កុំ​ធ្វើឱ្យ​​សង្គម​​ខ្មែរ​​ប្រែជា​​សង្គម​​«​ថ្នាំ​ពណ៌​»!​

02-08-2018 3:31 pm 1456
  ស្តាប់
ស្តាប់ជាសំឡេង

​វប្បធម៌​លាប​ពណ៌​នយោបាយ​និង​ការចោទប្រកាន់​គ្នា​ក្នុង​ក្របខណ្ឌ​នៃ​និន្នាការ​នយោបាយ​នៅតែ​ពេញនិយម សម្រាប់​សង្គម​ខ្មែរ​បើទោះបីជា​សង្គម​មួយ​នេះ ធ្លាប់​រងគ្រោះ​កាលពី​អតីតកា​លក្តី​។​ថ្មីៗ​ក្រោយ​ការបោះឆ្នោតជាតិ នីតិកាល​ទី​៦ ចលនា​នៃ​ការ​លាប​ពណ៌​រវាង​ប្រជាជន​ខ្មែរ​គ្នាឯង ត្រូវបាន​គេ​មើលឃើញថា លេចឡើង​ស្ទើ​គ្រប់តំបន់​ដែល​បង្កជា​ក្តីបារម្ភ​។​តើ​ហេតុអ្វី​បានជា​«​វប្បធម៌​លាប​ពណ៌​គ្នា​នៅតែ​បន្ត​មាននៅ​កម្ពុជា​»? សូម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​

​បើទោះបីជា​កម្ពុជា​ជ្រក​ក្រោម​ស្លាក​លទ្ធិប្រជាធិបតេយ្យ​ជាង​២​ទស្សវត្ស​ក្តី តែ​ជាង​ពីរ​ទសវត្ស​មកនេះ​រូបភាព​នៃ​ការប្រកួតប្រជែង​ខាង​ផ្នែក​នយោបាយ បាន​កើន​ចេញ​ជា​ហូរហែ ជាពិសេស វប្បធម៌​លាប​ពណ៌​នយោបាយ​រវាង​ខ្មែរ​គ្នាឯង​។​វប្បធម៌​ដ៏​អាក្រក់​មួយ​នេះ​គេ​មើលឃើញថា នៅតែ​បន្ត​តាម​លងបន្លាច និង គំរាម​គំហែង​ដល់​ដំណើរការ​អភិវឌ្ឍ​នៃ​សង្គម​ខ្មែរ មកដល់​ពេល​នឹង​សព្វថ្ងៃ​។​

​ថ្មីៗ​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គេ​ឃើញ​មាន​ចលនា​នៃ​ការ​លាប​ពណ៌​របស់​ប្រជាជន​ខ្មែរ​គ្នាឯង បាន​លិចឡើង​ស្ទើ​គ្រប់តំបន់​ក្នុងប្រទេស​កម្ពុជា តាមរយៈ​សំគាល់​ចង្អុល​ដៃ​។ ចង្អុល​ដៃ មានន័យថា ពលរដ្ឋ​មិនមាន​ចង្អុលដៃ​ប្រលាក់​ទឹកខ្មៅ​ឬ​មិនបាន​ទៅ​បោះឆ្នោត ត្រូវបាន​ចាត់ទុកជា​អ្នកប្រឆាំង​ហើយ​ប្រជាជន​ទាំងនោះ នឹង​ត្រូវបាន​អាជ្ញាធរ​ផាត់​ទុក​មួយ​ដុំ និង ឃ្លាំមើល​យ៉ាង​តឹងរឹង​នេះ​បើតាម​ការ​ប្រាប់ឱ្យដឹង​របស់​ពលរដ្ឋ​។ រូបភាព​បែបនេះ បង្ក​ជា​ក្តីបារម្ភ​ដល់​សង្គម​ខ្មែរ​។​

​ទំនងជា​មើលឃើញ​យ៉ាង​ដូច្នេះហើយ បានជា​រាជរដ្ឋាភិបាល​ខ្មែរ បាន​ទទូច​ដល់​ប្រជាពលរដ្ឋ និង អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កុំ​ធ្វើ​ការចោទប្រកាន់ ឬ​លាប​ពណ៌​គ្នា​ទៅវិញទៅមក រវាង​អ្នក​បាន​ទៅ​បោះឆ្នោត និង​អ្នក​មិនបាន​ទៅ​បោះឆ្នោត​។​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី​០២ សីហា​នេះ​បាន​អំពាវនាវ​កុំឱ្យ​មាន​ការរើសអើង រវាង​អ្នក​បាន​ទៅ​បោះឆ្នោត​និង​អ្នក​មិនបាន​ទៅ​បោះឆ្នោត​។​សម្រាប់​លោក​ការរើសអើង​នេះ អាច​បង្កើតឱ្យមាន​ជម្លោះ​នៅតាម​ភូមិ​ឃុំ និង​នៅតាម​សហគមន៍​នានា​។​

​ជា​ការពិត ទម្លាប់​លាប​ពណ៌​ឱ្យ​ខ្មែរ​គ្នាឯង​គឺ​បាន​ចាក់​ឬ​ស​យ៉ាងជ្រៅ​ក្នុងសង្គម​ខ្មែរ​ជា​យូរយា​ណាស់​មកហើយ​។​វប្បធម៌​លាប​ពណ៌​នយោបាយ​ធ្លាប់បាន​រុញច្រាន​កម្ពុជា​ឱ្យ​ធ្លាក់​ទៅក្នុង​សង្គ្រាមស៊ីវិល និង​វិបត្តិ​នយោបាយ​ម្ដង​ហើយ​ម្ដងទៀត​។​ប៉ុន្តែ​ជា​រឿង​គួរឱ្យ​សោកស្ដាយ ដែល​ទម្លាប់​ទាំងនេះ​នៅតែ​មិនទាន់​ប្រែប្រួល​នៅឡើយ​រហូតមកទល់​បច្ចុប្បន្ន​។​

​ហេតុអ្វី​បានជា​«​វប្បធម៌​លាប​ពណ៌​គ្នា​នៅតែ​បន្ត​មាននៅ​កម្ពុជា​»?

