ទំនាក់ទំនង​​អាមេរិក​-​អ៊ីរ៉ង់​​តានតឹង​​ខ្លាំង​​ខណៈ​លោក​ត្រាំ​​ចាប់ផ្ដើម​​សើរើ​​ទណ្ឌកម្ម​ថ្មី​​ដាក់​លើ​អ៊ីរ៉ង់​

07-08-2018 11:02 am 932
  ស្តាប់
រូបភាព​លោកដូណាល់ ត្រាំ​(ឆ្វេង)​និងលោក​ហាសាន រ៉ូហានី
ស្តាប់ជាសំឡេង

​សហរដ្ឋអាមេរិក​បាន​កំណត់​ពី​ការដាក់ទណ្ឌកម្ម​ជាថ្មី​លើ​អ៊ីរ៉ង់​វិញ​ហើយ ក្រោយពី​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ចុះ​ក្នុង​ឆ្នាំ​២០១៥​។ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​កាលពី​ខែ​ឧសភា​។ មូលហេតុ​អាមេរិក​ចោទថា​អ៊ីរ៉ង់​នៅ​បន្ដ​កម្មវិធី​នុយក្លេអ៊ែ​រ និង​បាន​លូកដៃ​គាំទ្រ​ដល់​ក្រុម​ភេរ​វករ ដែល​ទង្វើ​ទាំងនេះ​រំលោភ​លើ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ជាមួយ​ប្រទេស​មហាអំណាច​៥+១​។ កាលពី​ថ្ងៃទី​០៦​សីហា​លោក​ត្រាំ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ ដើម្បី​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ឡើង​វិញ​លើ​អ៊ីរ៉ង់​។​

​ការដាក់ទណ្ឌកម្ម​ជំហាន​ដំបូង​ត្រូវ​ចូល​ជាធរ​មាននៅ​ថ្ងៃទី​០៧​សីហា​នេះហើយ ក្នុងនោះ​មាន​ទណ្ឌកម្ម​លើ​រថយន្ដ ដែក​ថែប និង​ការដាក់ទណ្ឌកម្ម​លើ​ពាណិជ្ជកម្ម​លោហធាតុ​ផងដែរ​។ ស្ថាប័ន​ជំនួញ​ឬ​ស្ថាប័នហិរញ្ញវត្ថុ​ដែល​បំពាន​ទណ្ឌកម្ម នឹងត្រូវ​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​។ មន្ដ្រីជាន់ខ្ពស់​ក្នុង​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃទី​០៦​សីហា​ដែរថា អាមេរិក​មាន​គោលបំណង​កែប្រែ​ឥរិយាបថ​អ៊ីរ៉ង់ ហើយ​សង្ឃឹម​អ៊ីរ៉ង់​នឹង​ប្រព្រឹត្ដ​ដូច​ប្រទេស​ធម្មតា​។​

​ការដាក់ទណ្ឌកម្ម​ជំហាន​ទី​ពីរ នឹង​ចាប់ផ្ដើម​ចូល​ជាធរ​មាននៅ​ខែវិច្ឆិកា​។ ទណ្ឌកម្ម​នេះ​កំណត់​ទិសដៅ​លើ​ប្រតិ​បត្ដិកា​រទាក់​ទងនឹង​ប្រេង ដែល​មានបំណង​កាត់បន្ថយ​ការនាំចេញ​ប្រេង​ឆៅ​របស់​អ៊ីរ៉ង់​។ រដ្ឋាភិបាល​និង​ក្រុមហ៊ុន​នៅតាម​បណ្ដា​ប្រទេស​នានា​ក្នុង​លោក ត្រូវ​បង្ខំ​ឲ្យ​សម្រេច​ចិត្ដថា​ពួកគេ​នឹង​រក្សា​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​ឬ​យ៉ាងណា​។​

​ក្រោយពី​អាមេរិក​ប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី អ៊ីរ៉ង់​ក៏​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​បាន​គំរាម​បិទ​ច្រក​សមុទ្រហ័​រមូស ជា​ច្រក​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ដ៏​សំខាន់​មួយ​។ កង​ឆ្មាំ​សមុទ្រ​អ៊ីរ៉ង់​ក៏បាន​ធ្វើ​សមយុទ្ធ​ក្នុង​ដែនទឹក​ក្បែរ​នោះដែរ​កាលពី​សប្ដាហ៍​មុន​។ អ៊ីរ៉ង់​បាន​ព្រមាន​នឹង​ចាត់វិធានការ​សងសឹក​អាមេរិក​វិញ​ឲ្យ​សក្ដិសម​បំផុត ព្រមទាំង​ព្រមាន​អាមេរិក​ថា​កុំ​ចង់​បង្កបញ្ហា​ជាមួយ​ខ្លួន​។ ជា​ការកត់សម្គាល់ ការសើរើ​ទណ្ឌកម្ម​ដាក់​លើ​អ៊ីរ៉ង់​ជាថ្មី​របស់​អាមេរិក នឹង​ធ្វើឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​មាន​ភាព​តានតឹង​កើតឡើង​កាន់តែខ្លាំង ហើយក៏​នឹងមាន​ភាពមិនច្បាស់លាស់​នៅ​តំបន់​មជ្ឈិមបូព៌ា​ផងដែរ​៕​

ព័ត៌មានផ្សេងទៀត