ខខណ្ឌ​សេដ្ឋកិច្ច​ប្រសើរ​ជាងវេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

ជន​ចំណាកស្រុក​ទាំងនេះ បាន​បង្ខំចិត្ត​ចាកចោល​ផ្ទះសម្បែង​របស់​ពួកគេ ធ្វើដំណើរ​ផ្សងព្រេង​ទៅកាន់​ប្រទេសជិតខាង ដើម្បី​គេច​ពី​ចលាចល​សេដ្ឋកិច្ច និ​ចលាចល​នយោបាយ ក្នុងប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ បន្ថែម​លើ​នេះ ព្រឹត្តិការណ៍​ចុងក្រោយ គឺ​ការប៉ង​សម្លាប់​ប្រធានាធិបតី​លោក Nicolás Maduro តែ​មិន​បានសម្រេច កាលពី​ចុង​សប្តាហ៍​កន្លងទៅ បានធ្វើឲ្យ​ភាព​តានតឹង​កើនឡើង​កាន់តែខ្លាំង ធ្វើឲ្យ​ប្រជាជន​មួយចំនួន​រស់នៅក្នុង​ភាពភ័យខ្លាច​៕ 

ព័ត៌មានផ្សេងទៀត