ចាប់ខ្លួន​​មនុស្ស​៦​នាក់​​ពាក់ព័ន្ធ​​ការប៉ុនប៉ង​​ធ្វើឃាត​​ប្រធានាធិបតី​វេណេ​ហ្ស៊ូ​អេ​ឡា​

06-08-2018 10:04 am
  ស្តាប់
ក្រុមអង្គរក្ស​​កំពុងការពារលោកប្រធានាធិបតីពេលកើតហេតុ
ស្តាប់ជាសំឡេង

​មនុស្ស​៦​នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​មាន​ហេតុការណ៍​ប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡា លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​(Nicolas Maduro)​។ ហេតុការណ៍​ប៉ុនប៉ង​ធ្វើឃាត​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ខណៈ​លោក​កំពុង​ថ្លែង​សុន្ទរកថា​ទៅកាន់​កងទ័ព ក្នុង​ពិធី​រម្លឹក​ខួប​៨១​ឆ្នាំ​របស់​កងទ័ព​វេ​ណេ​ហ្ស៊ូ​អេ​ឡាក្នុងទីក្រុង​ការ៉ាកាស​​។ យន្ដហោះ​គ្មាន​មនុស្ស​បើក​ពីរ​គ្រឿង​ផ្ទុក​ដោយ​គ្រឿង​ផ្ទុះ ត្រូវបាន​ជនសង្ស័យ​បញ្ជា​ឲ្យ​ហោះ​ទៅ​បំផ្ទុះ​នៅក្បែ​រលោក​ប្រធានាធិបតី​។ ប៉ុន្ដែ​លោក​ត្រូវបាន​ក្រុម​អង្គរក្ស​ប្រើ​របាំង​ការពារ​គ្រាប់បែក​ការពារ ដូច្នេះ​លោក​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ​។ ដោយឡែក​យោធា​៧​នាក់​រងរបួស ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។​

​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​លោក​ណេ​ស្ដូ រ៉េ​វ៉េ​រ៉ូល​(Nestor Reverol)​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជនសង្ស័យ​ទាំង​៦​នាក់​ដែល​ចាប់ខ្លួនបាន ត្រូវ​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ដ​អំពើ​ភេរវកម្ម​និង​ការប៉ុនប៉ង​ធ្វើឃាត​។ ម្នាក់​ក្នុងចំណោម​អ្នក​ត្រូវ​ចាប់ខ្លួន មាន​ដីកាចាប់ខ្លួន​មួយ​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​កាលពី​ខែសីហា​ឆ្នាំ​២០១៧​ផងដែរ ជា​ការវាយប្រហា​រលើ​មូលដ្ឋាន​យោធា​នៅ​ទីក្រុង​Valencia​ប្រទេស​អេ​ស្ប៉ា​ញ​។ ដោយឡែក​អ្នក​ផ្សេងទៀត ធ្លាប់​ត្រូវ​ចាប់ខ្លួន​ក្នុងអំឡុងពេល​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១៤​។ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​មិន​បានបញ្ជាក់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​ពួកគេ​ទេ​។​

​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​បាន​ថ្លែង​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​ថា នេះ​គឺជា​ការប៉ុនប៉ង​ធ្វើឃាត​រូបលោក​យ៉ាង​ពិតប្រាកដ​។ លោក​បាន​ចោទថា​បក្សពួក​របស់​ប្រធានាធិបតី​ជិត​ផុត​អាណត្ដិ​កូឡុំប៊ី លោក​Juan Manuel Santos និង​មនុស្ស​មួយក្រុម​នៅ​អាមេរិក ជា​អ្នក​នៅ​ពីក្រោយ​ការប៉ុនប៉ង​សម្លាប់​លោក​។ ប៉ុន្ដែ​ភ្លាមៗ​រដ្ឋាភិបាល​កូឡុំប៊ី​បាន​បដិសេធ​ការចោទប្រកាន់ និង​ថា​លោក​ម៉ា​ឌូ​រ៉ូ​គ្មាន​ភស្ដុតាង​គ្រប់គ្រាន់​។ ចំណែក​អាមេរិក​តាមរយៈ​មន្ដ្រីជាន់ខ្ពស់​ក្រសួងការបរទេស​ម្នាក់​បាន​និយាយថា កំពុង​តាមដាន​យ៉ាង​យកចិត្ដទុកដាក់​ពី​ស្ថានភាព​នេះ​។ គួរ​បញ្ជាក់ថា អាមេរិក​ធ្លាប់​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡាទេ ហើយ​ថែមទាំង​បាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​ប្រធានាធិបតី និង​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត