សិប្បកម្មច្នៃសំណល់ពោះវៀនយានយន្តមួយបង្កើតឡើងជាផ្នែកមួយជួយកាត់បន្ថយការបំពុលបរិស្ថាន

04-08-2018 11:28 am 1469
  ស្តាប់
លោក ឡាវ ចំរើន ម្ចាស់សិប្បកម្ម​សហគ្រាស​សង្គម SmartCraft ក្នុងកម្មវិធីតាំងពីព័រណ៍​នាពេលកន្លងមក ។ រូបថតផ្តល់ឱ្យ ។
ស្តាប់ជាសំឡេង

សិប្បកម្មសហគ្រាសសង្គមមួយកន្លែង បានចាប់យកការច្នៃសំណល់សំបកពោះវៀនយានយន្តផ្សេងៗ ទៅជាកាបូបប្រើប្រាស់ដ៏គួរឱ្យចាប់អារម្មណ៍ ។ ផលិតផលដែលផលិតចេញពីសំណល់ពោះវៀនទាំងនោះ មានដូចជា កាបូបដៃបុរស-នារី កាបូបយួរ កាបូបស្ពាយ កាបូបដាក់កាត ជាដើម ។ អ្វីដែលចាប់អារម្មណ៍ សិប្បកម្មនេះ មិនត្រឹមតែបានជួយដល់ជនពិការ ស្រ្តីរងគ្រោះ ឬជនក្រីក្រឱ្យទទួលបានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតប៉ុណ្ណោះទេ តែអ្វីដែលសំខាន់មួយទៀតនោះ សិប្បកម្មនេះបានចូលរួមចំណែកជួយកាត់បន្ថយការបំពុលចូលទៅកាន់បរិស្ថានមួយផ្នែកដែរ...

នៅក្នុងបន្ទប់ដែលមានទំហំប្រមាណ៤x៤ម៉ែត្រ អមជាមួយនឹងម៉ាស៊ីនដេរដោយដៃចំនួន២ គឺជាទីតាំងរោងជាងមួយកន្លែង របស់សិប្បកម្មសហគ្រាសសង្គម ដែលមានឈ្មោះថា Smart Craft ។ 

លោក ឡាវ ចំរើន ម្ចាស់សិប្បកម្មសហគ្រាសសង្គម Smart Craft បានប្រាប់វិទ្យុវាយោថាវត្ថុធាតុដើម ដែលសំខាន់បំផុតសម្រាប់សហគ្រាសរបស់លោក រួមមាន សំណល់ពោះវៀនយានយន្ត បាវស៊ីម៉ងត៍ ហើយបច្ចុប្បន្ន លោកទើបនឹងចាប់យកសំណល់កែបម៉ូតូចាស់ៗបន្ថែមទៀត ។ សំណល់ទាំងនេះ ត្រូវបានលោកប្រមូលយកមកច្នៃធ្វើជាកាបូបដៃ កាបូបដាក់កាត កាបូបយួរ ឬកាបូបស្ពាយជាដើម…
សំឡេងលោក ឡាវ ចំរើន ៖

លោកចំរើនបានប្រាប់បន្តថា កាបូបដៃបុរស-នារី គឺជាផលិតផលមួយដែលទទួលបានការគាំទ្រច្រើនពីអតិថិជន ។ យ៉ាងណាក៏ដោយ ម្ចាស់សិប្បកម្មរូបនេះបានអះអាងថា «ភ្ញៀវបរទេសបានគាំទ្រផលិតផលកែច្នៃដោយដៃពីសិប្បកម្មរបស់លោក ច្រើនជាងភ្ញៀវខ្មែរ ក៏ប៉ុន្តែ បច្ចុប្បន្នភ្ញៀវជាជនជាតិខ្មែរ ក៏បានចាប់ផ្តើមងាកមកគាំទ្រផលិតផលពីសិប្បកម្មរបស់លោកដែរ ដោយប៉ាន់ស្មានទៅមានប្រមាណជា២០ភាគរយ ។»

លោកបានបញ្ជាក់បន្តថា មូលហេតុដែលសិប្បកម្មលោកចាប់យកការកែច្នៃសំណល់ទាំងនោះ មកធ្វើជាវត្ថុប្រើប្រាស់ឡើងវិញ ក៏ព្រោះលោកមើលឃើញថា វាជាអាជីវកម្មមួយប្លែក និងមិនសូវមានអ្នកចាប់អារម្មណ៍ធ្វើ ហើយអ្វីដែលពិសេសនោះ គឺលោកមានបំណងចង់ចូលរួមកាត់បន្ថយការបំពុលបរិស្ថាន…
សំឡេងលោក ឡាវ ចំរើន ៖

