០៦​សីហា​​២០១៨​​ជា​ខួប​៧៣​ឆ្នាំ​​ដែល​អាមេរិក​​ទម្លាក់​​គ្រាប់បែក​បរមាណូ​​នៅ​ហ៊ី​រ៉ូស៊ី​ម៉ា​

06-08-2018 3:53 pm 1395
  ស្តាប់
រូបភាព​ថ្នាក់ដឹកនាំ​ជប៉ុន​​កំពុង​ប្រារព្ធខួប​​នៃការ​ទម្លាក់គ្រាប់បែក​នៅហ៊ីីរ៉ូស៊ីម៉ា
ស្តាប់ជាសំឡេង

០៦​សីហា១៩៤៥ ​​​អាមេរិកបាន​ទម្លាក់​គ្រាប់បែក​បរមាណូមួយគ្រាប់ នៅក្នុង​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា​ប្រទេស​ជប៉ុន​។ បី​ថ្ងៃក្រោយ​អាមេរិក​ក៏​ទម្លាក់​គ្រាប់បែក​មួយ​គ្រាប់​ទៀត​នៅ​ណាហ្គា​សា​គី​។ គ្រាប់បែក​ទាំងពីរ​គ្រាប់​នេះហើយ ដែល​ធ្វើឲ្យ​ជប៉ុន​សុំ​ចុះចាញ់​ក្នុង​សង្គ្រាមលោកលើកទី​ពីរ​។ ក្រោយពី​រងគ្រោះ​មហន្ដ​រាយ​នេះ​មក ជប៉ុន​តែង​ប្រារព្ធ​ខួប​ជា​រៀងរាល់ឆ្នាំ​។ មិន​ខុសពី​សព្វមួយដង នៅ​ថ្ងៃទី​០៦​សីហា​២០១៨​នេះ ជប៉ុន​បាន​ប្រារព្ធ​ខួប​ជាថ្មី​នៅ​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ាជាខួបទី៧៣ ក្រោម​វត្ដ​មាន​ថ្នាក់ដឹកនាំ មន្ដ្រី​អ្នកមុខអ្នកការ​យ៉ាងច្រើន​កុះករ ទាំង​ជាតិ​និង​អន្ដរជាតិ​។ 

​កម្មវិធី​បានចាប់ផ្ដើម​តាំងពីព្រឹក​ហើយ​នៅ​ម៉ោង​៨​និង​១៥​នាទី អង្គពិធី​ទាំងមូល​បាននាំគ្នា​ស្ងប់ស្ងាត គោរព​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ ម្យ៉ាង​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ក៏​ជា​ពេលដែល​អាមេរិក​ទម្លាក់​គ្រាប់​នៅ​ហ៊ី​រ៉ូស៊ី​ម៉ា កាលពី​ថ្ងៃទី​០៦​សីហា​១៩៤៥​។ ក្រៅពី​តំណាង​អន្ដរជាតិ​ប្រមាណ​៨៥​ប្រទេស​ចូលរួម ក្នុង​ពិធី​មាន​ការចូលរួម​ពី​ជនរងគ្រោះ​រួច​ជីវិត​ក្រោយ​ការទម្លាក់​គ្រាប់​ផងដែរ​។ ចំពោះ​អ្នក​ដែល​ស្លាប់ អាជ្ញាធរ​បាន​ឆ្លាក់​ឈ្មោះ​ពួកគេ​នៅលើ​ផ្នូរ​ឧទ្ទិស​។ អ្នកស្លាប់​ក្នុង​ការទម្លាក់​គ្រាប់​មាន​ចំនួន​៣១៤,១១៨​នាក់ ក្នុងនោះ​មាន​៥,៣៩៣​នាក់ បាន​ស្លាប់​ក្នុងអំឡុង​ឆ្នាំមុន​។​

​ការ​រងគ្រោះ​ដោយសារ​គ្រាប់បែកបរមាណូ​នេះ ជា​មេ​រៀន​ប្រវត្ដិសាស្ដ្រ​មួយដែល​ស្ដែង​ឲ្យឃើញ​ពី​ឥទ្ធិពល​នៃ​អាវុធ​នុយក្លេអ៊ែរ​។ នៅក្នុងពេល​ប្រារព្ធ​ពិធី​រម្លឹក​ខួប អភិបាលក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា​បាន​លើកឡើងថា អាវុធ​នុយក្លេអ៊ែរ​នៅតែ​បន្ដ​គំរាមកំហែង​ដល់​សណ្ដាប់ធ្នាប់​ពិភពលោក និង​បង្ក​ការភ័យខ្លាច​ទៅវិញទៅមក​ដល់​បណ្ដា​ប្រទេស​ជា​គូប្រជែង​នឹង​គ្នា​។ ដំណើរការ​អាវុធ​នុយក្លេអ៊ែរ​ពិតជា​ប៉ះពាល់​ដល់​សន្ដិសុខ​ពិភព​លោក​រយៈពេល​យូរ គ្មាន​ស្ថិរភាព និង​បង្ក​គ្រោះថ្នាក់​ខ្លាំងណាស់ ហេតុនេះ​លោក​បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាលជប៉ុន ចាំបាច់​ដើរតួ​ឲ្យបាន​ត្រឹមត្រូវ​បំផុត​ក្នុង​ការលុប​បាត់​អាវុធ​នុយក្លេអ៊ែរ​គ្រប់​ប្រភេទ​។ 

​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ​បាន​និយាយថា លោក​ចង់​ដឹកនាំ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ លោក​ថា ដើម្បី​សម្រេច​ឲ្យបាន​ពិភពលោក​គ្មា​ននុយក្លេអ៊ែ​រ ត្រូវតែ​យល់​ឲ្យ​ច្បាស់​ពី​អាវុធ​នុយក្លេអ៊ែរ ថា​តើ​អាវុធ​នុយក្លេអ៊ែរ​អាច​បង្កឲ្យមាន​សោកនាដក​ម្ម​ដូចម្ដេចខ្លះ​។ ជាមួយ​ការចាប់ផ្ដើម​ស្វែងយល់​ពី​គ្រោះមហន្ដរាយ​នៃ​អាវុធ​នុយក្លេអ៊ែរ​ជា​ដំណាក់កាល​ដំបូង ដំណាក់កាល​បន្ទាប់​ត្រូវមាន​កិច្ចសហការ​រវាង​បណ្ដា​ប្រទេស​មាន​នុយក្លេអ៊ែរ​និង​ប្រទេស​គ្មាន​នុយក្លេអ៊ែ​រ​។ ប្រទេស​ជប៉ុន​ស្ម័គ្រចិត្ដ​ធ្វើជា​ស្ពាន​សម្រាប់​ភាគី​ទាំងពីរ និង​ដឹកនាំ​ឈានទៅរក​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​សហគមន៍​អន្ដរជាតិ​។ ជប៉ុន​ប្ដេជ្ញា​គោរព​តាម​គោលការណ៍​ទាំងបី​នៃ​ការមិន​ផលិត មិន​ដំណើរការ និង​មិន​អនុញ្ញាតឲ្យ​មានអាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ទឹកដី​ជប៉ុន​ដាច់ខាត​៕

ព័ត៌មានផ្សេងទៀត