​ចម្លើយ​អាចមកពី ការខ្វះ​ព័ត៌មាន​ពិត​ឬ ការផ្តល់​ព័ត៌មាន​ក្លែងក្លាយ​។ ប្រសិនបើ​ពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ក្លែងក្លាយ ធ្វើឱ្យ​ការសម្រេចចិត្ត​របស់គាត់ ខុស និង​ងាយ​ជឿ​តាម​ការ​ញុះញង់​របស់​អ្នកនយោបាយ ឬ​អ្នកមានអំណាច​មួយ​ចំ​មួយចំនួន​។ ជាទូទៅ​វប្បធម៌​លាប​ពណ៌​គ្នា ភាគរយ​ច្រើន​បង្កឡើង​ដោយសារតែ​អ្នកនយោបាយ ដែល​ចង់បាន​អំណាច និង សំឡេងគាំទ្រ​។ ដើម្បី​ទទួលបាន​ការគាំទ្រ គេ​ហ៊ាន​ធ្វើ​គ្រប់បែបយ៉ាង ទោះ​ទង្វើ​នោះ​រំលោភ​លើ​ច្បាប់​ក្តី ដោយ​មិន​ខ្វាយខ្វល់​ពី​ផលប៉ះពាល់​សង្គម​ឡើយ​។​

​ប្រវត្តិសាស្ត្រ​ពី​ខាងដើម បាន​បង្ហាញថា​ការផ្លាស់ប្ដូរ​ពី​របប​មួយ​ទៅ​របប​មួយ​អ្នកនយោបាយ​តែង​កេងចំណេញ​ពីគ្នា​ផ្តួលរំលំ​គ្នា បំផ្លាញ​គ្នា​ទៅវិញ​មក តាមរយៈ​វប្បធម៌​លាប​ពណ៌​គ្នា​នេះ​។​ប៉ុន្តែ​ភាពគ្រោះថ្នាក់ របស់​ប្រទេសជាតិ​និង​វាសនា​អនាគត​របស់​យុវជន​ជារឿយៗ​ពុំ​ឃើញ​មាន​អ្នកទទួលខុសត្រូវ​នោះឡើយ ដូច​សម័យ​ខ្មែរក្រហម​ដែលមាន​ស្រាប់​។​បញ្ហា​នេះ​កំពុង​ស្ថិតនៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ក្នុងសង្គម​ខ្មែរ និង​កំពុង​ក្លាយជា​ជំងឺ​របស់​អ្នកនយោបាយ​។​

​ដូច្នេះ​ដើម្បី​បញ្ចប់​ការ​លាប​ពណ៌​គ្នា​ឬ​ចោទប្រកាន់​គ្នា​ដោយ​ខុស​ការពិត​។​អ្នកជំនាញ​ធ្លាប់​ផ្តល់​ជា​គំនិត​ថា ខ្មែរ​ត្រូវតែ​ពង្រឹង​លើ​ការសិក្សា​ស្រាវជ្រាវ​ហើយ​ត្រូវមាន​អ្នកជំនាញ​ខាង​ស៊ើបអង្កេត​ច្បាស់លាស់ និង ឯករាជ្យ​ពង្រឹង​យន្តការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ​។ ចំណែក​តុលាការ​ត្រូវតែ​ឯករាជ្យ​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ដែល​ត្រូវគេ​ចោទប្រកាន់​ទើប​អាច​ជៀស​ផុតពី​គ្រោះថ្នាក់​ពី​ការ​លាប​ពណ៌​គ្នា​។​

​ក្នុង​យុគសម័យ​ថ្មី​នេះ​ វប្បធម៌​លាប​ពណ៌​គ្នា​ គួរ​ត្រូវតែ​បញ្ចប់​។​អ្នកនយោបាយ​គួរតែបង្កើត​វប្បធម៌​ប្រកួតប្រជែង​គ្នា​ដោយ​ប្រើតែ​គោលនយោបាយ​បង្ហាញ​អ្នក​បោះឆ្នោតឱ្យ​ជ្រើសរើស​ជំនួស​ឱ្យ​ការប្រើ​ពាក្យសម្ដី​លាប​ពណ៌ ឬ​ល្បិច​ពិសពុល​វាយប្រហារ​គ្នា​។​

​រីឯ​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ក៏​គួរតែ​ជួយ​កែប្រែ​អ្នកនយោបាយ តាមរយៈ​ការបោះឆ្នោត​ឱ្យ​អ្នកនយោបាយ​ណា​ដែលមាន​ស្នាដៃ​និង​សីលធម៌​ល្អជា​គំរូ​ជាជាង​បោះឆ្នោតឱ្យ​អ្នក​ដែល​ពូកែ​តែ​ប្រើល្បិច ប្រើ​ពាក្យសម្ដី​លាប​ពណ៌ ជេរប្រមាថ​ដែល​មិន​ផ្តល់​ជា​ប្រយោជន៍​សម្រាប់​សង្គមជាតិ​៕

ព័ត៌មានផ្សេងទៀត