រដ្ឋបាលខេត្តស្ទឹងត្រែងប្រកាសស្វែងរកការឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះទឹកជំនន់ជាង១ពាន់គ្រួសារ

02-08-2018 5:38 pm
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តស្ទឹងត្រែងនាពេលកន្លងមក ។ រូបថតពី រដ្ឋបាលខេត្តស្ទឹងត្រែង ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៃរដ្ឋបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់ប្រជាពលរដ្ឋ សប្បុរសជននានា ចូលរួមជួយឧបត្ថម្ភដល់ជនរងគ្រោះពីទឹកជំនន់ជាង១ពាន់គ្រួសារ ក្រោយជំនន់ទឹកភ្លៀង ក៏ដូចជាទឹកជំនន់បាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ខេត្តអត្តពឺ ប្រទេសឡាវ បានចាប់ផ្តើមស្រក ។ នេះបើតាមការបញ្ជាក់ពីលោក ម៉ែន គុង នាយករងរដ្ឋបាលសាលាខេត្តស្ទឹងត្រែង ។

លោក ម៉ែន គុង បញ្ជាក់ថា សប្បុរសជនអាចចូលរួមជួយឧបត្ថម្ភជាថវិកា ស្បៀងអាហារ សម្ភារបរិក្ខា ឬមធ្យោបាយផ្សេងៗ សម្រាប់ចូលរួមជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីនាំយកផ្តល់ជូនប្រជាពលរដ្ឋនៅតាមតំបន់ដែលរងផលប៉ះពាល់ទាំងអស់ក្នុងខេត្តស្ទឹងត្រែង ។

គូសបញ្ជាក់ថា គិតមកត្រឹមម៉ោង១០:១៥នាទីព្រឹក ថ្ងៃទី០២ ខែសីហា ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តស្រកចុះមកនៅត្រឹមកម្ពស់ ១០,៧៩ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១០,៧០ ម៉ែត្រ ។ យ៉ាងណាក៏ដោយ បើតាមការព្យាករណ៍ ទឹកទន្លេមេគង្គស្ទឹងត្រែងនឹងបន្តស្រកចុះនៅថ្ងៃទី០៣ ខែសីហា ត្រឹមកម្ពស់១០,៥៣ ម៉ែត្រ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី០២ ខែសីហា ។

ជាបន្តសូមស្តាប់កិច្ចសម្ភាសន៍រវាងលោក ម៉ែន គុង នាយករងរដ្ឋបាលសាលាខេត្តស្ទឹងត្រែង និងគង់ ឧត្តម ក្នុងនាទីហេតុការណ៍សំខាន់ ដូចតទៅ…

ព័ត៌មានផ្សេងទៀត