គណ​បក្ស​​ប្រជា​ជន​​បង្ហើប​​គន្លឹះ​​ដើម្បីស្តារជីវិតគណបក្ស​សង្គ្រោះ​ជាតិ​

06-08-2018 1:10 pm 24764
ស្នាក់ការអតីតគណបក្សសង្រ្គោះជាតិ នៅក្រុងភ្នំពេញ។

​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​រំលាយ កាលពី​ឆ្នាំ​២០១៧ ដោយ​ជាប់ចោទ​ពី បទ​ក្បត់ជាតិ​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហើប​ពី​គន្លឹះ​មួយចំនួន ដើម្បីឱ្យ​បក្សប្រឆាំង​មួយ​នេះ អាច​រស់​ឡើងវិញ​បាន​។ ប៉ុន្តែ​ទាមទារ​ការប្តេជ្ញាចិត្តខ្ពស់ ពី​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។

​ភាគី​អតីត​គណបក្សប្រឆាំង ត្រូវ​បញ្ចប់​រាល់​សកម្មភាព​ប្រទូសរ៉ាយ​ទាំង​អស់ពី​ក្រៅប្រទេស​។ ប្រសិនបើ​នៅតែ​បន្ត ពិរុទ្ធភាព​នៅតែមាន និង​កាន់តែ​បន្ថែម​ឡើង​ទៀត​។ ចំណែក​ទណ្ឌិត​សម រង្សី ត្រូវ​ចូលខ្លួន​មក​ក្នុងស្រុក​អនុវត្ត​ទោស តាម​សាលក្រម​ស្ថាពរ​របស់​តុលាការ​ឱ្យ​ចប់សព្វគ្រប់​ជា​ចាំបាច់​។ នេះ​ជា​ការលើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ផ្ញើជូន​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​កំពូល​រំលាយ កាលពី​ខែ វិច្ឆិកា ឆ្នាំ​២០១៧​។​

​ទាក់ទង​នឹង​អតីតមន្ត្រីជាន់ខ្ពស់រ​បស់​អតីតប​ក្ស​ប្រឆាំងទាំង ១១៨ រូប​វិញ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា ក៏ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ប្រឆាំងនឹង​ប្រទេសជាតិ​កម្ពុជា និង ប្រជាជន​កម្ពុជា​តទៅទៀត រហូតដល់​ផុតកំណត់​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ។​ប៉ុន្តែ​ប្រសិនបើ​នៅតែ​ផ្គើន​នឹង​សាលដីការ នោះ​នឹងត្រូវ​ទទួល​ការបន្ថែម​ទម្ងន់ទោស​ត​ទៅមុខទៀត​ជាមិនខាន​។​

​អ្នក​នាំពាក្ស​គណបក្សកាន់អំណា​ច បាន​សង្គត់ធ្ងន់ថា ចំណុច​ទាំងបី​ខាងលើនេះ គឺជា​កត្តា​កំណត់​ជោគវាសនា​ជីវិត​នយោបាយ​របស់​អតីត​គណបក្សប្រឆាំង​។​ប្រសិនបើ​អនុវត្តបាន នោះ​នៅក្នុង​ការបោះឆ្នោត​នីតិកាល​ទី​៧​ខាងមុខ ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​និង​បាន​ចូលរួម​ប្រកួត​ដោយ​ធម្មតា​វិញ​។​

​គួររម្លឹកថា តុលាការ​កំពូល​កម្ពុជា បានចេញ​សេចក្តីសម្រេច នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ហាមឃាត់​មន្ត្រី​គណបក្ស​ចំនួន ១១៨​នាក់ មិន​ឱ្យធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​។ សេចក្តីសម្រេច​នេះ គឺជា​សេចក្តីសម្រេច​ស្ថាពរ ដោយ​បិទផ្លូវ​តវ៉ា​។

​តែ​យ៉ាងណាក៏ដោយ ក្រោយ​ការបោះឆ្នោត​នីតិកាល​ទី​៦ គេ​ឃើញ​មាន​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​មួយចំនួន សម្តែង​ការខកចិត្ត​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុង​គ្រា​អត់​បក្សប្រឆាំង​ចូលរួម ហើយ​បានទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដោះលែង​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បើ​ឱ្យ​បក្សប្រឆាំង​អាច​ចូលរួម​ប្រកួត​ឡើងវិញ​។​សម្រាប់​ក្រសែភ្នែក​អ្នកវិភាគ​មើលឃើញថា ស្ថានការណ៍ នយោបាយ​នៅ​កម្ពុជា ទំនង​នឹង​ប្រែប្រួល​ប្រសើ​ឡើងវិញ ដើម្បី​បន្ធូ​របន្ថយស្ថានការណ៍​ក្នុង​តម្រូវការ​ចាំបាច់​ណាមួយ​៕

ព័ត៌មានផ្សេងទៀត