ឥណ្ឌូនេស៊ី​បញ្ចុះបញ្ចូល អាមេរិកឲ្យ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពិសេស​

05-08-2018 3:34 pm 923
  ស្តាប់
លោកJoko Widodoប្រធានាធិបតី​ឥណ្ឌូនេស៊ីនៅខាងឆ្វេង​លោកMike Pompeoរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក
ស្តាប់ជាសំឡេង

​ប្រទេស​ឥណ្ឌូនេស៊ី បាន​បញ្ចុះបញ្ចូល​លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក ដើម្បី​រក្សា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​នៅក្នុង​បញ្ជី នៃ​បណ្តា​ប្រទេស ដែល​ទទួលបាន​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ពិសេស​។ ពោល ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​Joko Widodo បាន​និយាយ​អំឡុងពេល​ជួបពិភាក្សា​ជាមួយ​លោក Mike Pompeo​ក្នុង​ក្រុង​ចា​កាតា ថា ឥណ្ឌូនេស៊ី​សង្ឃឹម អាមេរិក​នឹង​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​(GSP)​សម្រាប់​ប្រទេស​នេះ​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​របស់​ឥណ្ឌូនេស៊ី បាន​និយាយ​នៅ​ថ្ងៃអាទិត្យ ៥ សីហា​នេះ ។​

​ការស្នើ​របស់​ឥណ្ឌូនេស៊ី​បែបនេះ ធ្វើឡើង ក្រោយ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក និយាយ​កាលពី​ខែមេសា​ថា ខ្លួន​កំពុង​ពិនិត្យមើល​ឡើងវិញ នូវ​សិទ្ធិ​ស្របច្បាប់​របស់​ប្រទេស​ឥណ្ឌូនេស៊ី រួមជាមួយ​ប្រទេស​ឥណ្ឌា និង​កា​ហ្សាក់​ស្ថាន សម្រាប់​ប្រើប្រាស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​។ ការពិនិត្យ​ឡើងវិញ​នេះ ដោយ​ផ្អែកលើ​កង្វល់ ចំពោះ​ការអនុលោម​ទៅតាម​ច្បាប់​សេវាកម្ម និង​លក្ខណៈវិនិច្ឆ័យ​វិនិយោគ​។ 

​ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឥណ្ឌូណេស៊ី​បាន​កាត់​បន្ថយពន្ធ​នាំចូល​ទៅ​អាមេរិក ក្នុងតម្លៃ​ប្រហែល ២ ពាន់​លាន​ដុល្លារ​។ ផលិតផល​ស្ថិតក្រោម​ការអនុគ្រោះ​ពន្ធ​មានដូចជា ផលិតផល​កសិកម្ម​, វាយ​ន​ភ​ណ្ឌ និង​ផលិតផល​ធ្វើ​ពី​ឈើ​ផងដែរ​។ នេះ​បើតាម​សមាគម​និយោជក​ឥណ្ឌូនេស៊ី បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ខែកក្កដា​។​

​គួរ​ជម្រាបជូនដែរ​ថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ តួលេខ​នាំចេញ​ផលិតផល​សរុប របស់​ឥណ្ឌូនេស៊ី ទៅកាន់​ទីផ្សារ​អាមេរិក​មានចំនួន​១៧,៨ ពាន់​លាន​ដុល្លារ​។ បើតាម​ទិន្ន័យ​ពី​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​ឲ្យដឹង​ដែរថា ប្រទេស​ឥណ្ឌូនេស៊ី មាន​អតិរេក​ពាណិជ្ជកម្ម​ចំនួន​៩,៧ ពាន់​លាន​ដុល្លារ ជាមួយ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន​៕

ព័ត៌មានផ្សេងទៀត