«បើគិតជាមធ្យម ក្នុងមួយខែ សិប្បកម្មសហគ្រាសសង្គម Smart Craft បានផលិតចេញនូវផលិតផលសម្រេចបានប្រមាណ៦០០ - ៨០០ កាបូប ដែលចំនួននេះ គឺរាប់បញ្ចូលនូវកាបូបគ្រប់ប្រភេទ ។ ផលិតផលទាំងនេះ ត្រូវបានបែងចែកទៅកាន់ទីផ្សារតាមរយៈដៃគូចំនួន៤ទីតាំង នៅក្នុងទីក្រុងភ្នំពេញ ក៏ប៉ុន្តែលោកបានរៀបចំស្តុកទុក នៅទីតាំងធំមួយកន្លែង នៅម្តុំចាក់អង្រែក្រោម ។» នេះបើតាមការបញ្ជាក់ពីលោកឡាវ ចំរើន ។

ម្ចាស់សិប្បកម្មរូបនេះ បានបញ្ជាក់ប្រាប់បន្តថា ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ តែងលើកសរសើរពីគំនិតច្នៃប្រឌិត ក៏ដូចជា គំនិតនៃការចូលរួមថែរក្សា និងសម្អាតបរិស្ថានផងដែរ…
សំឡេងលោក ឡាវ ចំរើន ៖

សិប្បកម្មសហគ្រាសសង្គម Smart Craftបានចាប់ផ្តើមនៅក្នុងអំឡុងចុងឆ្នាំ២០១២ ។ គិតមកដល់បច្ចុប្បន្ន សិប្បកម្មនេះបានជួយដល់ជនងាយរងគ្រោះដូចជា ជនពិការ ជនក្រីក្រនិងស្រ្តីរងគ្រោះសរុបប្រមាណជាង៥០នាក់ឡើងទៅ ។ សព្វថ្ងៃ សិប្បកម្មរបស់លោក មានរោងជាងធ្វើនៅតាមផ្ទះចំនួន៤ទីតាំងក្នុងទីក្រុងភ្នំពេញ ។

បុរសវ័យ៤០ឆ្នាំរូបនេះបានរំឭកប្រាប់ថា ដោយទទួលបានចំណេះដឹងទាក់ទងនឹងការផលិតវត្ថុអនុស្សាវរីយ៍ពីកន្លែងការងារចាស់ លោកក៏បានចាប់បង្កើតអាជីវកម្មខ្លួនឯង ដោយចាប់យកវត្ថុធាតុដើមខុសប្លែកពីគេ ។ 

លោក ឡាវ ចំរើន ក៏មានពិការភាព ដោយស្វិតដៃខាងស្តាំពីកំណើតដែរ ដោយហេតុនេះហើយ ទើបគាត់យល់អារម្មណ៍ និងយល់ពីផលវិបាកនៃការស្វែងរកការងាររបស់ជនពិការ ។ លោកអះអាងថា ផលិតផលសម្រេចនៃសិប្បកម្មរបស់លោក បានទាំងជួយដល់ជនពិការ និងជួយកាត់បន្ថយការបំពុលបរិស្ថាន ។

ម្ចាស់អាជីវកម្មរូបនេះ បានរៀបរាប់ប្រាប់ថា ចាប់តាំងពីបើកដំណើរការមក កត្តាដើមទុន និងទីផ្សារ គឺជាបញ្ហាប្រឈមចម្បងបំផុត ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន ដោយសារផលិតផលនេះ មានគុណភាពល្អ និងមានវត្ថុធាតុដើមខុសប្លែកពីគេផងនោះ ក៏បានធ្វើឱ្យអាជីវកម្មរបស់លោក បានចាប់ផ្តើមមានការទទួលស្គាល់ពីសំណាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ។

លោក ឡាវ ចំរើនបានរៀបរាប់ថា ជាក្តីសុបិនរបស់លោកទៅថ្ងៃខាងមុខ លោកមានគម្រោងពង្រីកទីផ្សារ ដើម្បីជួយគាំទ្រឱ្យជនពិការទទួលបានការងារច្រើន បន្ថែមចំណូលដល់ពួកគាត់ ជាពិសេស សិប្បកម្មនេះ នឹងបន្តពង្រឹងគុណភាព និងបង្កើនម៉ូដឱ្យបានកាន់តែច្រើន ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអតិថិជន ។

ជាមួយគ្នានេះ លោកលើកឡើងថា ប្រជាពលរដ្ឋខ្មែរទូទៅគួរតែនាំគ្នាជួយដល់បរិស្ថាន តាមរយៈការកែច្នៃវត្ថុដែលឈប់ប្រើប្រាស់ យកមកប្រើឡើងវិញ ជាជាងយកវាទៅដុត ឬចោលក្នុងគំនរសំរាមជាដើម ដែលអាចប៉ះពាល់ដល់បរិស្ថានជុំវិញខ្លួន…
សំឡេងលោក ឡាវ ចំរើន ៖

ព័ត៌មានផ្សេងទៀត